ជីវិតនយោបាយ មិនចេះស្លាប់

ដោយ អាចារ្យថាំ

អ្នកនយោបាយជោកជាំ ទោះបីជាចូលដល់វ័យជរា ទុរន់ទុរា ដើរកាន់ឈើច្រត់ ក៏គាត់មិនភ្លេចនយោបាយឡើយ បើខ្លួនចូលប្រឡូកផ្ទាល់លែងកើត ក៏ជំរុញកូនចៅសហការីឱ្យទៅធ្វើជំនួស។ ករណីអ្នកវិភាគលើកឡើងថា លោកកឹម សុខា នឹងបញ្ចប់ជីវិតនយោបាយ ក្រោយពេលបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២នេះ គ្រាន់តែថាឱ្យតែរួចពីមាត់ប៉ុណ្ណោះ ឬទម្លាក់ថ្លៃ លោកកឹម សុខា ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ជីវិតនយោបាយ មិនចេះស្លាប់” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លោករស់ សារ៉ុម អ្នកវិភាគនយោបាយ-សង្គម បានផុសសំណេរតាមហ្វេសប៊ុក ជាអាទិ៍ថា “ជីវិតនយោបាយកឹម សុខា ស្លាប់ហើយ គ្រាន់តែព្រលឹងនៅវិលវល់ប៉ុណ្ណោះ ក្រោយបោះឆ្នោតឃុំ-សង្កាត់ខែក្រោយ ទើបកឹម សុខា ដឹងថា ជីវិតនយោ- បាយខ្លួនស្លាប់មែន”។

ការវិភាគបែបបន្តុះបង្អាប់នេះ គឺមកពីអ្នកវិភាគ មិនចូលចិត្តលោកកឹម សុខា ដែលស្ងៀមស្ងាត់ សំងំសមាធិក្នុងផ្ទះ ទោះជាជាប់សំណាញ់ច្បាប់ ក៏ “គាត់មិនទាន់មានទោស” ហេតុអ្វីមិននិយាយរឿងនយោបាយខ្លះ? ចំណុចអវិជ្ជមាននេះហើយ បានជាលោករស់ សារ៉ុម “ទម្លាក់ថ្លៃលោកកឹម សុខា” ថា “ងាប់នយោបាយ” នោះ ដែលតាមពិត អ្នកវិភាគក៏ដឹងដែរថា នយោបាយ មិនងាយដាច់ខ្យល់ទេ តែថាអ៊ីចឹងបណ្តោយទៅ ឱ្យឆាប់ចប់។

សម្រាប់ “នគរធំ” មិនបន្តុះបង្អាប់ទម្លាក់ថ្លៃអ្នកនយោបាយណាទេ មានតែជួយលើកទឹកចិត្តឱ្យប្រឹងប្រែងស្ទុះស្ទាទៅ មុខទៀត ដោយមានទស្សនៈ ថា “ជីវិតនយោបាយ មិនចេះស្លាប់” ចំណែកលោកកឹម សុខា ខំសន្សំទុននយោបាយ តាំងពី នៅជ្រកកោនក្នុងបក្សលោកតាសឺន សាន រហូតពេលនេះ ទោះជាគាត់ជាប់ចោទពីបទ “សន្ទិដ្ឋភាពជាមួយបរទេស” ក៏គាត់មិនទាន់មានទោស ដូច្នេះ រឿងអីទៅថា “ជីវិតនយោបាយគាត់ស្លាប់នោះ?”។

“នយោបាយ” ជាពាក្យផ្សំរវាង “នយ ៎ ឧបាយ” ដែលមានន័យថា “ឧបាយកលយ៉ាងប៉ិនប្រសប់ទាក់ទងនឹងការគ្រប់-គ្រងរដ្ឋ ឬគណបក្ស” ដោយមានយុទ្ធសាស្ត្រខុសៗគ្នា ចេញពីអ្នកនយោបាយម្នាក់ៗ។ នយោបាយ ជាថ្នាំញៀនម៉្យាង ធ្វើឱ្យ ញៀនញ៉ាមដាមស្អិត បោះបង់ចោលមិនបានឡើយ គឺធ្វើរហូតដល់អាយុសង្ខារចាកឋានពីលើលោកនេះ ប៉ុន្តែបើនៅមាន ដង្ហើមចេញចូល មិនអាចបោះបង់វាបានជាដាច់ខាត។

