Monday, November 25, 2024
Homeនយោបាយអ្នកវិភាគថា ជំនួបសម្តេចហ៊ុន សែន លោកកឹម សុខា គ្មានការប្រែប្រួលនយោបាយ អ្វីធំដុំ

អ្នកវិភាគថា ជំនួបសម្តេចហ៊ុន សែន លោកកឹម សុខា គ្មានការប្រែប្រួលនយោបាយ អ្វីធំដុំ

ភ្នំពេញ ៖ អ្នកវិភាគបានលើកឡើងថា ជំនួបរវាងសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកកឹម សុខា អតីតប្រធាននៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) នៅក្នុងពិធីបុណ្យសពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេកសម្តេចហ៊ុន សែន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នោះ គ្មានការប្រែប្រួលនយោបាយអ្វីធំដុំទេ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកកឹម សុខា

លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម ដែលសព្វថ្ងៃកំពុងរស់នៅប្រទេស ហ្វាំងឡង់ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ថា “ជំនួបហ៊ុន សែន-កឹម សុខា ៖

១.នេះបង្ហាញប្រពៃណីវប្បធម៌នយោបាយល្អមួយ ប៉ុន្តែពុំមានការប្រែប្រួលនយោបាយអ្វីធំដុំពីជំនួបបែបនេះឡើយ ពីព្រោះ ៖

-លោកហ៊ុន សែន មិនហ៊ានបន្ធូរសេរីភាពនយោបាយនៃលោកកឹម សុខា ដល់កម្រិតឱ្យខូចផែនការអំណាចតត្រកូលហ៊ុនទេ។ រីឯលោកកឹម សុខា វិញ ក៏នឹងមិនសម្លាប់កិត្តិនាមនយោបាយរបស់គាត់ ដោយការលេងល្បែងរបស់លោកហ៊ុន សែន ដែរ។

-លោកកឹម សុខា បង្ហាញជំហរត្រូវផ្លូវក្នុងការទាមទារឱ្យមានការផ្សះផ្សាជាតិ ហើយជម្លោះនយោបាយ ពិតជាត្រូវសម្រុះសម្រួលគ្នាតាមផ្លូវនយោបាយមែន ក៏ប៉ុន្តែគាត់មិនអាចងាកចេញពីគោលការណ៍ទាមទារយុត្តិធម៌ សមនឹងទទួលយកបានដូចដែលគាត់ធ្លាប់បានសន្ទនាជាមួយអង្គទូតនានាកន្លងមកនោះទេ។

-ទាំងលោកកឹម សុខា និងលោកសម រង្ស៊ី បើអ្នកណាម្នាក់ហ៊ានលេងដាច់ដោយឡែកពីគ្នា តាមល្បែងរបស់លោកហ៊ុន សែន នោះ ពួកគាត់គួរប្រកាសឈប់ធ្វើនយោបាយល្អជាង ពីព្រោះការលេងល្បែងលោកហ៊ុន សែន រៀងៗខ្លួនដោយឡែកពីគ្នា កិត្តិនាមផ្ទាល់ខ្លួនក៏ចប់ ហើយស្មារតីប្រជាធិបតេយ្យជាតិក៏ធ្លាក់យ៉ាប់។

២.ជំនួបនេះ បើមើលត្រឹមរូបភាពលោកហ៊ុន សែន បានចំណេញ២យ៉ាង ៖ ទី(១) មុខមាត់ និងទី(២) បង្កើតជាការសង្ស័យរវាងគ្នាក្នុងចំណោមក្រុមប្រឆាំង ជាពិសេសពីពួកអ្នកហ្វឹកហាត់ការងារមួលបង្កាច់ដែលចាំតែចោទ ដោយមិនចេះពិចារណាវែងឆ្ងាយ។ ពួកនេះ នឹងដណ្តើមគ្នាស្រែកកញ្ជ្រោកឆ្លើយឆ្លងគ្នាយ៉ាងទ្រហឹងតាមបណ្តាញសង្គមហ្វេសប៊ុក ទាក់រកម៉ូយដុំ ម៉ូយរាយ តាមស្នៀតប្រូ និងទាយនយោបោករបស់ពួកគេ”។

លោកគឹម សុខ បានសរសេរបន្តថា “ប៉ុន្តែខ្ញុំគិតថា លោកកឹម សុខា មានគំនិតនយោបាយជ្រៅណាស់ ជ្រៅជាងរូបភាពចំណេញនយោបាយរបស់លោកហ៊ុន សែន។ គឺលោកកឹម សុខា ចែករំលែកមេរៀនចិត្តធម៌ដល់លោកហ៊ុន សែន, មានន័យថា លោកកឹម សុខា ហ៊ានធ្វើល្អ អន់ឱន និងអនុគ្រោះចំពោះលោកហ៊ុន សែន បើទោះបីជាសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើបាបគាត់យ៉ាងណាក៏ដោយ។

