នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោកកឹម សុខា បានយកអំណោយទៅចែកជូនប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានលើកឡើងថា សូមឲ្យស្មារតីដ៏ថ្លៃថ្លា សាមគ្គីជាតិ ខ្មែរជួយខ្មែរ មានឋិតឋថេរបន្តទៀតជានិរន្តរ៍ ។
លោកកឹម សុខា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ ថា “សូមឲ្យស្មារតីដ៏ថ្លៃថ្លា សាមគ្គីជាតិ ខ្មែរជួយខ្មែរ មានឋិតឋថេរបន្តទៀតជានិរន្តរ៍។
រាជធានីភ្នំពេញ ៖ ថ្ងៃនេះ ខ្ញុំនិងសហការី បាននាំយកជំនួយមនុស្សធម៌របស់បងប្អូនខ្មែរនៅសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី ដែលបានផ្តល់មកតាមរយៈខ្ញុំ បន្តចែកជូនប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ“ ។
លោកអ៊ុំ តារាវុទ្ធី អតីតក្រុមការងារអតីតគណបក្សសង្រ្គោះជាតិ ខេត្តកណ្ដាល ដែលជាកូនចៅលោកកឹម សុខា បានលើកឡើងថា កិច្ចការមនុស្សធម៌ ខ្មែរជួយគ្នាក្នុងគ្រាអាសន្ន លោកកឹម សុខា និងពលរដ្ឋខ្មែរ គឺតែមួយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ជាទុក្ខលំបាករបស់លោកផងដែរ លោកតែងតែចែករំលែកធនធាន ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ ។ ដូច្នេះសូមក្រុមវង្វេងជាតិខ្លួន ជនជ្រុលនិយម ហិង្សាបដិវត្ដន៍ ប្រឆាំងផ្ដាច់ការ មើលឃើញពីគុណតម្លៃនេះផង កុំសូម្បីតែកិច្ចការមនុស្សធម៌សោះ ក៏ប្រឆាំងមិនរើសមុខនោះ ។
លោកអ៊ុំ តារាវុទ្ធី បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ថា “រាជធានីភ្នំពេញ ថ្ងៃទី១៧តុលា នេះ ឯកឧត្តមប្រធាន កឹម សុខា និងសហការី បានយកអង្ករ គ្រឿងឧបភោគ-បរិភោគ និងតង់ ចែកជូនប្រជាពលរដ្ឋ ជាងមួយរយគ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ។
កិច្ចការមនុស្សធម៌ ខ្មែរជួយគ្នាក្នុងគ្រាអាសន្ន ឯកឧត្តមប្រធាន កឹម សុខា និងពលរដ្ឋខ្មែរ គឺតែមួយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ជាទុក្ខលំបាករបស់លោកផងដែរ។ ឯកឧត្តមប្រធាន លោកតែងតែចែករំលែកធនធាន ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ។ ដូចជាករណីទឹកជំនន់លិចលង់នេះ អ្នកដែលមកទទួលគ្រឿងឧបភោគ-បរិភោគ ពីឯកឧត្តមប្រធាន កឹម សុខា ទោះអ្នកគាំទ្របក្សណា ក៏អាចទទួលបាន ឯកឧត្តមប្រធាន កឹម សុខា លោកចែករំលែកទៅតាមលទ្ធភាព និងសទ្ធាជ្រះថ្លារបស់លោក ក្នុងនាមលោកឈាមជ័រជាខ្មែរ ដោយមិនមានការរើសអើង»។
លោកអ៊ុំ តារាវុទ្ធី សរសេរបន្តថា «ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ តែបែរជាមានក្រុមវង្វេងជាតិខ្លួន ជនជ្រុលនិយម ហិង្សាបដិវត្ដន៍ ប្រឆាំងផ្ដាច់ការ មើលមិនឃើញពីគុណតម្លៃនេះ បើអស់លោក-អ្នក មានឈាមជ័រជាខ្មែរដែរ សង្ឃឹមថា អស់លោក-អ្នក ព្រមបើកសតិខ្លះ មេត្តាអាណិតអាសូរដល់ពលរដ្ឋខ្មែរផង ដែលត្រូវការសង្គ្រោះ សូម្បីតែកិច្ចការមនុស្សធម៌សោះ ក៏លោក-អ្នកប្រឆាំងមិនរើសមុខនោះ“ ៕