Monday, November 25, 2024
Homeនយោបាយលោកកឹម សុខា ថាមានសមត្ថកិច្ចស្លៀកពាក់ស៊ីវិល តាមដានសកម្មភាពគ្រប់ខេត្ត

លោកកឹម សុខា ថាមានសមត្ថកិច្ចស្លៀកពាក់ស៊ីវិល តាមដានសកម្មភាពគ្រប់ខេត្ត

ភ្នំពេញ ៖ លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” បានលើកឡើងថា មានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលមួយចំនួន បានតាមដានសកម្មភាពរបស់លោកគ្រប់ខេត្ត ធ្វើឲ្យលោកមានការឲ្យបារម្ភនៅពេលដែលលោកបានធ្វើដំណើរជាមួយសហការីរបស់លោក ចុះនាំយកអំណោយរបស់សប្បុរសជនចែកជូនប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខេត្ត នាពេលថ្មីៗនេះ ។

លោកកឹម សុខា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “រយៈពេលពីរយប់ បីថ្ងៃ លើទឹកដីភូមិភាគឦសាន (ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី)

តាមការមើលឃើញ និងតាមការគិតរបស់ខ្ញុំ គឺមានចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន ៖

– ចំពោះសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន : កន្លែងខ្លះ ខេត្តខ្លះ បានចូលរួមសហការល្អ បង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានជួប និងបានទទួលជំនួយសប្បុរសធម៌ពីខ្ញុំ ដោយគ្មានការភ័យខ្លាច ។ ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានខ្លះ មិនហ៊ានសម្រេចទទួល ដោយថ្នាក់ឃុំ ប្រាប់ឲ្យសុំថ្នាក់ស្រុក ស្រុកឲ្យសុំខេត្ត ជួនកាលកន្លែងខ្លះនិយាយខ្លីថា ឲ្យសុំច្បាប់ពីថ្នាក់លើ ។ រីឯកម្លាំងសមត្ថកិច្ច មានប៉ូលិស ប៉េអឹម មូលដ្ឋាន កន្លែងខ្លះស្លៀកពាក់ឯកសណ្ឋានមកការពារ និងរៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ រហូតដល់ជួយលើកជំនួយដែលប្រជាពលរដ្ឋចាស់ជរា ស្ត្រី ឬកុមារទៀតផង ។

ប៉ុន្តែកម្លាំងសមត្ថកិច្ចដែលមិនស្លៀកពាក់ឯកសណ្ឋាន ជិះម៉ូតូ ឡាន តាមដាន តាមថតស្ទើរតែនៅគ្រប់ខេត្តទាំងអស់ គ្រាន់តែខេត្តខ្លះ បង្ហាញរូបភាពសមរម្យ ចំនួនសមល្មម តែខេត្តខ្លះ ប្រើប្រាស់កម្លាំងឯកសណ្ឋានស៊ីវិល ទាំងរថយន្តចំនួនច្រើនលើសលប់ និងរូបភាពលបលួចថត ធ្វើឲ្យមានការច្រឡំ មិនដឹងជាមនុស្សល្អឬអាក្រក់ គួរឲ្យបារម្ភ និងនាំឲ្យប្រជាពលរដ្ឋភ័យខ្លាចទៀតផង។

– ចំពោះស្ថានភាពទូទៅ នៅភូមិភាគឦសាននេះ ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ខ្ញុំបានឃើញផ្ទាល់ និងយល់ថា មានសក្តានុពលលើវិស័យកសិកម្ម ទេសចរណ៍ធម្មជាតិ ដើម្បីបម្រែបម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជនជាតិដើមភាគតិច និងសេដ្ឋកិច្ចជាតិ ហើយអ្វីដែលគួរតែប្រុងប្រយ័ត្ន គឺការពារទឹកដី និងបរិដ្ឋាន ឲ្យបានគង់វង្សល្អ“ ។

លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាអតីតសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ការតាមដានសកម្មភាពរបស់លោកកឹម សុខា ពីសំណាក់សមត្ថកិច្ចស្លៀកពាក់ស៊ីវិលបែបនេះ ធ្វើឲ្យមានការភ័យខ្លាច ដែលគួរតែបញ្ឈប់ទៅ ឬបើក្នុងបំណងចង់ការពារសុវត្ថិភាពរបស់លោកកឹម សុខា មែន ត្រូវបញ្ជាក់ប្រាប់សាមីខ្លួនឲ្យច្បាស់ ។

លោកអ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា “ខ្ញុំមើលទៅ វាជាទម្លាប់របស់អាជ្ញាធរនៅក្នុងប្រទេសយើង ទោះជាមិនមានលោកប្រធានកឹម សុខា ក៏ដោយ តាំងពីយើងនៅមានគណបក្ស ក៏ដូចគ្នា ជួនកាលពេលយើងទៅណាទៅ មានអាជ្ញាធរតាមឃ្លាំមើលអីអ៊ីចឹងទៅ ហើយយើងឃើញថា អាហ្នឹងវាមិនជារឿងល្អសម្រាប់នៅក្នុងសង្គមប្រជាធិបតេយ្យទេ ការឃ្លាំមើលបែបហ្នឹង វាប៉ះពាល់ដល់សិទ្ធិឯកជន ប៉ះពាល់ដល់អីហ្នឹងច្រើនណាស់ ហើយម្យ៉ាងខ្ញុំជឿថា ការឃ្លាំមើលនេះ គេចង់ដឹងថា លោកប្រធាន អាចធ្វើសកម្មភាពអីដែលពាក់ព័ន្ធនឹងរឿងនយោបាយដែរអត់? ព្រោះគេមានសាលក្រមរបស់គេ ដែលសម្រេចព្យួរសិទ្ធិ១១៨រូបហ្នឹង មានលោកប្រធានកឹម សុខា នៅហ្នឹង សិទ្ធិនយោបាយនោះ ។

ដូច្នេះបើសិនជាមានសកម្មភាពនយោបាយ សកម្មភាពអីដែលពាក់ព័ន្ធនឹងនយោបាយ ឬក៏ធ្វើការឃោសនាឲ្យគណបក្សណាមួយអីអ៊ីចឹង អាហ្នឹងសុទ្ធតែប៉ះពាល់ហើយ ។ ដូច្នេះការឃ្លាំមើលនេះ យើងដឹងហើយ ជាទូទៅ គេតែងឃ្លាំមើលអ៊ីចឹងហើយ ។ ជាទូទៅ ពួកគេហ្នឹងធ្វើដូចជាពួកចារកម្មអីចឹង ហើយខ្ញុំមើលទៅវាធ្វើឲ្យយើងមានអារម្មណ៍ដូចជាការគំរាម ឬក៏ការបំភិតបំភ័យអ៊ីចឹង ខ្ញុំមើលទៅមិនមានអីប្លែកទេ វាជារឿងធម្មតានៅក្នុងសង្គមហើយ ប៉ុន្តែនៅក្នុងប្រទេស គេមិនមានបែបហ្នឹងទេ“ ។

លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ

លោកអ៊ូ ច័ន្ទរ័ត្ន បន្តថា “ខ្ញុំមើលទៅហាក់ដូចជាមិនមានរឿងអីដែលត្រូវឃ្លាំមើល តាមដាន ឬក៏តាមការពារសុវត្ថិភាពលោកប្រធាន កឹម សុខា ទេ ព្រោះលោកអញ្ជើញទៅណាមកណាក៏មានគ្នីមានគ្នា ។ ហេតុដូច្នេះ ខ្ញុំយល់ថា ជាការតាមដាន ឬក៏តាមឃ្លាំមើលពីសកម្មភាព ក្រែងលោកពាក់ព័ន្ធរឿងនយោបាយនោះច្រើនជាង ប៉ុន្តែបើសិនជាចេតនារបស់អាជ្ញាធរ ដើម្បីឃ្លាំមើល ការពារសុវត្ថិភាព អាហ្នឹងជារឿងល្អហើយ តែគួរឲ្យលោកដឹងខ្លួនផងថា ជាការពារទេ អីទេ ជារឿងល្អហើយ ។

