Monday, November 25, 2024
Homeនយោបាយដំណឹងរីករាយ!!! សម្តេចហ៊ុន សែន និងភរិយា ពុំបានឆ្លងកូវីដ-១៩ នោះទេ

ដំណឹងរីករាយ!!! សម្តេចហ៊ុន សែន និងភរិយា ពុំបានឆ្លងកូវីដ-១៩ នោះទេ

ជាដំណឹងមួយដ៏គួរឲ្យរីករាយជាទីបំផុត ខណៈដែលសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា លទ្ធផលធ្វើសំណាកលើកទី៤ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ គឺសម្តេច និងភរិយា ពុំបានឆ្លងជំងឺកូវីដ១៩នោះទេ ហើយចាប់ពីស្ងែកនេះទៅ សម្តេច នឹងចេញហាត់ប្រាណ និងធ្វើការនៅខាងក្រៅបានធម្មតា។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមុននេះបន្តិចថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ គឺល្អណាស់សម្រាប់ខ្ញុំនិងភរិយា ព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថា អវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ។ ដូចនេះចាប់ពីថ្ងៃស្អែក ១៩ វិច្ឆិកា ២០២០ ខ្ញុំនឹងចេញទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅ ដូចមុនថ្ងៃទី៤ វិច្ឆិកា ឡើងវិញ តែខ្ញុំនៅតែមិនទាន់ឱ្យកូននិងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀត ដើម្បីធានាឱ្យប្រាកដថា ខ្ញុំគ្មានមេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះឡើយ”។

សម្តេចបន្តថា “នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតា ផ្តល់ឱ្យកូនៗ និងចៅៗ គឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។

ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត ខ្ញុំអាចប្រកាសជូនជ្រាបថា ព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័ក តាមពេលវេលាដូចខាងក្រោម ៖

១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញ ចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រី ចំនួន៥នាក់) ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រី ម្នាក់ផង។ ខេត្តកណ្តាល ចំនួន៦៧នាក់ ខេត្តពោធិ៍សាត់ ចំនួន៤០នាក់ ខេត្តព្រៃវែង ចំនួន២៣នាក់ ខេត្តកំពង់ធំចំនួន៣នាក់។

២.សម្រាប់ថ្ងៃ២១ វិច្ឆិកា ២០២០ គឺខេត្តកំពង់ឆ្នាំង ចំនួន១១នាក់។

៣.សម្រាប់ថ្ងៃ២៣ វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុ ចំនួន៤០នាក់ ខេត្តកំពង់ចាម ចំនួន១នាក់។

៤.សម្រាប់ថ្ងៃ ២៥ វិច្ឆិកា ២០២០ មានខេត្តព្រះវិហារ ចំនួន២០នាក់ ខេត្តរតនគិរី ចំនួន១០នាក់”។

សម្តេចបន្ថែមថា “សូមរំលឹកចំពោះអាជ្ញាធរមូលដ្ឋានដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័ក ដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ ត្រូវណែនាំឱ្យបងប្អូនឱ្យបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញ ព្រោះផ្នែកសុខាភិបាល កំណត់រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។

ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្ស រហូត១៨០២នាក់ នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្ត និងការធ្វើចត្តាឡីស័កបានត្រឹមត្រូវ រយៈពេល១៤ថ្ងៃ ដែលបញ្ហានេះខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។

ប្រតិបត្តិការនៃព្រឹត្តិការណ៍៣វិច្ឆិកា ពិតជាធំធេងនឹងស្មុគ្រស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធ ព្រោះវាទាក់ទងដល់មនុស្សច្រើននឹងរាជធានីខេត្ត ស្រុក ខណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើន ដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាព និងសហការណ៍ល្អយើងអាចធ្វើបាន ដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធមិនឱ្យបាត់ដាន ដែលជាមូលហេតុឆ្លងចូលសហគមន៍ បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។

បទពិសោធន៍ជោគជ័យរបស់យើងនៅពេលនេះ ក៏ដូចជាពេលកន្លងមក គឺស្ថិតនៅលើល្បឿននៃការគ្រប់គ្រងសភាពការណ៍ទាន់ពេល និងមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីស្វែងរកមុខសញ្ញាដែលមានការពាក់ព័ន្ធទាំងផ្ទាល់ ទាំងប្រយោលយកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សម្តេចបានបន្ថែមថា “ឆ្លៀតយកឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខ ដែលហ៊ានប្រឈមចំពោះជម្ងឺឆ្លងដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់។ ខ្ញុំសូមផ្ញើជូននូវការគោរពនិងថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានខិតខំជួយទៅលើការធ្វើតេស្តដោយភាពហ្មត់ចត់នឹងការទទួលខុសត្រូវខ្ពស់។

