Monday, November 25, 2024
Homeនយោបាយលោកកឹម​ សុខា​ ចុះចែកអំណោយជូនពលរដ្ឋរងគ្រោះទឹកជំនន់

លោកកឹម​ សុខា​ ចុះចែកអំណោយជូនពលរដ្ឋរងគ្រោះទឹកជំនន់

ខេត្តបាត់ដំបង ៖ លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ នៅស្រុករុក្ខគិរី កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ។

លោកកឹម សុខា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ថា “ថ្ងៃនេះ ទោះបីមិនមានអ្វីធំដុំច្រើនក៏ដោយ ក៏ខ្ញុំនិងសហការី បានមកជួបមុខ សួរសុខទុក្ខ​ និងបានរួមចំណែកផ្តល់ស្បៀងអាហារជូនបងប្អូនដែលរងគ្រោះដោយទឹកជំនន់ ប្រមាណមួយរយគ្រួសារ ដោយផ្ទាល់ នៅស្រុករុក្ខគិរី​ ខេត្តបាត់ដំបង​ ហើយខ្ញុំនឹងព្យាយាមចូលរួមចែករំលែកបន្តទៅទៀត តាមលទ្ធភាព​។

ខ្ញុំសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិ បន្តប្រុងប្រយត្ន័ខ្ពស់ចំពោះគ្រោះទឹកជំនន់នេះ។​ សូមខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន តាមលទ្ធភាពរៀងៗខ្លួន។​ ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណសប្បុរសជន និងសូមអរគុណសមត្ថកិច្ច ដែលបាន និងកំពុងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋយើង។​ សូមឲ្យបងប្អូនជនរួមជាតិខ្មែរ មានសេចក្តីសុខ ចាកផុតគ្រោះ និងទុក្ខទាំងឡាយ”។

ជុំវិញគ្រោះទឹកជំនន់នេះដែរ កាលពីថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ លោកកឹម សុខា បានសរសេរក្នុងទំព័រហ្វេសប៊ុក ដដែលថា “ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តាមព័ត៌មានបានឲ្យដឹងថា មានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅតាមតំបន់មួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ដូចជាក្នុងខេត្តបាត់ដំបង និងខេត្តពោធិ័សាត់ ជាដើម ដែលស្ថានភាពបច្ចុប្បន្ននេះ នៅមិនទាន់ធូរស្រាលនៅឡើយ។

គ្រោះទឹកជំនន់នេះ អាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ខ្លះ ជាពិសេសអ្វីដែលខ្ញុំមានការព្រួយបារម្ភចំពោះមុខនេះ គឺផលប៉ះពាល់អាយុជីវិត សុវត្ថិភាព ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដំណាំ សត្វ ហើយនិងមុខរបបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ”។

លោកកឹម សុខា បានសរសេរបន្តថា “ទោះបីខ្ញុំពុំមានលទ្ធភាព និងសមត្ថកិច្ចក្នុងការជួយសង្រ្គោះនូវផលប៉ះពាល់នៃទឹកជំនន់នេះក៏ដោយ ក៏ខ្ញុំសូមសម្តែងនូវសមានចិត្តចូលរួមដោយស្មោះ នូវកង្វល់និងការរំលែកទុក្ខលំបាករបស់បងប្អូនជនរួមជាតិ នៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នេះផងដែរ និងសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់។ ខ្ញុំសូមកោតសរសើរនិងលើកទឹកចិត្តដល់សមត្ថកិច្ចគ្រប់លំដាប់ ចំពោះការជួយសង្គ្រោះបងប្អូនដែលកំពុងតែរងគ្រោះនៅពេលនេះ។

ក្នុងគ្រាលំបាកចំពោះមុខនេះ ខ្ញុំសូមធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ និងសប្បុរសជន ចូលរួមជួយរំលែកទុក្ខលំបាក ទាំងស្មារតីនិងសម្ភារ:ដល់បងប្អូនជនរងគ្រោះដោយទឹកជំនន់។ ជាពិសេស ខ្ញុំសូមបួងសួងឲ្យបងប្អូនជនរួមជាតិ មានសុវត្ថិភាពនិងរួចចាកផុតពីផលប៉ះពាល់នៃគ្រោះទឹកជំនន់នេះ”៕

RELATED ARTICLES