Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិព្រះ​បរម​សព​ព្រះ​មហា​ក្សត្រ​ថៃ រំកិល ចេញពី​មន្ទីរ​ពេទ្យ​តម្កល់​ក្នុង​វាំង

ព្រះ​បរម​សព​ព្រះ​មហា​ក្សត្រ​ថៃ រំកិល ចេញពី​មន្ទីរ​ពេទ្យ​តម្កល់​ក្នុង​វាំង

ប្រទេសថៃ ៖ បន្ទាប់ពីបានយាងចូលព្រះ ទិវង្គត កាលពីវេលាម៉ោង៣និង៥២នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មកដល់រសៀល ថ្ងៃទី១៤ ខែ ឆ្នាំដដែល ព្រះបរមសពព្រះមហាក្សត្រថៃ ព្រះបាទភូមិភុន អៈឌុនយៈដេត (ភូមិពល អតុល្យតេជ) ត្រូវបានរំកិលចេញពីមន្ទីរពេទ្យសិរិរាជ ក្នុងទីក្រុងបាងកក មកតម្កល់ នៅព្រះទីនាំងតុសិតមហាប្រាសាទ នៃព្រះបរមរាជវាំងរួចរាល់ហើយ ដើម្បីរៀបចំព្រះរាជពិធី បុណ្យថ្វាយព្រះបរមសព តាមប្រពៃណី។

thia-1

តាំងពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅតាមផ្លូវដែលរៀបចំក្បួនរំកិល ព្រះបរមសព ព្រះមហាក្សត្រថៃ ព្រះបាទភូមិពល អតុល្យតេជ ពីមន្ទីរពេទ្យសិរិរាជ មកកាន់ព្រះបរមរាជវាំង មានប្រជាពលរដ្ឋថៃ ស្លៀកពាក់ខ្មៅ កាន់ទុក្ខអង្គុយ និងឈរនៅអមសងខាងផ្លូវ យ៉ាងច្រើនកុះករ រង់ចាំទទួលព្រះរាជដំណើរ រំកិលព្រះបរមសព សម្តែងទុក្ខសោកអាឡោះអាល័យ ចំពោះការបាត់បង់ព្រះមហាក្សត្រជា ទីគោរពសក្ការៈ។

thia-4

ព្រះបរមសព ត្រូវបានរំកិលចេញពីមន្ទីរពេទ្យសិរីរាជ នៅពេលម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ហើយ បានយាងមកដល់ព្រះទីនាំងតុសិតមហាប្រាសាទ ក្នុងព្រះបរមរាជវាំង នៅវេលាម៉ោង៥រសៀល ថ្ងៃដដែល ដើម្បីតម្កល់ធ្វើព្រះរាជពិធីបុណ្យ ព្រះបរមសព រយៈពេល៧ថ្ងៃ។

នៅថ្ងៃដដែលនោះ ក៏មានរៀបចំពិធីស្រង់ ទឹក ចំអាសព្រះបរមសពនៅក្នុងព្រះបរមរាជវាំង ដោយមានការចូលរួមពីព្រះរាជបុត្រា រាជទាយាត ព្រះមហាវជីរ៉ាឡុងកន និងព្រះ ញាតិវង្សានុវង្សថៃ, លោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ និងមន្ត្រីរាជការ ប្រជាពលរដ្ឋ ថៃទូទៅ ជាពិសេស ក៏មានវត្តមានលោកស្រី យីង ឡាក់ ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ចូលរួមពិធីស្រង់ទឹកចំអាសព្រះបរមសព ព្រះមហាក្សត្រថៃ ផងដែរ។

thia-6

ជុំវិញការយាងសោយព្រះទិវង្គតរបស់ ព្រះមហាក្សត្រថៃ នេះដែរ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន ផ្ញើលិខិតជូនលោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ផងដែរ។

លិខិតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូលលោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រី ថៃ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នោះ មានខ្លឹមសារថា “ខ្ញុំបានទទួលព័ត៌មានក៏ក្រៀមក្រំបំផុតចំពោះការសោយទិវង្គតរបស់ព្រះបាទ ភូមិភុន អៈឌុនយៈដេត ព្រះមហាក្សត្រជាទីគោរព ស្រឡាញ់បំផុតនៃប្រទេសថៃ និងជាព្រះមហាក្សត្រ ដែលគ្រងរាជ្យសម្បត្តិយូរបំផុតក្នុងពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

