ភ្នំពេញ ៖ លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ក្នុងតំណែងនាយករដ្ឋមន្ត្រី៣៥ឆ្នាំកន្លងមកនេះ សម្តេចហ៊ុន សែន បានធ្វើពលីកម្មរាប់មិនអស់ដើម្បីជាតិនិងប្រជាជនកម្ពុជា ហើយបេសកកម្មនេះនៅមិនទាន់ចប់នៅឡើយទេ គឺត្រូវនៅបន្តច្រើនឆ្នាំទៀតដើម្បីឆ្លើយតបនឹងការគាំទ្រពីប្រជាពលរដ្ឋឱ្យដឹកនាំប្រទេស កាន់តែមានការរីកចម្រើនតទៅមុខទៀត។
លោកជុំ កុសល បានសរសេរក្នុងគណនីនិងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ថា “ការចាប់ផ្តើមទទួលតំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (បច្ចុប្បន្នហៅថា នាយករដ្ឋមន្ត្រី) ដំបូងរបស់សម្តេចតេជោហ៊ុន សែន គឺថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ។
ការទទួលតំណែងនេះ គឺស្របពេលដែលប្រទេសកម្ពុជា កំពុងតែស្ថិតក្នុងបញ្ហាប្រឈមយ៉ាងខ្លាំង ជាមួយនឹងបច្ចាមិត្រខាងក្រៅផង ការប៉ុនប៉ងវិលត្រឡប់មកវិញរបស់ខ្មែរក្រហមផង និងបញ្ហាលំបាកខាងក្នុងផង។
ប៉ុន្តែតំណែងនេះហើយដែលជាការផ្តល់ឱកាសឱ្យមេដឹកនាំកម្ពុជា រូបនេះ បានប្រើប្រាស់ភាពឈ្លាសវៃ ប៉ិនប្រសប់ និងភាពខ្លាំងរបស់ខ្លួន ដោះស្រាយបញ្ហាជាតិពីមានសង្គ្រាមមកបញ្ចប់សង្គ្រាម និងមានសន្តិភាពពីភាពក្រលំបាក មកអភិវឌ្ឍ នាបច្ចុប្បន្នកាលនេះ”។
លោកជុំ កុសល បានសរសេរបន្តថា “ថ្ងៃនេះគឺថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ គឺជាថ្ងៃគម្រប់៣៥ឆ្នាំនៃតំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន។ ចំនួន៣៥ឆ្នាំ ក្នុងតួនាទីជាអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះប្រទេសជាតិរបស់សម្តេចតេជោហ៊ុន សែន គឺលោកបានធ្វើពលីកម្មរាប់មិនអស់ ក្នុងបេសកកម្មរបស់លោក ហើយបេសកកម្មនេះនៅមិនទាន់ចប់នៅឡើយទេ គឺត្រូវនៅបន្តច្រើនឆ្នាំទៀតដើម្បីឆ្លើយតប នឹងការគាំទ្រពីប្រជាពលរដ្ឋឱ្យដឹកនាំប្រទេស កាន់តែមានការរីកចម្រើនតទៅមុខទៀត៕