ប៉ុន្តែវាជាការពិត បើសិនជាលួចថតបែបហ្នឹង ហើយស្លៀកពាក់ស៊ីវិល មិនមានឯកសណ្ឋាន មានអីត្រឹមត្រូវ វាធ្វើឲ្យមានការភ័យខ្លាចហ្នឹងហើយ ព្រោះយើងមិនដឹងថា គឺជាមនុស្សល្អ ឬក៏ជាអាជ្ញាធរ ឬក៏ចោរ ឬក៏អី យើងម៉េចដឹង ព្រោះយើងមិនស្គាល់ ។

អីចឹងបានខ្ញុំជម្រាបខាងដើម បើសិនតាមការពារមែន គួរតែឲ្យលោកដឹងផងទៅថា លោកមានអ្នកតាមការពារ អ្នកឃ្លាំមើលលោកអីអីចឹងទៅ កុំឲ្យយើងមានការព្រួយបារម្ភ ភ័យខ្លាច ។ ដូច្នេះខ្ញុំមិនមានអី ខ្ញុំគ្រាន់តែថា គួរតែផ្លាស់ប្ដូរទម្លាប់បង្ហាញពីរបៀបគំរាមកំហែង ឬបំភិតបំភ័យបែបហ្នឹង វាជារឿងប្រសើរជាង ហើយបើសិនជាចង់ឃ្លាំមើល ឬការពារ អាហ្នឹងគួរតែឲ្យម្ចាស់ខ្លួន សាមីខ្លួនហ្នឹងដឹង”។

ជាមួយគ្នានោះដែរ លោកមាជ សុវណ្ណារ៉ា អតីតប្រធាននាយកដ្ឋានព័ត៌មាននៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា នេះជារូបភាពគំរាមកំហែងបំភិតបំភ័យ ប៉ុន្តែវាហួសសម័យហើយ ព្រោះប្រទេសយើង ជាប្រទេសសេរី គឺអ្វីៗមានតម្លាភាព អត់មានបិទបាំង អត់មានថាទៅធ្វើអីដែលផ្ធុយនឹងរដ្ឋធម្មនុញ្ញ ផ្ទុយនឹងច្បាប់ប្រទេសទេ ។

លោកមាជ សុវណ្ណារ៉ា អតីតប្រធាននាយកដ្ឋានព័ត៌មាននៃអតីតគណបក្សសង្រ្គោះជាតិ

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំយល់ថា អាហ្នឹងវាជាតួនាទី កាតព្វកិច្ចរបស់ក្រុមចារកម្ម នូវការតាមដាន ដោយសារតែលោកកឹម សុខា លោកមានបម្រាម ហើយខ្លាចលោកធ្វើសកម្មភាពអ្វី ប៉ុន្តែរឿងមួយទៀត ត្រង់ថា ការដែលលោកចុះទៅតាមបណ្ដាខេត្តផ្សេងៗ គឺថា ជាការអនុញ្ញាតដោយតុលាការ អីចឹងហើយលោកចុះទៅជាផ្នែកមនុស្សធម៌ ទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដោយមិននិយាយអំពីនយោបាយ ហើយលោកតែងតែសហការជាមួយមេភូមិ ហើយមេឃុំ សមត្ថកិច្ចអី លោកឲ្យដឹងជាចំហ ។

