Monday, November 25, 2024
Homeនយោបាយក្រមុំអតីតចៅសង្កាត់បក្សប្រឆាំង ប្រតិកម្ម គ្នាឯងចោទលក់ព្រហ្មចារីឱ្យប្រុសអាមេរិក

ក្រមុំអតីតចៅសង្កាត់បក្សប្រឆាំង ប្រតិកម្ម គ្នាឯងចោទលក់ព្រហ្មចារីឱ្យប្រុសអាមេរិក

ខេត្តបាត់ដំបង ៖ ក្រមុំអតីតចៅសង្កាត់ បក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានប្រតិកម្មទៅនឹងសកម្មជនអតីតបក្សប្រឆាំង គ្នាឯងម្នាក់ ដែលបានចោទនាងលក់ព្រហ្មចារីឱ្យប្រុសអាមេរិក នៅឆ្នាំ២០០៤ ក្នុងតម្លៃ១ពាន់ដុល្លារ ដើម្បីយកទៅសង់ផ្ទះ និងចោទថា នាងដៀមដាមខាំមេខ្លួនឯង (លោកកឹម សុខា) ព្រោះតែចង់បានរថយន្ត Lexus LX570 ដោយនាងចាត់ទុកថា នេះជាការបរិហារកេរ្តិ៍នាង។

កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបង្ហោះរូបភាព និងសំណេររបស់អតីតសកម្មជននៃអតីតគណបក្សង្គ្រោះជាតិ ម្នាក់ ឈ្មោះបោយ រើយ ជាមួយសំណេរនៅក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់នាង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ថា “លើកទីមួយ បោយ រើយ លោកបរិហារកេរ្តិ៍ខ្ញុំ។

លើកទីពីរ ទីបី ទីបួន លោកនៅតែបរិហារកេរ្តិ៍ខ្ញុំ រហូតដល់ខ្ញុំមិនចង់ឃើញលោក ប្លុកលោកចោលហើយលោកនៅតែបរិហារកេរ្តិ៍ខ្ញុំទៀត។ ខ្ញុំទើបតែដឹងអម្បាញ់មិញថា លោកធ្លាប់មកហាងនំបញ្ចុករបស់ខ្ញុំ បើខ្ញុំស្គាល់លោកតាំងពីពេលនោះ ខ្ញុំនឹងមិនឱ្យលោកចូលហាងនំបញ្ចុកខ្ញុំឡើយ”។

ចំពោះសំណេររបស់គណនីហ្វេសប៊ុក “អ្នកបាត់ដំបង” ដែលកញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត អះអាងថា ជារបស់ឈ្មោះបោយ រើយ ដែលបានចោទប្រកាន់បរិហារកេរ្តិ៍នាង ហើយដែលនាងបានយកមកបង្ហោះក្នុងគណនីហ្វេសប៊ុករបស់នាងនោះ មានខ្លឹមសារថា “មីចោរដកទង ដំបូងឡើងកូដដោយសារគូទ លក់ព្រហ្មចារីឱ្យអ្នកនៅអាមេរិក ឆ្នាំ២០០៤ តម្លៃ១០០០ដុល្លារ បានប្រាក់ធ្វើផ្ទះ។ បន្ទាប់មកល្បីដោយសារលក់នំបញ្ចុក សព្វថ្ងៃលក់កាបូប នាងកំពុងប្រឹងដំឡើងតម្លៃខ្លួនចង់បាន ៥៧០ ដូចនាងលើកមុនដែរហើយ បានជាព្យាយាមដៀមដាមឱ្យមេដែលមិនរត់ចោលសមរភូមិ។ នាងនេះ និងនាងមុន ត្រូវក្រុមមនុស្សតែមួយ បំប៉នសម្រាប់ខាំដកៗមេខ្លួនឯង ដែលទូតរាប់សិបប្រទេសកំពុងឱ្យតម្លៃ”។

គណនីហ្វេសប៊ុក “អ្នកបាត់ដំបង” ដដែល បានសរសេរបន្ថែមថា “ចុម! ចេះឈឺដែរ ពេលគេតដៃ ព្រោះពួកលោកប៉ិនណាស់ខាងលាបពណ៌ មួលបង្កាច់។ យើងមិនជេរទេ សាកសួរបុរសម្នាក់នៅរស់នៅឡើយ កំពុងដង្ហើមចង្រិត ថាតើតារានំបញ្ចុក លក់ព្រហ្មចារី១០០០ដុល្លារ ឱ្យមន្ត្រីមកពីអាមេរិក យកប្រាក់ធ្វើផ្ទះមែនអត់?