ការសោយទិវង្គតរបស់ព្រះអង្គ គឺជាការ បាត់បង់ដ៏ធំធេងរបស់ប្រជាជន និងប្រទេសថៃ ក៏ដូចជាសម្រាប់មិត្តភក្តិទាំងអស់នៅលើពិភពលោក។ ព្រះបាទភូមិភុន អៈឌុនយៈដេត បាន លះបង់ព្រះកាយពលពេញមួយព្រះជន្មរបស់ ព្រះអង្គ ដើម្បីឯកភាពជាតិ វិបុលភាព សុភមង្គល របស់ប្រជាជនថៃ។ ព្រះរាជកិច្ចដ៏ភ្លឺស្វាងក្នុង ព្រះបរមនាមជាព្រះមហាក្សត្រ និងព្រះរាជបូជនីយកិច្ចចំពោះជាតិ ប្រកបដោយព្រះរាជបុគ្គលិកលក្ខណៈដ៏វិសេសថ្លៃថ្លារបស់ព្រះអង្គ នឹងត្រូវបានប្រជាជនថៃ ចងចាំជានិច្ច។

thia-2

ស្ថិតក្នុងកាលៈទេសៈមរណទុក្ខដ៏ក្រៀមក្រំ នេះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា ខ្ញុំសូមសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងការរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ ការបាត់បង់ដ៏ធំធេងនេះថ្វាយព្រះមហាក្សត្រីយានី និងព្រះរាជវង្សានុវង្ស ក៏ដូចជាជូនចំពោះ រដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ។

សូមឯកឧត្តម មេត្តាទទួលនូវការគោរព រាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ”។

ចំណែកលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០១៦ ក៏បានផ្ញើលិខិតជូនលោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ ចូលរួម រំលែកទុក្ខដោយក្តីសោកស្តាយចំពោះការយាង ចូលព្រះទិវង្គតរបស់ព្រះមហាក្សត្រថៃ ផងដែរ។

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ព្រះករុណា ព្រះបាទសម្តេចភូមិភុន អៈឌុនយៈដេត (ភូមិពល អតុល្យតេជៈ) បានយាងចូលព្រះទិវង្គត នៅក្នុងមន្ទីរពេទ្យសិរិរាជ ក្រុងបាងកក ប្រទេសថៃ កាលពីវេលាម៉ោង៣និង៥២នាទី រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដោយ ព្រះរោគាពាធ ក្នុងព្រះជន្មាយុ៨៩ព្រះវស្សា។

យោងតាមសេចក្តីប្រកាសរបស់ព្រះបរមរាជវាំងថៃ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ បានបញ្ជាក់ថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិភុន អៈឌុនយៈដេត បានយាងគង់ប្រថាប់ ព្យាបាលព្រះអាការប្រឈួន នៅមន្ទីរពេទ្យ សិរិរាជ តាំងពីថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ ២០១៦ ប៉ុន្តែទោះបីជាក្រុមគ្រូពេទ្យបានថ្វាយ ការព្យាបាល និងតាមដានអាការប្រឈួនយ៉ាង យកចិត្តទុកដាក់អស់ពីសមត្ថភាពយ៉ាងណា ក៏ ព្រះអាការប្រឈួនមិនបានធូរស្រាល និងកាន់តែដុនដាបជាលំដាប់ រហូតមកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៣និង៥២នាទី រសៀល ព្រះអង្គបានយាងចូលព្រះទិវង្គត ដោយ ព្រះអាការស្ងប់ នៅមន្ទីរពេទ្យ ក្នុងព្រះជន្មាយុ ៨៩ព្រះវស្សា បន្ទាប់ពីព្រះអង្គបានគ្រងរាជសម្បត្តិបាន៧០ព្រះវស្សា។

បន្ទាប់ពីព្រះបរមរាជវាំង បានប្រកាសពី ការយាងចូលព្រះទិវង្គតរបស់ព្រះមហាក្សត្រ ថៃ ជនជាតិថៃទូទាំងប្រទេស ជាពិសេសអ្នក ដែលបានមកអង្គុយបួងសួងនៅបរិវេណមន្ទីរពេទ្យសិរិរាជ នោះ បាននាំគ្នាស្រែកទ្រហោយំ សោកស្តាយអាល័យអាឡោះចំពោះព្រះមហាក្សត្រ និងបានបួងសួង សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ បានយាង ទៅសោយសុខនៅព្រះគតិភព កុំបីអាក់ខាន ឡើយ។

បន្ទាប់មក ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូឆា នៅរសៀលថ្ងៃដដែលនោះ បានចេញសេចក្តី ប្រកាស២ចំណុច ដូចខាងក្រោម ៖

គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថាន សិក្សាទាំងអស់ ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង រយៈពេល៣០ថ្ងៃ ចាប់តាំងពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៦ តទៅ។

មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័នរដ្ឋ ទាំងអស់ ត្រូវកាន់ទុក្ខកំណត់១ឆ្នាំ ចាប់តាំងពី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ តទៅ។ ចំពោះ ប្រជាជនទូទៅ សូមឱ្យពិចារណាដំណើរការ កាន់ទុក្ខតាមការគួរ។

ដោយឡែក ក្រោយការយាងចូលព្រះទិវង្គតរបស់ព្រះមហាក្សត្រថៃ លោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ បានប្រកាសថា រជ្ជទាយាទ ដែលត្រូវឡើងគ្រងរាជ្យបន្ត គឺព្រះអង្គ ម្ចាស់ មហា វជីរ៉ាឡុងកន ជាព្រះរាជបុត្រា ដែល ព្រះមហាក្សត្រ ភូមិភុន អៈឌុនយៈដេត បាន ជ្រើសតាំងរួចមកហើយ តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៧២៕

RELATED ARTICLES