កាលពីពេលថ្មីៗនេះ រូបសំណាកអ្នកតានាម និងអ្នកតាស្រុះ នៅភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី ត្រូវបុរសវិកលចរិតម្នាក់ វាយបំបាក់ក និងដៃ បណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកាន់ជំនឿអរូបី។ សូម្បីមន្ត្រីរាជការ អាជ្ញាធរ ក៏ដូចជា អ្នកនយោបាយគ្រប់ជាន់ថ្នាក់ គ្រប់និន្នាការ សុទ្ធតែសម្តែងការសោកស្តាយដូចគ្នា ដោយសារ “អ្នកតា ជាស្មាក្តីរបស់អ្នកនយោ– បាយ” ឬថា ប្រវត្តិរបស់អ្នកតា គឺជា “អតីតអ្នកនយោបាយ” តម្រូវឱ្យអ្នកនយោបាយស្រករក្រោយគោរពបូជា ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“អ្នកតា” គឺជា អសុរកាយមួយប្រភេទ មានឋានៈខ្ពស់ជាងខ្មោច ព្រាយ អាប ជាម្ចាស់ទឹកម្ចាស់ដី ដែលស្តេចអសុរកាយ ចាត់តាំងឱ្យឈរជើងប្រចាំការនៅមូលដ្ឋានណាមួយ។ ឯពាក្យថា “ស្មាក្តី” សំដៅដល់អ្នកជួយការពាររឿងក្តីក្តាំក្នុងតុលាការ ដើម្បីទាមទារយុត្តិធម៌ជូនកូនក្តី ដែលមនុស្សសម័យនេះ បានយកពាក្យ “មេធាវី” (Avocat) មកជំនួសវិញ។ អ្នកតាភាគច្រើន មានអតីតកាលជាស្តេចត្រាញ់ មេទ័ព មេកង ចៅហ្វាយខេត្ត ចៅហ្វាយស្រុក ជួនកាលជាអតីតព្រះមហាក្សត្រ ក៏មានដែរ ដូច “អ្នកតាព្រះចៅ” នៅភ្នំដូនពេញ នារាជធានីភ្នំពេញ ជាដើម។ មានន័យថា អ្នកតា គឺជាអតីតអ្នកនយោបាយ ធ្លាប់ដឹកនាំ ប្រទេស ឬមូលដ្ឋានណាមួយ ប្រឆាំងខ្មាំងសត្រូវឈ្លានពាន លុះលោកទទួលមរណភាពលើសមរភូមិ ឬមានគេធ្វើឃាត ឬក៏ពលីជីវិត ដើម្បីរំដោះជាតិមាតុភូមិ ព្រលឹងលោករកសុគតិភពមិនឃើញ ក៏មកយកកំណើតក្នុងភពអសុរកាយ ក្លាយជាអ្នកតា យ៉ាងនេះទៅ នេះបើយោងតាមជំនឿបុរាណ។
កាលពីសម័យលង្វែក នារជ្ជកាលព្រះបរមិន្ទរាជា (ព្រះបរមរាជាទី៤) ប្រជារាស្ត្រខ្មែរ បានតម្កល់ទុកអ្នកតា១២អង្គ ជា “ទេពារក្ស” ឬជា “ឆ្មាំព្រះនគរ”។ អ្នកតាទាំងនោះមាន ១–អ្នកតាឃ្លាំងមឿង ២–អ្នកតាភ្នំជីពិត ៣–អ្នកតាភ្នំក្រង ៤–អ្នកតា ភ្នំក្ងោកមាស ៥–អ្នកតាវត្តកៀនស្វាយក្នុង ៦–អ្នកតាវត្តកៀនស្វាយក្រៅ ៧–អ្នកតាវត្តជ្រោយអម្ពិល ៨–អ្នកតាវត្តវិហារសួរ ៩–អ្នកតាបន្ទាយលង្វែក ១០–អ្នកតាព្រះចៅ (នៅវត្តភ្នំ) ១១–អ្នកតាភ្នំជីសូរ (ខេត្តតាកែវ) ១២–អ្នកតាភ្នំទូកមាស (ខេត្ត កំពត)។ អ្នកតាធំទាំង១២អង្គនេះ ជាមេខ្លោងលើអ្នកតាតូចតាចតាមភូមិស្រុក មានភារកិច្ចមើលសុខទុក្ខកូនចៅប្រជារាស្ត្រ ប៉ុន្តែ នៅសម័យឧដុង្គ និងសម័យក្រោយៗមកទៀត ទើបមានអ្នកតាខ្លាំងៗកើតឡើងជាបន្តបន្ទាប់ ដូចជាអ្នកតាក្រហមក (តេជោមាស) អ្នកតាដំបងដែក, អ្នកតាមេស (នៅព្រៃវែង) អ្នកដូនជំទាវម៉ៅ យាយទេព ជាដើម។
អ្នកតាដែលមានអំណាចធំបំផុតនៅកម្ពុជា គឺអ្នកតាឃ្លាំងមឿង នេះឯង ដែលប្រវត្តិអ្នកតានេះ ប្រជារាស្ត្រខ្មែរបានជ្រួត– ជ្រាបជាទូទៅ និងខ្លបខ្លាចប្ញទ្ធិចេស្តាបារមីអ្នកតានេះគ្រប់គ្នា។ តាំងពីបុរាណកាលមក ចៅហ្វាយខេត្តពោធិ៍សាត់ណាដែល ទើបឡើងកាន់តំណែងថ្មី បើភ្លេចមិនបានទៅរៀបសំណែនថ្វាយអ្នកតាឃ្លាំងមឿង ទេនោះ នឹងធ្លាក់បុណ្យស័ក្តិមិនខានឡើយ។ តង្វាយអ្នកតាឃ្លាំងមឿង ត្រូវរៀប ៖ ១–កន្ទេលក្រហម មានខ្នើយផង ២–សំពត់ក្រាលពីលើកន្ទេល ៣–ស្លាធម៌ដី១គូ (ដោតម្លូ៥ ធូប៣សរសៃ) ៤–ក្បាលជ្រូក១ពាំកន្ទុយ ៥–ផ្តិលទឹកអប់១គូ មានឈើចាក់ធ្មេញ១ផង ៦–ពានស្លា បារី១គូ ៧–ដបស្រា១គូ មានទាំងពែង ៨–ចេកនួន ២ស្និត តម្កល់លើចានទាប ៩–បង្អែម២ស្ពក ១០–ចម្អាប២ស្ពក ១១–កន្ទោង ស្លឹកចេក១គូ ១២–មាន់ស្ងោរ១គូ និង១៣–ស្នែងទន្សោង១គូ។ តង្វាយទាំង១៣មុខនេះ ត្រូវរៀបជាគូៗ ដាក់ឆ្វេងស្តាំ ដោយ ថ្វាយភ្លេង និងរបាំទន្សោង ដើម្បីអន្ទងអញ្ជើញព្រលឹងអ្នកឧកញ៉ាសួគ៌ាលោកមឿង ដែលបានពលីជីវិតលោតចូលរណ្តៅអាវុធ ទៅកេណ្ឌទ័ពបិសាច មកជួយកងទ័ពព្រះចន្ទរាជា កាលពីគ្រិស្តសករាជ១៥១៦។
