បន្ទាប់ពីសម្តេចតេជោហ៊ុន សែន អនុញ្ញាតឲ្យនាវាខ្នាតយក្សមួយគ្រឿងរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិកចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដែលត្រូវបណ្តាប្រទេស និងកោះចំនួន៦ បដិសេធមិនឲ្យចូលចតនោះ ប្រធានគណបក្សខ្មែរក្រោក បានលើកឡើងថា បើកម្ពុជាយើងចិត្តអាក្រក់ មិនឲ្យនាវានេះចូលចត ហើយពួកគេដែលនៅលើនាវាទាំងអស់ដាច់ស្បៀងរហូតស្លាប់ តើមុខមាត់កម្ពុជាទាំងមូលនេះវាអមនុស្សធម៌ប៉ុនណាលើសកលលោក?
លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង បានបង្ហោះសារនៅព្រឹកនេះថា “ព្រឹកថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២០នេះ កាប៉ាល់ទេសចរណ៍ដ៏ល្បីឈ្មោះ MS westerdam ដឹកមនុស្សចំនួន២២០០នាក់ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីមានការឯកភាពដោយមនុស្សធម៌ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែលកាប៉ាល់នេះ ត្រូវបានប្រទេសនិងកោះចំនួន៦ បានបដិសេដមិនអោយចូលចតនោះទេ ព្រោះបណ្ដាប្រទេសទាំងនោះភ័យខ្លាចអំពីជំងឺ Covid ឬ CoronaVirus ដែលបណ្ដាលឲ្យអ្នកដំណើរក្នុងកាប៉ាល់មានភាពតែលតោល ខ្វះស្បៀងយ៉ាងខ្លាំងហើយកាប៉ាល់អាចប្រឈមនឹងការតែលតោលនៅកណ្ដាលសមុទ្រ”
លោកបន្តថា “ជនរួមជាតិជាទីស្រលាញ់ ពាក់ព័ន្ធនឹងការអនុញ្ញាតិឲ្យចូលចតនេះ ពលរដ្ឋកម្ពុជាខ្លះបានបង្ហាញពីការភ័យបារម្ភថា កាប៉ាល់នោះនឹងនាំអ្នកជំងឺចូលមកតែនាវិកនៃកាប៉ាល់បានអះអាងហើយថា កាប៉ាល់នោះពុំមានរោគសញ្ញានៃអ្នកជំងឺណាបានឈឺនោះទេ គេគ្រប់គ្នាសុខភាពល្អ ហើយពួកគេបានចាកចេញមកយូរថ្ងៃ ហើយបើមានជំងឺមែន ប្រាកដជាមានរោគសញ្ញាឬឈឺធ្ងន់ធ្ងរហើយ”។
លោកបន្តទៀតថា “តើដោយគ្រាន់តែភ័យខ្លាចដោយគ្មានមូលដ្ឋាន យើងត្រូវរើសអើង ឬត្រូវអោបដៃមើលមនុស្សជាង២០០០នាក់ស្លាប់មែនទេ? ខណៈដែលកម្ពុជាយើងជាប្រទេសមួយដែលរស់នៅក្រោមការប្រៀនប្រដៅនៃពុទ្ធឱវាទរបស់ព្រះពុទ្ធសាសនា ការជួយអ្នកដទៃជាមេរៀនដែលយើងគ្រប់គ្នាបានរៀនតាំងពីកុមារភាព ឯមេត្តាធម៌ គឺដូនតាបានប្រៀនប្រដៅ មកជាប់ជានិច្ចនោះ? ជាពិសេសការរើសអើងគឺប្រឆាំងដោយច្បាប់ទៀតផង។
លោកបន្ថែមទៀតថា “ខ្ញុំលើកឡើងនេះខ្ញុំមិនកាន់ជើងចំពោះរដ្ឋាភិបាលទេ ត្បិតរាជរដ្ឋាភិបាលជាកើតឡើងពីបក្សផ្សេង ហើយខ្ញុំជាថ្នាក់ដឹកនាំបក្សផ្សេង តែបើកម្ពុជាយើងចិត្តអាក្រក់ មិនអោយនាវានេះចូលចត ហើយពួកគេដែលនៅលើនាវាទាំងអស់ ដាច់ស្បៀងរហូតស្លាប់ តើមុខមាត់កម្ពុជាទាំងមូលនេះវាអមនុស្សធម៌ប៉ុណ្ណាលើសកលលោក ?
សូមប្រកាន់ខ្ជាប់នូវឥរិយាបថទន់ភ្លន់ ចិត្តមេត្តា និងការជួយគ្នាក្នុងគ្រាកម្សត់ ដើម្បីរក្សាអត្តសញ្ញាណជាខ្មែរ ។ ខ្មែរ គឺខ្មែរ ខ្មែរមានអត្តសញ្ញាណរបស់ខ្លួន ដែលបរទេសអាចមិនមានដូចខ្មែរទេ
យ៉ាងណាមិញខ្ញុំអំពាវនាវអោយប្រយ័ត្ននឹងតាមដានសុខភាពដល់អ្នកដំណេីរលេីកាប៉ាល់នេះ ហេីយសុំអំពាវនាវអោយគាត់ចុះមកដោយផ្ដល់ម៉ាស់អោយគាត់ពាក់ជាមុនសិន”។
គួបញ្ជាក់ថា នាវាខ្នាតយក្សឈ្មោះ MS westerdam បានចូលមកដល់ដែនសមុទ្រកម្ពុជាហើយ ប៉ុន្តែអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនទាន់ឲ្យនាវានេះចូលចតនៅកំពង់ផែភ្លាមៗទេ ដោយទុកនៅចម្ងាយប្រហែលជាង២គីឡូម៉ែត ពីកំពងផែ ដោយអាជ្ញាធរបានចាត់ឲ្យក្រុមគ្រូពេទ្យជំនាញចេញទៅធ្វើការបូមឈាមយកទៅពិនិត្យនៅប៉ាស្ទ័រសិន បើសិនជាលទ្ធផលមិនបង្ហាញថា មានផ្ទុកករណី Covid-19 អាជ្ញាធរកម្ពុជា នឹងបញ្ជូនពួកគេចេញពីនាវា ហើយឡើងឡានក្រុង និងបន្តធ្វើដំណើរតាមយន្តហទៅកាន់ប្រទេសពួកគេរៀងៗខ្លួន៕