ជាក់ស្តែង សម្តេចឪ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ធ្វើនយោបាយ តាំងពីនៅជាព្រះមហាក្សត្រ នៃរាជា-ណាចក្រទី១ ក្រោមអំណាចបារាំង។ ព្រះអង្គដឹកនាំព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ បន្ថែមពីលើចលនាអ្នកស្នេហាជាតិ ឯទៀត ក្នុងក្រុមខ្មែរឥស្សរៈ ខ្មែរសេរី ខ្មែរក្រហម រហូតដណ្តើមបានឯករាជ្យ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣។

ក្រោយពេលដាក់រាជ្យ ដឹកនាំចលនាសង្គមរាស្ត្រនិយម ក៏សម្តេចសហជីវិន ប្រឡូកក្នុងនយោបាយយ៉ាងពេញទំហឹង។ ក្រោយរដ្ឋប្រហារ ព្រះអង្គបានដឹកនាំ “រណសិរ្សរួបរួមជាតិកម្ពុជា” ប្រយុទ្ធប្រឆាំងរបបលន់ នល់ ដែលមានអាមេរិក ពីក្រោយ រហូតដណ្តើមបានជ័យជម្នះថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ប៉ុន្តែជាអកុសល ព្រះអង្គភ្លាត់ស្នៀតឱ្យប៉ុល ពត ដណ្តើមអំណាច ឬប្លន់ ជយភណ្ឌបាន។

នៅព្រះជន្មចុងក្រោយ ទោះបីជាព្រះអង្គចូលនិវត្តន៍ពីឆាកនយោបាយ ក៏តាមដាន ឃ្លាំទតមើលបញ្ហាជាតិ មិនធ្វេស ឡើយ បានទាំងផ្តល់ព្រះរាជដំបូន្មានដល់អ្នកនយោបាយគ្រប់រូបថា “បើខ្មែរបែកសាមគ្គីនឹងស្លាប់” បានទាំងបង្រួបបង្រួម អ្នកនយោបាយឱ្យ “ចែកគ្នារស់” មុននឹងព្រះអង្គសោយព្រះទិវង្គត មានន័យថា “ជីវិតនយោបាយ មិនចេះស្លាប់” នេះឯង ដរាបណានៅមានដង្ហើមដកចេញចូល លុះចាកឋានទៅ ទើបនយោបាយស្លាប់ទៅតាមបុគ្គល ប៉ុន្តែសាវ័ក ឬសហការី បាន យកយុទ្ធសាស្ត្រនយោបាយនោះទៅអនុវត្តបន្តទៀត។

រដ្ឋបុរសសំខាន់ៗ លើលោក ដូចជា ឡេនីន (សូវៀត) ម៉ៅសេទុង (ចិន) ហ៊្វីដែល កាស្ត្រូ (គុយបា) សឺកាណូ (ឥណ្ឌូ-នេស៊ី) ហូ ជីមិញ (វៀតណាម) ណែលសុន ម៉ង់ដេឡា (អាហ្វ្រិកខាងត្បូង)៘ បានធ្វើនយោបាយប្តូរស្លាប់រស់ ធ្លាប់ជាប់ គុកច្រវាក់ រត់ចោលស្រុក រងរបួសស្នាមក្នុងសង្គ្រាម ព្រោះតែនយោបាយ។ កាលពួកគាត់នៅរស់ ប្រឹងធ្វើនយោបាយ យ៉ាង ស្វិតស្វាញ ដណ្តើមអំណាចរដ្ឋមកគ្រប់គ្រង ទោះបីជាគាត់ចាស់ជរាទុរន់ទុរាយ៉ាងណាក៏មិនលះបង់នយោបាយ។ ទីបំផុត នៅ ពេលពួកគាត់អស់អាយុសង្ខារ ទើបបញ្ចប់ជីវិតនយោបាយនោះ ប៉ុន្តែទ្រឹស្តីនយោបាយ ត្រូវបានសាវ័ក សហការី ឬកូនចៅ យកទៅអនុវត្តបន្តទៀត។

ដូច្នេះ ករណីលោកកឹម សុខា ដែលញៀនញ៉ាមនយោបាយ តាំងពីសក់ខ្មៅ ដល់សក់ល្បាយអាចម៍ខ្លា ក៏ខំលាបថ្នាំឱ្យខ្មៅ ងាយស្រួលបញ្ចោញទ្រឹស្តីនយោបាយដូចកាលនៅក្មេង។ ទោះបីជាតុលាការពន្យារនីតិវិធី ១០ឆ្នាំទៀត ក៏ជីវិតនយោបាយ លោកកឹម សុខា “មិនស្លាប់ឡើយ” ដរាបណាអាយុសង្ខារគាត់មិនទាន់លាចាកលោកនេះ។ ឧបមាថា គាត់អស់ព្រេងសំណាង ពីលើផែនដីនេះ ក៏នៅមានកូនស្រីទាំងពីរបន្តវេននយោបាយពីឪពុក ឬក៏មានសហការីជំនិតគាត់ យកទ្រឹស្តីគាត់ទៅប្រើទៀត។

