Monday, November 25, 2024
Homeនយោបាយនាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម ប្តេជ្ញាចិត្តដោះស្រាយកំណាត់ខ្សែព្រំដែននៅសល់ ១៦%

នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម ប្តេជ្ញាចិត្តដោះស្រាយកំណាត់ខ្សែព្រំដែននៅសល់ ១៦%

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម បានប្តេជ្ញាចិត្តដោះស្រាយកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ ១៦% ឱ្យចប់រួចរាល់ ក្នុងគោលបំណងប្រែក្លាយព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ការប្តេជ្ញាចិត្តបែបនេះ ធ្វើឡើងក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូ រវាងសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ពីកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ រវាងសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម ដែលមានខ្លឹមសារទាំងស្រុងថា “នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយឯកឧត្តមង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់ និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរវៀតណាម ចំពោះលទ្ធផលប្រកបដោយជោគជ័យ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងនូវការពេញចិត្តលើការរីកចម្រើនដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ និងបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅ ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

នាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់នូវសារសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរ។ ក្នុងគោលបំណងនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ ភារកិច្ចដល់ក្រសួងស្ថាប័ននានា និងអាជ្ញាធរថ្នាក់ខេត្តនៃប្រទេសរៀងៗខ្លួន ធ្វើការឱ្យបានជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ធុរជន ក៏ដូចជាលើកកម្ពស់ការអនុវត្តវិធានការបង្ការដើម្បីដោះស្រាយបញ្ហានានា នៅតាមបណ្តាព្រំដែននៃប្រទេសទាំងពីរ ដែលអាចកើតឡើងជាយថាហេតុឱ្យបានទាន់ពេលវេលា។ ថ្នាក់ដឹកនាំទាំងពីរក៏បានអះអាង សាជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរួមដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិនិងសន្តិសុខ ក្នុងទិសដៅធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។

ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយពេញចិត្តដែលកម្ពុជា និងវៀតណាម បានគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយជោគជ័យ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបានផ្តល់គ្រឿងបរិក្ខារពេទ្យដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានសម្របសម្រួលឱ្យនិស្សិតកម្ពុជា រាប់រយនាក់បានត្រឡប់ទៅសិក្សានៅប្រទេសវៀតណាម វិញ។ នាយករដ្ឋមន្ត្រីវៀតណាម បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចនិងសង្គម ក្នុងអំឡុងពេលរីករាលដាលនៃជំងឺរាតត្បាតក្នុងពិភពលោក។

នាយករដ្ឋមន្ត្រីទាំងពីរ បានអបអរសាទរចំពោះការផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងលើពិធីសារទទួលស្គាល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានគូសបញ្ជាក់នូវសារសំខាន់នៃការផ្លាស់ប្តូរផែនទីឋានលេខា ព្រំដែនរវាងកម្ពុជា និងវៀតណាម។ ភាគីទាំងពីរបានឯកភាពពន្លឿននីតិវិធីដើម្បីផ្លាស់ប្តូរលិខិតូបករណ៍ នៃការផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែម និងពិធីសារឆ្នាំ២០១៩ ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បី ដោះស្រាយកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ចំនួន១៦% ក្នុងគោលបំណងប្រែក្លាយ ព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា។

នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងពហុភាគី ដូចជាអនុតំបន់មេគង្គ អាស៊ាន កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងអង្គការសហប្រជាជាតិ។

កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ត្រូវបានធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាលបំផុត ឆ្លុះបញ្ចាំងពីសាមគ្គីភាពជាភាតរភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ”៕

RELATED ARTICLES