ការលើកឡើងពីប្រវត្តិអ្នកតាឃ្លាំងមឿង និងអ្នកតាធំតូចឯទៀតនេះ ចង់បង្ហាញថា “អ្នកតា គឺជាអតីតអ្នកនយោបាយ” នេះឯង ព្រោះឋានៈស្តេចត្រាញ់ ឬ មេទ័ព លុះត្រាតែឆ្អិននយោបាយ មានល្បិចយុទ្ធសាស្ត្រខ្ពស់ដល់កម្រិត ទើបមានសមត្ថ– ភាពគ្រប់គ្រងកងទ័ពនិងប្រជារាស្ត្របាន។ ដោយឡែក អ្នកនយោបាយសម័យនេះ ភាគច្រើនតែងគោរពបូជាអ្នកតា ឬបន់– ស្រន់យកអ្នកតាជាស្មាក្តី ឬមេធាវី ជួយខ្លួនឱ្យបានសុខសប្បាយចម្រុងចម្រើន ឬគេចផុតពីអំពើអយុត្តិធម៌ជាដើម។ មានអ្នកធំ ច្រើនណាស់ ដែលបានចំណាយទឹកប្រាក់ផ្ទាល់ខ្លួន កសាងអាស្រមថ្វាយអ្នកតា ក៏ដូចជាសិតរូបសំណាកអ្នកតា តម្កល់ទុកក្នុង អាស្រមនោះ ដើម្បីតបស្នងសងគុណអ្នកតាដែលបានជួយលោកឱ្យបានបុណ្យស័ក្តិ ឬលាភសក្ការៈផ្សេងៗ។ ទោះបីជាមើល រូបអ្នកតាមិនឃើញ ក៏លទ្ធិព្រលឹងតម្រូវឱ្យប្រើអារម្មណ៍ផ្តោតទៅលើអ្នកតា លេចចេញជាការយល់សប្តិឃើញអ្នកតាបង្ហាញ ខ្លួនប្រាប់ហេតុការណ៍ផ្សេងៗ។ នៅក្នុងឯកសារមហាបុរសខ្មែរ ក៏បានចារទុកពីរឿងសៀមវាយបែកបន្ទាយលង្វែក ដោយសារ ចារបុរសសៀម ២នាក់ ដែលក្លែងជាសង្ឃធុតង្គ ឈ្មោះសុប្បញ្ញោ និងតិប្បញ្ញោ បានធ្វើពិធីដកសិល្ប៍សាស្ត្របន្ទន់ចិត្តអ្នកតា ឱ្យសំងំស្ងៀម។ ក្រោយមក អ្នកតាឃ្លាំងមឿង និងអ្នកតាដំបងដែក រើបម្រះរួចពីចំណងសិល្ប៍នោះ ក៏នាំគ្នាហោះដេញតាម វាយបំបាក់កចារបុរសសៀមទាំងពីរនាក់នោះឱ្យដួលស្លាប់នៅមាត់បឹងក្បែរភ្នំឧដុង្គ។ បានជាគេដឹងរឿងនេះ ដោយសារអ្នកតា ទាំងពីរបានចូលសណ្ឋិតក្នុងរូបស្នង និយាយប្រាប់កូនចៅក្នុងពិធីឡើងអ្នកតា ស្របពេលដែលអ្នកស្រុកបានឃើញសង្ឃតិប្បញ្ញោ និងសុប្បញ្ញោ ដេកដួលក្ស័យសង្ខារ ដោយបាក់កនៅមាត់បឹង។
រឿងនេះ អ្នកវិទ្យាសាស្ត្រនិយមមិនសូវជឿទេ ប៉ុន្តែ “នគរធំ” គ្រាន់តែលើកមកជាគ្រឿងសំអាងតាមឯកសារប្រវត្តិ– សាស្ត្រប៉ុណ្ណោះ ស្តែងឱ្យឃើញថា ជំនឿទៅលើអ្នកតា ត្រូវបានប្រជារាស្ត្រខ្មែរ សូម្បីតែព្រះមហាក្សត្រ ក៏ព្រះអង្គគោរពបូជា អ្នកតាដែរ។ ដូច្នេះហេតុការណ៍ជនវិកលចរិតម្នាក់ វាយបំបាក់ករូបសំណាកអ្នកតានាម និងអ្នកតាស្រុះ នៅភ្នំដោះក្រមុំ នាខេត្ត មណ្ឌលគិរី អាចជាប្រផ្នូលមួយមិនល្អសម្រាប់ខេត្តនេះ។
