ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា វិធានការជំនួយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ទូទាំងប្រទេស ប្រមាណជាង៥៦ម៉ឺនគ្រួសារ រាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង១០០ប៊ីលានរៀល (ប្រមាណ២៥លានដុល្លារ) ក្នុងមួយខែៗ សម្រាប់បើកផ្តល់ជូន។
សម្តេចហ៊ុន សែន បានបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ នៅ វិមានសន្តិភាព។
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះជាវិធានការជំនួយសង្គមរបស់រាជរដ្ឋាភិបាល សំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃនៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ជូន ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានប័ណ្ណសមធម៌ទូទាំងប្រទេស ដែលក្នុងនោះ គឺផ្តោតការយកចិត្តទុកដាក់បន្ថែមចំពោះកុមារអាយុក្រោម៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរា អាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកមានផ្ទុកមេរោគអេដស៍នៅក្នុងគ្រួសារក្រីក្រទាំងនោះ។
កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើនក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់បញ្ហាប្រឈមនៅពេលដែលប្រទេសយើងកើតមានជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរជាប់ជានិច្ចពីសុខទុក្ខរបស់ពលរដ្ឋ បើទោះបីប្រទេសយើងជាប្រទេសក្រីក្រមួយក៏ដោយ គឺយើងនៅមានលទ្ធភាពគ្រប់គ្រាន់អាចធ្វើបាន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋមិនឱ្យអត់អាហារ ទទួលទានឡើយ។
សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងផែនការ សហការធ្វើការជាមួយអាជ្ញាធខេត្តនីមួយៗ ដើម្បីប្រញាប់បញ្ជូនរបាយការណ៍បច្ចុប្បន្នភាពអំពីជនក្រីក្រពិតប្រាកដ មកកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំសាច់ប្រាក់ឧបត្ថម្ភជូនដល់ពួកគាត់ជាបន្តបន្ទាប់ថែមទៀត។ តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ជូនគ្រួសារក្រីក្រ។
ការរៀបចំបែបនេះ គឺត្រូវបានធ្វើឡើងឱ្យស្របតាមគោលការណ៍សមធម៌ និងដើម្បីឆ្លើយតបទៅនឹងភាពខុសគ្នានៃថ្លៃទំនិញ រវាងតំបន់នីមួយៗផងដែរ។ ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ តាមរយៈធនាគារឯកទេសវីង (Wing) ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស។
បច្ចុប្បន្ន គ្រួសារដែលមានប័ណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) មានប្រមាណជាង៥៦ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាល ត្រូវចំណាយថវិកាប្រមាណជាង១០០ប៊ីលានរៀល (ប្រមាណ២៥លានដុល្លារ) ក្នុងមួយខែៗ សម្រាប់បើកផ្តល់ជូន។
សម្តេចហ៊ុន សែន បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានបន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធីសាស្ត្រ និងគោលការណ៍ ដែលត្រូវបានដាក់ចេញមក ដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងគោលដៅធានា ឱ្យពួកគាត់ទទួលបានស្របតាមលក្ខខណ្ឌវិនិច្ឆ័យជាធរមាន នូវជំនួយសង្គមនាពេលនេះ។
សម្តេចហ៊ុន សែន បានឱ្យអាជ្ញាធរអនុវត្តរាល់កម្មវិធីគាំពារសង្គមទាំងអស់ដែលមានស្រាប់ ឱ្យបានរលូន និងមិនយឺតយ៉ាវ ដែលក្នុងនោះ រួមមាន របបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន និងការឧបត្ថម្ភជនពិការក្រីក្រតាមសហគមន៍ មូលនិធិសមធម៌សុខាភិបាល និងរបបថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ របបថែទាំសុខភាព និងរបបហានិភ័យការងារសម្រាប់កម្មករ-និយោជិត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីផ្តល់អាហារតាមសាលារៀន ដែលត្រូវបានបង្វែរពីការចម្អិនម្ហូបអាហារជូនសិស្សានុសិស្ស មកជាការចែកជាអង្ករជូនគ្រួសារក្រីក្រនៅក្នុងសហគមន៍របស់សាលារៀនទាំងនោះ វិញ។
ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប នៅទូទាំងប្រទេស ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ដោយគោរពនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ដែរថា ថ្លែងនៅក្នុងឱកាសប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ នោះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញពីការគិតគូរ និងព្រួយបារម្ភចំពោះសាលារៀនឯកជន ដែលបានជួលអគារបើកសាលារៀន ហើយពេលនេះកំពុងប្រឈមនឹងការបិទទ្វារដោយសារជំងឺឆ្លងកូវីដ-១៩ នោះ ផងដែរ ដោយសម្តេចបានអំពាវនាវឱ្យមានការយោគយល់ដល់សាលារៀនឯកជន ដែលជួលអគារធ្វើសាលារៀនទាំងនោះផង។
សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ម្ចាស់អគារដោយផ្ទាល់ គឺត្រូវមានភាពទន់ភ្លន់ និងមេត្តាយោគយល់បន្ធូរបន្ថយថ្លៃជួលអគារ ក្នុងអំឡុងពេលដែលប្រទេសជាតិទាំងមូល កំពុងប្រឈមនឹងជំងឺឆ្លងកូវីដ-១៩។
ជាមួយគ្នានេះផងដែរ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តធ្វើការជា មួយធនាគារ រៀបចំឥណទានឡើងវិញ ដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានឯកជន អាចមានឱកាសខ្ចីថវិកាក្នុងការអភិវឌ្ឍកម្មវិធីបង្រៀនតាមអនឡាញ ព្រោះមានសាលារៀនឯកជនជាច្រើនដែលមិនបានរៀបចំកម្មវិធី បង្រៀន Online បង្រៀនសិស្សានុសិស្សឱ្យទាន់សភាពការណ៍កូវីដ បច្ចុប្បន្ន។
ទន្ទឹមនឹងនេះ សម្តេចហ៊ុន សែន បានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំឯកជន ត្រូវបន្តខិតខំអភិវឌ្ឍខ្លួន ហើយសម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា សម្តេចពិតជាមិនចង់ឃើញគ្រឹះស្ថានឯកជនណាមួយ ដួលរលំនោះឡើយ៕
ខៀវទុំ