Monday, November 25, 2024
Homeនយោបាយលោកកឹម សុខា និងសម្តេចហ៊ុន សែន ចុះខេត្តតែមួយ ដូចណាត់គ្នា

លោកកឹម សុខា និងសម្តេចហ៊ុន សែន ចុះខេត្តតែមួយ ដូចណាត់គ្នា

ខេត្តបន្ទាយមានជ័យ ៖ លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ (អតីតបក្សប្រឆាំង) និងសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចុះទៅកាន់ខេត្តបន្ទាយមានជ័យ ក្នុងថ្ងៃតែមួយដូចណាត់គ្នា ដើម្បីចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់។

សម្តេចហ៊ុន សែន ពេលចុះសួរសុខទុកនិងចែកអំណោយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅស្រុកមង្គលបូរី

លោកកឹម សុខា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ថា “ខេត្តបន្ទាយមានជ័យ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ “ទៅហើយមកវិញៗ ដោយសារតែបងប្អូនរងគ្រោះ ព្រោះទឹកជំនន់”

ថ្ងៃនេះខ្ញុំ និងសហការី បានមកដល់ខេត្តបន្ទាយមានជ័យ វិញហើយ ដោយនាំយកស្បៀងនិងសម្ភារៈមួយចំនួន (អង្ករ តង់កៅស៊ូ ទឹកស៊ីអ៊ីវ ទឹកក្រូច សាប៊ូ និងជែលលាងដៃ) ដែលជាសទ្ធាប្រកបដោយទឹកចិត្តសប្បុរសធម៌របស់បងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅក្នុង និងក្រៅប្រទេស ចែកជូនប្រជាពលរដ្ឋខ្មែរយើង ដែលរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមអរគុណសប្បុរសជនដែលផ្តល់ជំនួយ អរគុណសមត្ថកិច្ចដែលជួយសង្គ្រោះ អរគុណអាជ្ញាធរដែលសហការ។

សូមបងប្អូនប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នខ្ពស់ និងសូមបួងសួងឱ្យខ្មែរ បានសុខ ចាកផុតទុក្ខ មិនចងពៀរនឹងគ្នា។

”អ្វីដែលជាកុសល យើងគួររួមគ្នាធ្វើ អ្វី ដែលជាជម្លោះ យើងគួរនាំគ្នាជម្រុះ ទើបមានកិត្តិយស ជាតិយើងរឹងមាំ”។

ចំណែកសម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់សម្តេច នៅថ្ងៃដដែលនោះថា “ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជន ប្រមាណពីរម៉ឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ ខ្ញុំនឹងបំពេញការងារពីរថ្ងៃនៅខេត្តបន្ទាយមានជ័យ គឺថ្ងៃ២១ និងថ្ងៃ២២ ខែតុលា ឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញ វិញ ដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃ២៣ ខែតុលា ឆ្នាំ ២០២០។

ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេ ដែលចាំបាច់ត្រូវផ្តល់អាទិភាពសង្គ្រោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។

លោកកឹម សុខា ពេលចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

សូមអរគុណសប្បុរសជនដែលជួយផ្តល់ជាថវិកា សម្ភារៈ ស្បៀងអាហារ៘ តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ឬចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។ សូមកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ក្រុមយុវជនទាំងអស់ ដែលបានចូលរួមជួយសង្គ្រោះប្រជាជននៅតំបន់រងគ្រោះ ដែលនេះ បានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងទូលំទូលាយនៃជាតិយើង។

សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ”។

ដោយឡែកនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ៕

RELATED ARTICLES