មានតាញៀនកាហ្វេម្នាក់ នៅរាជធានីភ្នំពេញ បញ្ចោញទស្សនៈថា “មកពីអ្នកតាភ្នំដោះក្រមុំ ទទួលសំណែនពីឈ្មួញឈើ និងមន្ត្រីទុច្ចរិត ធ្មេចព្រះនេត្រឱ្យគេកាប់បំផ្លាញព្រៃឈើ ទើបបណ្តាលចិត្តមនុស្សឆ្កួត ឱ្យទៅវ៉ៃរូបសំណាកអ្នកតាយ៉ាងនេះទៅ។ ឥឡូវសមត្ថកិច្ចចាប់ជនវិកលចរិតនោះទៅឃុំឃាំង ក៏គ្មានបានចំណេញអ្វីដែរ មានតែរៀបចំពិធីបួងសួងបន់ស្រន់សុំខមាទោស វិញទើបល្អ”។
បើយកទស្សនៈតាញៀនកាហ្វេម្នាក់នោះមកវិភាគ យើងឃើញថា អ្នកតាភ្នំដោះក្រមុំ នៅក្រោមបង្គាប់អ្នកតាព្រះចៅ នៅវត្តភ្នំ ទាំងអស់ ឬថា អ្នកតាព្រះចៅ បានចាត់តាំងអ្នកតាភ្នំដោះក្រមុំ ឱ្យថែរក្សាព្រៃឈើនៅខេត្តមណ្ឌលគិរី ដឹងអី! អ្នកតាស្រុះ ទទួលសំណែនពីឈ្មួញកាប់បំផ្លាញព្រៃឈើ ចាំបាច់ត្រូវតែទទួលទណ្ឌកម្ម ដោយបញ្ចូលចិត្តមនុស្សឆ្កួតឱ្យប្រើអំពើហិង្សាលើ រូបសំណាក។ បើអ្នកតាព្រះចៅ បញ្ចូលចិត្ត “មនុស្សជា” ឱ្យទៅវាយបំផ្លាញ ច្បាស់ជាជាប់គុកយូរ អ៊ីចឹងឱ្យ “មនុស្សឆ្កួត” ទៅបំផ្លាញវិញ គង់តែសមត្ថកិច្ចដោះលែងក្នុងពេលឆាប់ៗនេះ។ ហេតុនេះ បើអ្នកនយោបាយចង់បន់ស្រន់អ្នកតា ជ្រើស អ្នកតាឱ្យជួយធ្វើស្មាក្តី ត្រូវចម្រាញ់អ្នកតាផង ជាពិសេស កុំភ្លេចធ្វើបុណ្យឡើងអ្នកតាឱ្យបានរាល់ឆ្នាំ តាមទំនៀម ទើបអ្នក– តាជួយ។
សរុបទៅ “អ្នកតា ជាស្មាក្តីរបស់អ្នកនយោបាយ” ជាទស្សនៈផ្ទុយពីវិទ្យាសាស្ត្រទាំងស្រុង ប៉ុន្តែ ចាត់ទុកជាមេរៀន ទស្សនវិជ្ជា នរវិទ្យា ពន្ធុវិទ្យា មិនអាចខ្វះបាន។ អាជ្ញាធរខេត្តមណ្ឌលគិរី គួរតែប្រញាប់ប្រញាល់ជួសជុលរូបសំណាកអ្នកតា ដែលរងការវាយបំផ្លាញនោះ ឱ្យស្អាតដូចដើមវិញ ទុកជាទីសក្ការៈ ឬទុកជាស្មាក្តីតទៅ។ ជាពិសេសឈ្មួញឈើ និងមន្ត្រីទុច្ចរិត ដែលសមគំនិតគ្នាយកជ្រូកខ្វៃទៅបំពោបថ្វាយអ្នកតា សុំផ្លូវដឹកឈើប្រណីតទៅវៀតណាមនោះ ល្មមភ្ញាក់រលឹកហើយ ក្រែង អ្នកតាព្រះចៅ ឬអ្នកតាឃ្លាំងមឿង ខ្ញាល់ បញ្ចូលចិត្តមនុស្សវិកលចរិតឱ្យវាយបំផ្លាញរថយន្ត ឬទាញចង្កូតឡានឱ្យក្រឡាប់ ឬក៏វាយបំបាក់កឈ្មួញបំផ្លាញព្រៃឈើទាំងនោះ បន្ទាប់ពីព្រមានអ្នកតាក្រោមបង្គាប់ ឱ្យបើកព្រះនេត្រមើលព្រៃ ដែលកំពុង រងវិនាសកម្ម៕
ដោយ ៖ អាចារ្យថាំ