ព្រឹកមិញបោយ រើយ សំពងនាងហ្នឹងមែន ដោយសារក្មេងម្នាក់នេះវាយប្រហារមេ ដែលកំពុងឈឺចាប់ មិនទាន់មានសិទ្ធិពេញលេញ ម្តងហើយម្តងទៀត។ តែយើងដកវិញ ដោយមានថ្នាក់ដឹកនាំស្នើដកចេញ ទើបយើងដក ដឹងមានអ្នកខ្លះឈឺជំនួសនាងដូចលើកតម្កើង បោយ រើយ គ្រាន់តែជាអ្នកគាំទ្រម្នាក់សោះ ឱ្យស្មើនឹងតារានំបញ្ចុកដែរ។ ដល់ចឹង ញ៉ាំអាហារឆ្ងាញ់ហ្មង ព្រោះការវ៉ៃរបស់យើងចំ ហើយ”។

ជុំវិញបញ្ហាខាងលើនេះ “នគរធំ” មិនអាចសុំការបំភ្លឺបន្ថែម ពីកញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានទេ កាលពីម្សិលមិញ ដោយនាងមិនលើកទូរស័ព្ទ។

យ៉ាងណា អតីតយុវជននៃអតីតគណបក្ស សង្គ្រោះជាតិ លោកហ៊ុន កុសល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២០ ថា ពាក់ព័ន្ធនឹងការរិះគន់វាយប្រហារនានាចំពោះកញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត វាអាចជាចរន្តនយោបាយមួយ ឬជាចរន្តនៃការរិះគន់មួយបែប ដែលកើតឡើងនៅក្នុងសង្គម ឬបរិបទនយោបាយខ្មែរ ដែលលោកគិតថា ខ្មែរត្រូវតែងាកចេញពីចំណុចហ្នឹង ហើយមកចាប់នូវអ្វីដែលជាភាពត្រឹមត្រូវ ផ្លាស់ប្តូរផ្នត់គំនិត ដោយចាប់យកនូវស្មារតីជាតិនិយម តម្កល់ផលប្រយោជន៍ជាតិជាធំ លើកទឹកចិត្តគ្នា កែតម្រូវគ្នានៅក្នុងគោលការណ៍ច្បាប់ក៏ដោយ នៅក្នុងទ្រឹស្តីឱវាទទូន្មានរបស់បុព្វបុរសខ្មែរក៏ដោយ នោះទើបជាប្រយោជន៍ជាតិយើងទៅថ្ងៃខាងមុខ។

លោកហ៊ុន កុសល បានមានប្រសាសន៍ថា “ខ្ញុំមើលឃើញថា អានេះវាជារឿងនយោបាយ ដូច្នេះការរិះគន់គ្នានៅក្នុងរបត់នយោបាយខ្មែរ មិនសូវជាមានភាពថ្លៃថ្នូរប៉ុន្មានទេ ហើយនាងស៊ិន ចាន់ពៅរ៉ូហ្ស៊េត ហ្នឹងក៏ធ្លាប់រិះគន់លោកប្រធានកឹម សុខា ក្នុងភាសាធ្ងន់ៗដូចគ្នា ប៉ុន្តែខ្ញុំមិនឱ្យតម្លៃទេ ហើយអ្វីដែលនាងធ្លាប់រិះគន់លើលោកកឹម សុខា កន្លងមកហ្នឹង គឺជាការចោទប្រកាន់ គឺជាការលាបពណ៌ ហើយក៏ជាការប្រមាថមេដឹកនាំរបស់ខ្លួនឯងយ៉ាងធ្ងន់ផងដែរ។

