មាស សុខសោភា ៖នៅតែមិនទាន់បំពេញបំណង​ធំឲ្យ​ម្ដាយ

ភ្នំពេញ៖នៅថ្ងៃទិវាមាតាអន្ដរជាតិកាលពីថ្ងៃទី៨ខែឧសភា តារាចម្រៀងមាស ​​​សុខសោ​ភាបាន​បង្ហា​ញភាពកត្តញូ​ចំពោះ​ម្ដាយនាងតាមរយៈការថ្វាយបង្គំ និងចាត់ទុកម្ដាយជាព្រះរស់ហើយ​នាង​បានបញ្ចេញនិងច្រៀងឡើងវិញ​បទ”លើលោកនេះ ខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ” និងបទ​”បំ​ពេរម្ដាយ”ដើម្បីឲ្យត្រូវជាមួយនិងសកម្មភាពរបស់​នាង​ជាមួយម្ដាយទៀតផង។អ្នកគាំទ្រសុខសោភា ជាច្រើនបានសរសើរនិងគាំទ្រចំពោះនាងដែលបង្ហាញ​គំរូល្អដល់​យុវវ័យឲ្យគិតគូចំ​ពោះ​​អ្នកមានគុណនៅពេលដែលគាត់នៅមានជីវិតហើយក៍មានអ្នកសំណូមពរឲ្យសោភា បញ្ចេ​​​​ញបទចម្រៀងថែមទៀតទាក់ទងគុណឪពុកម្ដាយផងដែរ។ប៉ុន្ដែសុខសោភា ដែល​កំ​ព្រា​ឪពុក​តាំងពីនាងនៅតូច​នោះ​ត្រូវ​បានគេមើលឃើញថា​ទោះជាពេលនេះនាងមានមានជីវ​ភាព​ល្អប្រសើរ និងសម្រេចបានផែនការណ៍​ក្នុង​ជីវិតភាគច្រើន​ទៅហើយដូចជាមានផ្ទះវី​ឡារ,រថ​យន្ដ​ទំនើបជិះ និងបើកហាងដល់ទៅ២ព្រមគ្នាធ្វើឲ្យនាងក្លាយ​ទៅជា​ថៅកែស្រីក្នុងពេលតែ​មួយ​ក្ដី ប៉ុន្ដែសោភា នៅតែមិនទាន់អាចបំពេញកិច្ចការធំជូនអ្នកមានគុណ​របស់​នាង​ដដែល​។បើតាមតារាដែលជិតស្និតសុខសោភា បានបង្ហើបឲ្យដឹងថាម្ដាយសុខសោភា អ្នកស្រីសុខ ​​វិលន់ ដែល​ជាអតីតបុគ្គ​លិក​មន្ទីឧស្សាហកម្មនៅខេត្តកំពង់ស្ពឺ នោះចង់ឃើញសុខសោភា ដែល​មានឈ្មោះ​ក្រៅហៅ​ថាស្រី​អូន នោះរៀបការជាចំហដូចតារាល្បីៗទៀត​ព្រោះលោក​ស្រីក៍​អន្ទះសារចង់បានចៅ​ព​ដូចគេដែរ។តែរឿង​ទាំងពីរ​នេះបែជាមិនទាន់ត្រូវបានសោភា បំពេញ​ជូន​អ្នកស្រីវិលន់ នោះទេ បើទោះជាអ្នកចម្រៀងសំនៀងផ្អែមរូបនេះ​បាន​ផ្ដល់​នូវការស្រលាញ់​ចំពោះម្ដាយស្ទើលេបគ្រប់ពេលវេលាក្ដី។