ខ្ញុំក៏សូមអរគុណផងដែរដល់បងប្អូនដែលជាប់ពាក់ពន្ធ័ទាំងដោយផ្ទាល់ និងដោយប្រយោលដែលបានអត់ធ្មត់រស់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃតាម លក្ខខណ្ឌតម្រូវនៃការធ្វើចត្តាឡីស័ក។

បងប្អូនជនរួមជាតិជាទីគោរព! ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា មិនមែនមានន័យថា យើងបញ្ចប់ការខិតខំដើម្បីប្រយុទ្ធជាមួយកូវីដ១៩នោះទេ ផ្ទុយទៅវិញយើងត្រូវខិតខំច្រើនជាងមុនដើម្បីទប់ស្កាត់ឃាតករលាក់មុខ ដែលយើងមើលមិនឃើញតាមរយៈការពាក់ម៉ាសក៍ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាព។ល។ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ត្រូវចងចាំថា ប្រជាជនក្នុងលោកនិយាយជារួមនឹងប្រជាជនកម្ពុជា និយាយដោយឡែក ស្អប់កូវីដ១៩ខ្លាំងណាស់ តែកូវីដ១៩ មិនត្រឹមតែមិនស្អប់យើងវិញនោះទេ តែវាថែមទាំងស្រឡាញ់យើងទៀតផង ដែលការស្រឡាញ់របស់វាមកលើយើងនឹងធ្វើឱ្យយើងស្លាប់ឬខូចខាតសុខភាពតែប៉ុណ្ណោះ។

ត្រូវចងចាំថា ការដែលកម្ពុជាមានមនុស្សឆ្លងតិច នឹងមិនមានមនុស្សស្លាប់ មិនមែនមកពីយើងមានឈាមជាខ្មែរអង្គរ ដែលមានឈាមក្រហមពិសេសអាចប្រឆាំងជាមួយកូវីដ១៩ បានដូចមនុស្សខ្លះបានអះអាងនោះទេ (ខ្ញុំសង្ឃឹមថា អ្នកអះអាងបែបនេះ នឹងមានសេចក្តីក្លាហានពិតប្រាកដចូលទៅបំរើអ្នកកើតកូវីដ១៩ ដោយមិនមានសំភារៈការពារខ្លួន តើឆ្លងឬមិនឆ្លង? ដើម្បីបានជាប្រយោជន៍សម្រាប់ការស្រាវជ្រាវវិទ្យាស្ត្រផង នឹងដើម្បីកូនខ្មែរ ដែលមានឈាមក្រហមពិសេសមិនបាច់ការពារខ្លួនដូចសព្វថ្ងៃផង។ ប្រសិនជាអាចធ្វើបានមែន អង្គការសុខភាពពិភពលោក ប្រាកដជាប្រកាសទទួលស្គាល់អ្នកថា ជាអ្នកវិទ្យាសាស្ត្រដ៏កំពូល គ្មានពីរក្នងលោក)។ ឬបានមកពីការកត្តាអាកាសធាតុដែលធ្វើឱយកូវីដ១៩ មិនអាចឆ្លង ចូលបាននោះដែរ។

ជោគជ័យរបស់យើងបានមកពីការខិតខំរួមគ្នាទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ដែលមានក្រសួងសុខាភិបាល ពិសេសក្រុមគ្រូពេទ្យជាប្រតិបត្តិករដ៏មានប្រសិទ្ធភាពនឹងសំខាន់ជាងទៀត គឺប្រជាជនកម្ពុជា គ្រប់រូបចូលរួមអនុវត្តន៍នូវវិធានការណ៍ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល ដោយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ដែលខ្ញុំសុំយកឱកាសនេះសម្តែងនូវអំណរគុណចំពោះជនរួមជាតិគ្រប់រូប នឹងថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងសប្បុរសជនដែលបានចូលរួមជួយជាថវិកា សំម្ភារៈដើម្បីប្រយុទ្ធជាមួយជម្ងឺដ៏កាចសាហាវនេះ។

យើងបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅឱ្យក្រសួងអប់រំយុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការគ្រប់ផ្នែកគ្រប់វិស័យ វិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆិកា ឡើងវិញ តែការប្រយុទ្ធជាមួយកូវីត-១៩ នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល”។

សម្តេចបន្ថែមទៀតថា “ព្រឹត្តិការណ៍៣វិច្ឆិកា បានបង្រៀនយើង បានរំលឹកយើង បានដាស់តឿនយើង និងបានណែនាំយើងឱ្យមានការប្រុងប្រយ័តជានិច្ច ទើបអាចយកឈ្នះលើកូវីដ១៩ បាន។ ត្រូវម្ចាស់ការទប់ស្កាត់ជាមុនតាមវិធីការពារប្រសើរជាងការព្យាបាល។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន”៕

RELATED ARTICLES