ភ្នំពេញ ៖ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានបញ្ជាក់ថា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) លោកសម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់និរទេសនៅទីក្រុងប៉ារីស ប្រទេសបារាំង នោះ ទោះបីលន់តួសុំទោសយ៉ាងណាក៏ដោយ ក៏អត់រួចខ្លួនដែរ គឺត្រូវចូលគុក អនុវត្តទោសតាមសាលក្រមសាលដីកាតុលាការរួចរាល់សិន ចាំនិយាយគ្នា។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ថា ទណ្ឌិតសម រង្ស៉ី សុំទោសច្រើនដងហើយ បែរខ្នងរមិលគុណ គឺជាបទពិសោធន៍មួយដែលធ្វើឲ្យប្រមុខរាជរដ្ឋាភិបាល មានជំហរច្បាស់លាស់ ជាក់លាក់ ដូចដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសហើយថា សម្ដេច មិនអាចកាត់ដៃស្ដាំរបស់សម្ដេច ក្នុងការចុះហត្ថលេខាសុំព្រះរាជទានទោសពីព្រះមហាក្សត្រ ឲ្យជនដែលមិនកែប្រែគំនិតអាក្រក់នេះទេ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “ត្រូវហើយ! អាហ្នឹងវាមានសាលក្រមស្ថាពររបស់តុលាការរួចហើយតើ! តែសាមីខ្លួនមិនទាន់ចូលខ្លួនមកអនុវត្តទោសតាមច្បាប់កំណត់ទេ អ៊ីចឹងទោះបីលន់តួយ៉ាងណា លូនពីស្រុកបារាំង មកយ៉ាងណា ក៏វាអត់បានការដែរ អាហ្នឹងត្រូវចូលគុក ២ឆ្នាំសិន ហើយសងលុយដើមបណ្ដឹង ប៉ុន្មានលាន ដែលតាមការកំណត់របស់តុលាការ អាហ្នឹងបានពិនិត្យតាមក្រោយ ទៅតាមគោលការណ៍ដែលត្រូវលើកលែងទោស ឬមិនត្រូវលើកលែងទោស អាហ្នឹងទៅលក្ខណៈវិនិច្ឆ័យរបស់គណៈកម្មការអន្តរក្រសួង។ បានន័យថា ទោះទណ្ឌិត មានទម្លាប់សុំទោសយ៉ាងណា ក៏ឥឡូវអត់ទេ ទោះបីថាមានយ៉ាងណាក៏ដោយ ក៏វាអត់ផ្លូវដែរ ហួសពេលទៅហើយ។
ហើយអម្បាញ់មិញនេះ សម្ដេចតេជោ បានលើកបញ្ជាក់ច្បាស់នៅក្នុងសន្និសីទសារព័ត៌មាន និងប្រកាសជូនជនរួមជាតិ ពីបញ្ហាចាត់វិធានការលើការរាតត្បាតជំងឺកូវីដ នេះ គឺថាដាច់ខាត សម្ដេច អត់មាននិយាយចូលទណ្ឌិតរត់ចោលស្រុកនោះទេ ដែលតែងតែប្រើឧបាយកល ឬសកម្មភាពរារាំងដល់ការរីកចម្រើនរបស់ប្រទេសជាតិ និងដល់វិធានការនានារបស់រាជរដ្ឋាភិបាល និងការទប់ស្កាត់ជំងឺកូវីដ នេះឯង“។
លោកសុខ ឥសាន បន្តថា “អាសុំទោសច្រើនដង ហើយបែរខ្នង គេហៅថា រមិលគុណហ្នឹងទៀត អាហ្នឹងគឺថាជាបទពិសោធន៍មួយ ដែលធ្វើឲ្យប្រមុខរាជរដ្ឋាភិបាល លោកមានជំហរច្បាស់លាស់ ជាក់លាក់ ដូចដែលសម្ដេច បានប្រកាសហើយ គឺថា សម្ដេចមិនអាចកាត់ដៃស្ដាំរបស់សម្ដេច ក្នុងការចុះហត្ថលេខាសុំព្រះរាជទានទោសពីព្រះមហាក្សត្រ ឲ្យជនដែលមិនកែប្រែគំនិតអាក្រក់នោះទេ។ ប៉ុន្តែអារឿងចូលស្រុកនេះ អ្នកសារព័ត៌មាន កុំសង្ឃឹមឡើយ បើហ៊ានចូលស្រុកលើកទី៣ លើកទី៤ ទៀតហ្នឹង វាអត់មានទេ ព្រោះបើមិនអ៊ីចឹងទេ មិនមែនបញ្ជូនយាយហួរ មកឲ្យចូលគុកជំនួសទេ។
ម្យ៉ាងទៀត ដូចខ្ញុំបានបញ្ជាក់ ក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង មានតួនាទីអី មានតែតួនាទីរត់ចោលស្រុក តែប៉ុណ្ណឹង វាចប់បាត់ហើយ មានតួនាទីអីមកដោះស្រាយបញ្ហាខ្មែរ ព្រោះបញ្ហាខ្មែរទាំងអស់ដែលកើតឡើងនៅសង្គមកម្ពុជា នេះ គឺជាតួនាទី ភារកិច្ចរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋ។
បានន័យថា ក្រុមប្រឆាំង អត់ត្រូវការទាល់តែសោះ ពីព្រោះក្រុមនេះត្រូវបានប្រជាជន ផាត់ចេញពីសង្គមជាតិកម្ពុជា ទៅហើយ។ ដូច្នេះសម្រាប់ក្រុមឧទ្ទាមក្រៅច្បាប់នេះ អ្នកកាសែតថា អស់សង្ឃឹម ក៏ប៉ុន្តែសាមីខ្លួនគេៗថាមានសង្ឃឹម គេជោគជ័យរហូត តែជោគជ័យនិងក្ដីសង្ឃឹមនៅក្នុងអារម្មណ៍ ដូច្នេះទុកឲ្យគេមានក្ដីសង្ឃឹម និងជោគជ័យនៅក្នុងអារម្មណ៍ តទៅទៀតទៅ ១០ឆ្នាំទៀត អាយុ ៨០ជាងហើយ វាអត់មានបញ្ហាអីទេ“៕ កុលបុត្រ