ដូច្នេះទង្វើនេះ វាមិនមែនជាទង្វើដែលបង្ហាញពីភាពថ្លៃថ្លូរ ឬក្នុងនាមជាអ្នកជំនាន់ក្រោយរបស់គណបក្សសង្គ្រោះជាតិ ទេ ហើយពាក់ព័ន្ធនឹងការរិះគន់នានាចំពោះកញ្ញាចាន់ពៅ រ៉ូហ្ស៊េត ខ្ញុំគិតថា អានេះវាអាចជាចរន្តនយោបាយមួយ ឬជាចរន្តនៃការរិះគន់មួយបែប ដែលកើតឡើងនៅក្នុងសង្គម ឬបរិបទនយោបាយខ្មែរ ហើយសម្រាប់ខ្ញុំផ្ទាល់សុំមិនធ្វើការអធិប្បាយច្រើនទេ”។

លោកហ៊ុន កុសល បន្តថា “ខ្ញុំគិតថា យើងខ្មែរត្រូវតែងាកមកប្រកាន់គោលការណ៍នយោបាយដែលមានលក្ខណៈសុចរិតភាព ហើយឈរលើការពិតឱ្យបានទូលាយ ជាពិសេស គឺយើងមិនត្រូវមានគំនុំ មានកំហឹងចំពោះគ្នាទេ យើងត្រូវតែឈរលើស្មារតីមួយ ដែលមានចិត្តភក្តីស្មោះត្រង់ចំពោះជាតិខ្មែរទាំងមូល មិនមែនក្រុមណា ភាគីណាទេ យើងត្រូវតែតម្កល់ប្រយោជន៍ជាតិជារឿងធំ ហើយពាក់ព័ន្ធនឹងបញ្ហាខឹងលក្ខណៈបុគ្គល ឬមួយមិនពេញចិត្តជាលក្ខណៈណាមួយ យើងត្រូវរិះគន់ទៅលើគោល ការណ៍បានហើយ យើងពាក់ព័ន្ធទៅរឿងផ្ទាល់ខ្លួនអីនេះ មិនមែនជារឿងគួរឱ្យសរសើរទេ។

និយាយឱ្យចំ ខ្ញុំគិតថា មិនត្រឹមត្រូវទេ ព្រោះយើងឈឺចាប់ជាច្រើនសតវត្សមកហើយខ្មែរ ហើយដោយសារតែខ្មែរយើងចូលចិត្តរិះគន់ វ៉ៃប្រហារគ្នាជាលក្ខណៈបុគ្គលនេះហើយ ដែលធ្វើឱ្យមានការឈឺចាប់។ ដូច្នេះដើម្បីកុំឱ្យមានការឈឺចាប់រវាងគ្នានិងគ្នា ខ្មែរត្រូវតែងាកចេញពីចំណុចហ្នឹង ងាកចេញពីចំណុចដែលមិនត្រឹមត្រូវ ហើយមកចាប់នូវអ្វីដែលជាភាពត្រឹមត្រូវ ផ្លាស់ប្តូរបដិវត្តផ្នត់គំនិត ដោយចាប់យកនូវស្មារតីជាតិនិយម តម្កល់ផលប្រយោជន៍ជាតិជាធំ ហើយលើកទឹកចិត្តគ្នា កែតម្រូវគ្នានៅក្នុងគោលការណ៍ច្បាប់ក៏ដោយ នៅក្នុងទ្រឹស្តីឱវាទទូន្មានរបស់បុព្វបុរសខ្មែរក៏ដោយ នោះហើយជាប្រយោជន៍ជាតិយើងទៅថ្ងៃខាងមុខ”។

គួរបញ្ជាក់ថា ជាការកត់សម្គាល់កន្លងមក កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ក្នុងនាមជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ លេចធ្លោមួយរូប នាងធ្លាប់បានផ្ញើសារបង្កប់ន័យរំលឹកលោកកឹម សុខា កុំឱ្យភ្លេចពីស្មារតីរួបរួមជាមួយលោកសម រង្ស៊ី ជាមនុស្សតែមួយ ព្រោះនាងហាក់មើលឃើញថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយសាលដីកាស្ថាពររបស់តុលាការកំពូល ហើយលោកកឹម សុខា នៅតែជាប់ចោទពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” នោះ សម្ព័ន្ធភាពរបស់រវាង លោកសម រង្ស៊ី-កឹម សុខា និងក្រុមលោកទាំងពីរ ហាក់ឈានទៅរកការបែកបាក់តាមរយៈការបញ្ចោញសារនយោបាយផ្ទុយគ្នា វាយប្រហារ លាបពណ៌គ្នាជាដើម ជាពិសេសនាងសង្ស័យទៅលើមេធាវីការពារក្តីឱ្យលោកកឹម សុខា ថា បម្រើនយោបាយគូប្រជែង (បក្សកាន់អំណាច)។

កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់នាងថា “ជូនចំពោះលោកប្រធាន កឹម សុខា នាងខ្ញុំស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់ជាប់ឆ្នោត នៃសង្កាត់អូរចារ មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងនៅថ្ងៃនេះ បន្ទាប់ពីបានឃើញរូបថតរបស់លោកប្រធាន ដែលនាងខ្ញុំ និងសកម្មជនមូលដ្ឋានដទៃខាន ឃើញជាយូរ។

ខ្ញុំពិតជាមានសេចក្តីត្រេកអរដែលឃើញរូបលោកប្រធាន ញញឹម និងមានសុខភាពល្អដូច្នេះ។ ខ្ញុំជឿថា លោកប្រធានក៏បានដឹងដំណឹងជាហូរហែក្នុងអំឡុងពេលលោកប្រធាន កំពុងតែជាប់ឃុំឃាំងផងដែរ។

លោកហ៊ុន កុសល

ទោះជាស្នាក់នៅក្នុងផ្ទះ ក៏ខ្ញុំជឿថា លោកប្រធានពិតជាបានដឹងអំពីព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងលោកប្រធាន ក៏ដូចជាលោកប្រធានសម រង្ស៊ី ដែរ។ ខ្ញុំចង់និយាយថា ក្នុងអំឡុងពេលដែលលោកប្រធានជាប់ឃុំឃាំង គឺមានជនមួយក្តាប់តូច វាយប្រហាររូបលោកប្រធាន  ក៏ដូចជាវាយប្រហារយ៉ាងខ្លាំងក្លាទៅលើលោកប្រធាន សម រង្ស៊ី។ អ្នកដែលរួមចំណែកទាំងនោះ ក៏រួមទាំងមេធាវីរបស់លោកប្រធានផងដែរ”។

កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានសរសេរបន្តថា “ខ្ញុំជឿថា ទោះជាលោកប្រធាន កំពុងជាប់ឃុំឃាំង ក៏លោកប្រធាន នៅតែគាំទ្រស្មារតីនៃការរួបរួមនិមិត្តសញ្ញានៃកឹម សុខា- សម រង្ស៊ី ជាមនុស្សតែមួយដែរ ហើយខ្ញុំមិនជឿសោះថា លោកប្រធានជាអ្នកនៅពីក្រោយនៃការវាយប្រហារទាំងនោះ ព្រោះខ្ញុំជាសកម្មជនមូលដ្ឋាន និងអ្នកដទៃទៀត តែងតែការពាររូបលោកប្រធាន និងលោកប្រធានសម រង្ស៊ី ជានិច្ចពីការយាយីវាយប្រហារពីសំណាក់ជនណាមួយ ព្រោះពួកខ្ញុំមានជំនឿថា នៅពេលលោកប្រធាន រួចផុតពីការឃុំឃាំង លោកប្រធាននឹងនៅតែបន្តចាប់ដៃ ជាមួយលោក ប្រធាន សម រង្ស៊ី ដើម្បីការផ្លាស់ប្តូរដដែល។

ហើយខ្ញុំជឿថា បន្ទាប់ពីរូបថតនេះដែលលោកប្រធាន បានជួបជាមួយក្រុមមេធាវីរួចហើយ នឹងលែងមានចរន្តវាយប្រហាររូបលោកប្រធាន និងលោកប្រធាន សម រង្ស៊ី បន្តទៀតដែរ តែបើក្នុងករណីដែលនៅតែមានការវាយប្រហារបន្តទៀត ខ្ញុំជឿថា បុគ្គលនោះមិនមែនជាអ្នកគោរពស្រឡាញ់លោកប្រធានឡើយ តែជាអ្នកបម្រើឱ្យនយោបាយ និងមហិច្ឆតាគូប្រជែង៕ កុលបុត្រ

RELATED ARTICLES