យើងឃើញហើយ គណបក្សប្រជាជនកម្ពុជា (ជភភ) បានរក្សាគោលការណ៍នយោបាយបន្តពីបុព្វការីជន ទូ សាមុត និងសឺង ង៉ុកមិញ ហៅអាចារ្យមៀន។ ពួកប្រឆាំងរាប់សិបគណបក្ស ជាពិសេស “ភ្លើងទៀន” ដែលមានតំណពូជពីគណបក្ស សង្គ្រោះជាតិ (ជណភ្រ) បានរក្សាគោលការណ៍ប្រជាធិបតេយ្យ ពីបុព្វការីជន ស៊ីសុវត្ថិ យុត្តិវង្ស, អៀវ កើស ឆ្លងមកដល់ លោកតា សម ញាណ សម សារី (ជីតានិងឪពុកលោកសម រង្ស៊ី)។

បុព្វការីជនទាំងនោះ នៅសល់តែអដ្ឋិធាតុតម្កល់ក្នុងចេតិយ ប៉ុន្តែបានទុកទ្រឹស្តីនយោបាយឱ្យសាវ័កគ្រប់រូបយកទៅ អនុវត្ត ទោះជាចាញ់ឬឈ្នះ ក៏មានឈ្មោះថាជា “អ្នកបន្តវេន”។

ករណីលោករស់ សារ៉ុម ចេញការវិភាគថា “ជីវិតនយោបាយកឹម សុខា ស្លាប់ហើយ” នោះគាត់គ្រាន់តែថាលេងទៅ ព្រោះ ធ្វើជាអ្នកវិភាគ មិនមែនល្ងង់ទេ អាចមើលឃើញភាពបត់បែនរបស់នយោបាយទៅអនាគត ប៉ុន្តែ បានជាអ្នកវិភាគបង្អាប់ យ៉ាងនេះ ព្រោះតែលោកកឹម សុខា “មិនហ៊ានចេញទ្រឹស្តីនយោបាយ” ឱ្យចំៗដូចគេ ឬ “អេះមិនចំរមាស់” ធ្វើដូចខ្លាចគុកណាស់ អ៊ីចឹង។

បើសិនជាលោកក្លាហាន ដូច “តេជោ យ៉ត” ដែលហ៊ានបំពាក់ឃ្នាងជាប់កឱ្យសេនាបណ្តើរទៅថ្វាយស្តេចកាត់ទោស ពាក់ព័ន្ធឃាតកម្មអ្នកម្នាងនូ តែស្តេចមិនហ៊ានយកទោសនោះ ក៏អ្នកវិភាគមិនហ៊ានបន្តុះបង្អាប់លោកកឹម សុខា នោះដែរ។

“ជីវិតនយោបាយ មិនចេះស្លាប់” ជាក់ស្តែងទ្រឹស្តីអមតៈរបស់ព្រះបាទជយវរ្ម័នទី៧ ថា “ការឈឺចាប់របស់ប្រជារាស្ត្រ គឺជា ការឈឺចាប់របស់ព្រះអង្គ” នៅតែគង់វង្សជានិរន្តរ៍ គ្មានអានុភាពអ្វីអាចលុបបំបាត់ព្រះរាជទ្រឹស្តីដ៏ពិសិដ្ឋនេះទេ។ ស្រដៀង សុភាសិតខ្មែរថា “ទូកទៅ កំពង់នៅ” ទោះជាខ្លួនបាត់បង់ជីវិត ក៏កេរមរតកនយោបាយ មិនចាកចោលមាតុភូមិ។

សរុបទៅ “ជីវិតនយោបាយ មិនចេះស្លាប់” ចង់ផ្តោតទៅលើជីវិតនយោបាយលោកកឹម សុខា មិនស្លាប់ឡើយ ទោះបី ជាអ្នកវិភាគបន្តុះបង្អាប់យ៉ោងណាក៏ដោយចុះ។ អ្នកវិភាគក៏ដឹងថា នយោបាយមិនស្លាប់ដែរ តែគាត់បង្អាប់ខ្លះទៅ ព្រោះ ឃើញលោកកឹម សុខា ស្ងៀមស្ងាត់ បែរជាបណ្តែតបណ្តោយឱ្យកូនចៅសហការីជេរប្រទេចគ្នា ធ្វើឱ្យខូចនយោបាយប្រជា-ធិបតេយ្យ…’