នេះជាការរំឭកដាស់តឿនថា “ទង្វើចិត្តធម៌ ការអត់ឱន និងការអនុគ្រោះមនុស្សទូទៅ សុទ្ធតែអាចធ្វើបាន” ហើយត្រូវនឹងការប្រៀនប្រដៅរបស់ព្រះពុទ្ធបរមគ្រូផង”។

លោកគឹម សុខ

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវសង្គម ដើម្បីការអភិវឌ្ឍន៍ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ថា ការដែលមិនទាន់មានការប្រែប្រួលនយោបាយធំដុំនៅក្នុងជំនួបរវាងសម្តេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច និងលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សប្រឆាំង ដោយសារកត្តា៤យ៉ាង។ ប៉ុន្តែទោះមិនទាន់មានអ្វីប្រែប្រួលជាដុំកំភួនក៏ដោយ ក៏ជាការចាប់ផ្តើមមើលមុខគ្នាដោយត្រង់រវាងគូបដិបក្ខនយោបាយ។

លោកបណ្ឌិត មាស នី បានមានប្រសាសន៍ថា “សម្រាប់ជំនួបនយោបាយរវាងអ្នកទាំងពីរ ខ្ញុំមិនទាន់ហ៊ានអះអាងបានថាមានអ្វីប្រែប្រួលទេ ក៏ប៉ុន្តែការជួបដោយផ្ទាល់ ហើយមានរយៈពេលយូររហូតដល់៥០នាទី ខ្ញុំគិតថា វាអាចជាពេលវេលាមួយដែលសម្តេច លោកគិតសម្រាប់ជំនួបហ្នឹងដែរ នៅក្នុងឱកាសហ្នឹង ព្រោះដឹងហើយថា នៅក្នុងពិធីបុណ្យមួយៗ គ្រួសាររបស់សពហ្នឹងតែងតែមានការមមាញឹកណាស់ មិនបានមកទទួលរាក់ទាក់រយៈពេលយូរសម្រាប់គណៈប្រតិភូដែលចូលរួមរំលែកទុក្ខនោះ តែក្នុងករណីនេះ តាមខ្ញុំឃើញក្នុងរបាយការណ៍រហូតទៅដល់៥០នាទី។

អ៊ីចឹងយ៉ាងហោចណាស់ ផ្តល់ឱកាសឱ្យគូជំនួបទាំងពីរមានពេលវេលាដើម្បីជជែកជាមួយគ្នាទៅវិញទៅមក យ៉ាងហោចក៏នៅក្នុងកម្រិតផ្ទាល់ខ្លួន ដោយមិនមានដំណោះស្រាយនយោបាយអីផ្សេងទេ។ ក៏ប៉ុន្តែ ខ្ញុំនៅតែមានជំនឿថា សម្រាប់ខ្មែរយើង ហើយអ្នកដឹកនាំខ្មែរ ក៏គិតទៅលើមនោសញ្ចោតនា។ ការដឹកនាំសព្វថ្ងៃ យើងឃើញហើយ ពេលខ្លះប្រើមនោសញ្ចោតនាច្រើនជាងគោលការណ៍។ អ៊ីចឹងទៅជំនួបនេះ ទោះបីយើងអាចទស្សន៍ទាយបានថា មិនទាន់មានអ្វីប្រែប្រួលជាដុំកំភួន ប៉ុន្តែក៏ជាការចាប់ផ្តើមមើលមុខគ្នាដោយត្រង់រវាងគូបដិបក្ខនយោបាយ”។

លោកមាស នី

លោកមាស នី បន្តថា “ចំពោះការដែលមិនទាន់មានការប្រែប្រួលនយោបាយធំដុំនៅក្នុងជំនួបនោះ ដោយសារកត្តាទី១ វាឆាប់ពេកសម្រាប់យើងធ្វើការសន្និដ្ឋានថា ដោយសារតែការជួបគ្នារយៈពេលប៉ុណ្ណឹង វានឹងមានដំណោះស្រាយធំធេង។ បើយើងវិលមកមើលអំពីវិបត្តិនយោបាយនៅក្នុងប្រទេសខ្មែរយើងនេះ វាមានបញ្ហាស្មុគស្មាញច្រើន ទី១. ទំនាស់ផ្ទាល់ខ្លួនរវាងមេដឹកនាំនយោបាយ ដែលត្រូវការពេលវេលាច្រើនទៀតដើម្បីសាងនូវទំនុកចិត្តគ្នាទៅវិញទៅមក ផ្តល់សេចក្តីសុខឱ្យគ្នាទៅវិញទៅមក រវាងអ្នកកាន់អំណាច និងដែលត្រូវឡើងទៅកាន់អំណាច នេះឧទាហរណ៍។