សូមបញ្ជាក់ថាមាស សុខសោភា រស់នៅអត់ម្ដាយតាំងពីនាងនៅតូចៗម្លេះ ព្រោះឪពុក​របស់នាងលោកមាស សា​រឹម ដែលជាអតីតប្រធានមន្ទីឧស្សាហកម្មខេត្ត​កំពង់ស្ពឺបានលា​ចោ​ល​លោកចោលនាង។សោភា ចេញច្រៀង​សម្ដែង​សឹងគ្រប់ឆាកតន្រ្ដីតែងតែមាន​ម្ដាយនាង​តាម​ជានិច្ច ដើម្បីរៀបចំសម្លៀកបំពាក់និងតុបតែងកាយឲ្យនាង ហេតុនេះហើយអាជីពសិល្បៈ​របស់​នាងបានដើរមកដល់ចំណុចនេះគឺមួយផ្នែក​ដោយសារតែមានម្ដាយនៅគាំ​ទ្រពីក្រោយខ្នង។យ៉ាងណាពេលនេះសុខសោភា កាន់តែមានអាយុច្រើនដែរហើយ ហេតុនេះបើនាងនៅតែ​ពន្យា​ពេល​យកកូនទៀតនោះច្បាស់ជាធ្វើឲ្យម្ដាយ​នាងប្រឈមអត់ចៅ​ពជាមិនខាន​។សម្រាប់​សុខសោភា ផ្ទាល់វិញក៍​ធ្លាប់​ប្រាប់អ្នកយកព័តមានយើងថា​នៅពេលដែលមនុស្សមានអាយុ​ច្រើន​គឺ​ពិបាករឿងយកកូននេះឯង។

 មាស សុខសោភា បានភ្ជាប់ស្នេហ៍អាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា កាល​ពីឆ្នាំ២០០៧ ដែលចំ​ណង​ស្នេហ៍ឆ្លងទ្វីពរយៈពេល១៥ឆ្នាំនេះនាងធ្លាប់រៀបការ២​លើកមក​ហើយ​ពោលគឺ​កាលពី​ឆ្នាំ២០០៨ សោភា បានរៀប​ការតាមបែបសាសនាគ្រិស្ដ​នៅព្រះវិហារ​មួយនៅកាណាដា ដោយគ្រាន់តែបំពាក់ជញ្ជៀន​ឲ្យគ្នាទៅវិញ​ទៅ​មក​ប៉ុណ្ណោះ។នៅថ្ងៃទី២៨ខែ​ធ្នូ​ឆ្នាំ២០០៩ សុខ​សោភា បានរៀបកាម្ដងទៀតជាមួយលោករ៉ាដា តាមបែបប្រពៃណីខ្មែរ តែពិ​ធីនោះធ្វើ​បែប​​លាក់លៀមហើយភ្ញៀវដែលទៅចូលរួមគេឃើញមានតែលោកឆន សុវណ្ណារាជ និងញឹម ចាន់​ថន ប៉ុណ្ណោះដែលឡើងគួចដៃ ។ដោយសារតែការក្រាបផ្ទឹមទាំង២ដងមិនបើក​ចំហដូច​គ្នានោះហើយទើបធ្វើ​ឲ្យលេច​ឭថាសោភា ចង់រៀបការជាសាធារណៈដូចឱក សុគន្ធ​កញ្ញា និង​សុគន្ធ និសា ជាដើមតាំងពីឆ្នាំ២០២១ ម្លេះ  តែគម្រោងនេះត្រូវស្ទះដោយ​សារតែ​រឿងកូវីដ ហើ​យ​ស្រាប់តែពេលនេះសោភា បែជាស្ទាក់ស្ទើ​ចិត្តលែង​ចង់ការលើកទី៣ទៅវិញ។

  មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងដោយចម្លើយប្រែប្រួលម្ដងថា​អាច​នឹង​រៀបការនៅ២​ទៅ៣​ឆ្នាំទៀត តែពេលខ្លះនាងបែជាថាមិនដែលមានចិត្តចង់​រៀបការជាចំហ​ម្ដងណាឡើយ។យ៉ាងណាមានតែ​ការរៀប​ការជាសាធារណៈប៉ុណ្ណោះដែលអាចបើកផ្លូវឲ្យសុខសោភា អាចពពោះយកកូនទី១បំពេញតាមបំណងម្ដាយបាន ព្រោះបើនាងយកកូន​ដំបូងទាំង​ដែលអ្នកខ្លះនៅតែមិនជឿរថាសោភា ធ្លាប់រៀបការនោះច្បាស់ជាធ្វើឲ្យតារារាម រូបនេះរងការរិះ​គន់​ថែម​ទៀតជាមិនខាន៕