អីចឹងវាគ្រាន់តែថា ចាំតាមដាន ស្លៀកស៊ីវិលស្អីទៀត ព្រោះយើងសហការជាមួយសមត្ថកិច្ច ហើយសមត្ថកិច្ច វាមានប៉ូលិស មានប៉េអឹម ហើយនិងអាជ្ញាធរ វាមានមេភូមិ មេឃុំ មេស្រុក ចៅហ្វាយខេត្ត ហើយខ្ញុំឃើញថា អានេះជាការគំរាមកំហែង បំភិតបំភ័យសកម្មភាពដែលស្របច្បាប់របស់លោកកឹម សុខា ដែលត្រូវតុលាការអី គេឲ្យសិទ្ធិដើរហើរនៅក្នុងប្រទេសកម្ពុជា តែហាមនិយាយសារនយោបាយ ប៉ុន្តែលោកអត់មាននិយាយអី ក្រៅពីចុះសួរសុខទុក្ខ ចែកអំណោយមនុស្សធម៌ តាមផ្លូវមនុស្សធម៌ ជំនួយដល់ជនក្រីក្រ ទឹកជំនន់ ទៅមើលផ្នែកកសិកម្មអីៗ តើប្រជាពលរដ្ឋរស់នៅបែបណា អីណា គឺថាជារឿងដែលត្រូវការចូលរួមចំណែកជួយកសាងប្រទេស ជួយដល់ប្រជាពលរដ្ឋ វាជួយសម្រន់ដល់រដ្ឋាភិបាល ដែលរដ្ឋាភិបាល ក្នុងនាមជាអ្នកដឹកនាំ ត្រូវតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ។

អីចឹងវាអត់មានអីចាំបាច់ទៅស្លៀកពាក់ស៊ីវិល ទៅតាមដាន ស៊ើបអង្កេត អាហ្នឹងបើរបបកុម្មុយនីស្ត វាច្រើនតែទៅស៊ើបអង្កេត ទៅតាមដាន ខ្លាចលោមានធ្វើសកម្មភាពអីប្រឆាំង តែអានេះជាផ្លូវការ ដឹងជាទូទៅ គឺថាយើងចំហទៅ ។ សរុបមក អាហ្នឹងវាជារូបភាពគំរាមកំហែង បំភិតបំភ័យ ប៉ុន្តែវាហួសសម័យហើយ ព្រោះប្រទេសយើង ប្រទេសសេរី ។ ប្រទេសសេរី គឺអ្វីៗវាតម្លាភាព វាអត់មានបិទបាំង អត់មានថាទៅធ្វើអីដែលផ្ធុយនឹងរដ្ឋធម្មនុញ្ញ ផ្ទុយនឹងច្បាប់ប្រទេសទេ“ ។

ទោះបីជាយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែរថា ការតាមដានរបស់សមត្ថកិច្ច គឺដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនគាត់ ហើយក៏តាមមើលដែរ តើគាត់បានអនុវត្តត្រឹមត្រូវតាមបទប្បញ្ញតិ្តរបស់តុលាការ ដែរឬទេប៉ុណ្ណោះ មិនមែនបំភ័យពាក់ព័ន្ធនឹងសន្តិសុខរបស់គាត់ទេ ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

លោកសុខ ឥសាន បានប្រសាសន៍ថា “ខ្ញុំយល់ថា កឹម សុខា ជាជនជាប់ចោទ ដែលស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ ។ ការដែលលោកមានសមានចិត្តទៅចែកអំណោយជូនប្រជាពលរដ្ឋ គឺថាវាស្ថិនៅក្នុងក្របខ័ណ្ឌសិទ្ធិសេរីភាពដែលកំណត់ដោយតុលាការ ។ អ៊ីចឹងទេ ខ្ញុំយល់ថា លោកធ្វើអីបានតាមចិត្តរបស់លោក ក៏ប៉ុន្តែស្ថិតនៅក្នុងរង្វង់ដែលតុលាការបានកំណត់ ។ អាហ្នឹងមានបញ្ហាប៉ុណ្ណឹង ហើយដោយសារតែគាត់ហ្នឹងស្ថិតនៅក្នុងរង្វង់នីតិវិធីរបស់តុលាការ អ៊ីចឹងទេ រាល់បញ្ហាដែលគាត់អញ្ជើញទៅណា វាទាមទារត្រូវមានសនិ្តសុខការពារ ។