ទី២ទៀត យើងគិតហើយថា បញ្ហាវិបត្តិនយោបាយក្នុងប្រទេសកម្ពុជា វាកើតឡើងអំពីការថយចុះនូវប្រជាប្រិយភាពរបស់គណបក្សដ៏ធំហ្នឹង ដែលធ្វើឱ្យ មានការព្រួយបារម្ភ ហើយរហូតទៅដល់ឈានទៅដល់ការរំលាយសង្គ្រោះជាតិ ពីគណបក្សប្រឆាំងអីហ្នឹង វាសុទ្ធតែជារឿងមួយ ដែលគូបដិបក្ខ ជាពិសេសគណបក្សកាន់អំណាចហ្នឹង ត្រូវមានពេលគ្រប់គ្រាន់ដើម្បីរៀបចំខ្លួននៅក្នុងការដោះស្រាយបញ្ហាជាដំណាក់កាលៗ ប៉ុន្តែមិនអាចទាញបានសម្រាប់ការជួបពេលនេះ គឺមិនអាចឈានទៅរកដំណោះស្រាយមួយរយ ភាគរយនេះ គឺហាក់ដូចជាមិនទាន់ជំនឿអីប៉ុន្មានទេ នៅក្នុងពេលបច្ចុប្បន្ននេះ។

កត្តាទី៣  វាកើតឡើងដែរ ព្រោះទំនាស់នយោបាយក្នុងប្រទេសខ្មែរយើងនេះ តាំងពីរយៈពេលកន្លង មកហើយ វាជាទំនាស់មួយ បើយើងប្រៀបធៀបនៅក្នុងសង្វៀនប្រដាល់ វាជាការប្រដាល់ដែលអត់មានអាជ្ញាកណ្តាល។ អ៊ីចឹងដំណោះស្រាយទាំងឡាយកើតមានឡើង លុះត្រាតែមានឱកាសជួបជុំគ្នាផ្ទាល់មុខដើម្បីជជែកគ្នាដោយត្រង់ៗនេះ ប៉ុន្តែកន្លងមក យើងឃើញហើយថា គូបដិបក្ខនៅក្នុងនយោបាយខ្មែរហ្នឹង តែកាលណាទាស់គ្នាហើយ ច្រើនតែចូលចិត្តក្នុងការផ្ញើបំផ្លោងពាក្យសម្តីទៅវិញទៅមក ហើយជាពិសេសការប្រមាថគ្នា ក៏ប៉ុន្តែមិនមានអាជ្ញាកណ្តាលណាមួយដែលបានផ្តល់ឱកាសឱ្យបានមកបង្ហាញនូវអារម្មណ៍របស់ខ្លួន ហើយនិងការយល់ឃើញរបស់ខ្លួនដោយផ្ទាល់ គឺអត់មានទេ ដែលយើងឃើញកន្លងមកនេះ ទោះបីរដ្ឋធម្មនុញ្ញបានចែងថា កម្ពុជា ត្រូវតែមានអាជ្ញាកណ្តាលមួយ ដែលជាអង្គមហាក្សត្រចូលមកដើម្បីជាការសម្រុះសម្រួល ប៉ុន្តែមកដល់ពេលនេះ យើងហាក់ដូចជាមិនទាន់បានឃើញព្រឹត្តិការណ៍ហ្នឹងកើតឡើងនៅឡើយទេ។

កត្តាទី៤ មើលទៅនៅក្នុងកាលៈទេសៈនេះ សម្រាប់ដំណោះស្រាយនយោបាយណាមួយនោះ យើងគិតថា រដ្ឋាភិបាល នៅតែមានពាក្យថា ទុកឱ្យច្បាប់ធ្វើការសិន។ បានន័យថា រឿងនេះជារឿងនយោបាយពិតមែន ប៉ុន្តែយើងឃើញថា រដ្ឋាភិបាល បានយកសំណាញ់ច្បាប់ហ្នឹងយកមកដាក់ ដល់អ៊ីចឹងទៅទាល់តែសុំដោះផ្លូវច្បាប់សិន បានអាចរកដំណោះស្រាយឃើញ។ អ៊ីចឹងបានយើងឃើញ ថា នៅក្នុងថ្ងៃជាមួយគ្នានៅក្នុងជំនួបហ្នឹង ក៏ឃើញការកោះហៅលោកកឹម សុខា ទៅកាន់សាលាឧទ្ធរណ៍ដែរ ដូច្នេះចាំមើលតទៅទៀត”។

លោកមាស នី បន្តទៀតថា “តាមរូបភាពនៃជួបហ្នឹង បើមើលទៅចំណេញ គឺអាចចំណេញទាំងពីរនាក់  ប៉ុន្តែវាអាចនៅក្នុងវត្តមានរបស់លោកកឹម សុខា ស្ថានភាពបែបនេះ វាល្អហើយសម្រាប់ការជួបគ្នារវាងមេដឹកនាំសំខាន់ទាំងពីរនេះ ក៏ប៉ុន្តែនៅខាងក្រោយឆាក ក៏លោកកឹម សុខា ហ្នឹងត្រូវជួបសម្ពាធមួយទៀតនៅក្នុងការទំនាក់ទំនងជាមួយដៃគូរបស់គាត់នៅក្រៅប្រទេស លោកសម រង្ស៊ី នោះ។ ឯសម្រាប់ខាងសម្តេចនាយករដ្ឋមន្ត្រី គ្មានរឿងអីដែលត្រូវខាត ដើម្បីចំណេញទេ”៕

 កុលបុត្រ

RELATED ARTICLES