ការដែលគេស្លៀកពាក់ស៊ីវិលក៏ដោយ ស្លៀកពាក់ជាឯកសណ្ឋានក៏ដោយ មិនមែនមានន័យថា គេតាមឃ្លាំមើលក្នុងចេតនាអាក្រក់ទេ គឺគេការពារសុវត្ថិភាព សុខសន្តិភាពឲ្យគាត់ បើមិនអ៊ីចឹងទេ បើមានការថ្លោះធ្លោយដោយប្រការណាមួយ ព្រោះនៅក្នុងសង្គមយើងនេះ វាមិនមែនស្រឡាញ់គាត់ទាំងអស់ ហើយក៏មិនមែនស្អប់គាត់ទាំងអស់ អ៊ីចឹងទេ គឺការពារសុវត្ថិភាពជូនគាត់ ដើម្បីធ្វើយ៉ាងណាឲ្យគាត់ស្ថិតនៅក្នុងក្របខ័ណ្ឌនៃសិទ្ធិសេរីភាពកំណត់ដោយតុលាការ ។

អាហ្នឹងខ្ញុំគ្រាន់តែបញ្ជាក់ជូនប៉ុណ្ណឹង ដូច្នេះហើយមិនអាចនិយាយអីវែងឆ្ងាយជាងហ្នឹងទេ ព្រោះតុលាការ គេបានចេញដីកាកំណត់ទៅហើយ អ៊ីចឹងយើងមិនអាចជ្រៀតជ្រែកចូលការងាររបស់តុលាការបានទេ ។

អ៊ីចឹងគាត់ទៅធ្វើអីកន្លែងណា អាហ្នឹងគឺខ្ញុំផ្ទាល់ ខ្ញុំស្វាគមន៍ហើយ ដែលគាត់ចែកអំណោយប្រជាជនអី គាត់ធ្វើសកម្មភាពបាន ក៏ប៉ុន្តែការតាមដានរបស់សមត្ថកិច្ចហ្នឹង គឺថា ទី១ ការពារសុខសុវត្ថិភាពជូនគាត់ ហើយទី២ គេតាមមើលដែរ តើគាត់បានអនុវត្តត្រឹមត្រូវតាមបទប្បញ្ញតិ្តរបស់តុលាការដែលឬទេ? បានន័យថា មិនមែនបំភ័យពាក់ព័ន្ធនឹងសន្តិសុខរបស់គាត់ទេ អត់ទេ បើកាលណាគាត់ចង់ទៅដោយសេរី គ្មានអ្នកណាតាមមើល គ្មានអ្នកណាតាមការពារនេះ ខ្ញុំយល់ថា ពេលមានការថ្លោះធ្លោយ វាខុសមកលើរដ្ឋអំណាច វាខុសមកលើអាជ្ញាធររបស់រដ្ឋ ។

អីចឹងទេ អាហ្នឹងកុំបន្ទោសគេតាម បើថាយើងរបស់ល្អហើយ ដូចគាត់និយាយថា វាមាសទឹកដប់ហើយ វាអត់មានអីត្រូវខ្លាចទេ ពីព្រោះគេតាមការពារមាសទឹកដប់ហ្នឹង ក្រែងលោវាមានចោរខ្មួញអីឆក់ប្លន់អីទៅ អាហ្នឹងវានាំឲ្យប៉ះពាល់ដល់សមត្ថកិច្ច ជាតួនាទីភារកិច្ចរបស់សមត្ថកិច្ច របស់រាជរដ្ឋាភិបាល“ ។

គួរបញ្ជាក់ថា លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ក្នុងឆ្នាំ ២០១៨ គឺមួយឆ្នាំបន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទ “សន្ទិដ្ឋភាពជាមួយបរទេស”។ ដំបូងឡើយ តុលាការបានដាក់កម្រិត ដោយអនុញ្ញាតត្រឹមប្លុកបួន ជុំវិញផ្ទះរបស់គាត់ និងបានហាមជួបជាមួយអតីតមន្រ្តីគណបក្សសង្គ្រោះជាតិ ឬបុគ្គលពាក់ព័ន្ធ។ ប៉ុន្តែនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការ បានបន្ធូរបន្ថយការរឹតបន្តឹងលើសេរីភាពលោកកឹម សុខា ដោយអនុញ្ញាតឲ្យលោកអាចធ្វើដំណើរនៅក្នុងប្រទេស តែហាមចាកចេញទៅក្រៅប្រទេស និងហាមធ្វើសកម្មភាពនយោបាយ៕ កុលបុត្រ

RELATED ARTICLES