Sunday, November 24, 2024
Homeនយោបាយអាជីវកម្មរ៉ែប្រេង អតីតបក្សប្រឆាំងថា កម្ពុជា អាចក្លាយជាប្រទេសអ្នកមាន ដូចប្រ៊ុយណេ

អាជីវកម្មរ៉ែប្រេង អតីតបក្សប្រឆាំងថា កម្ពុជា អាចក្លាយជាប្រទេសអ្នកមាន ដូចប្រ៊ុយណេ

ភ្នំពេញ ៖ អតីតសមាជិកសភានៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានលើកឡើងថា កម្ពុជា អាចនឹងក្លាយជាប្រទេសអ្នកមាន ដូចប្រទេសប៊្រុយណេ ឬប្រទេសប៊្រុយណេទី២ ពីអាជីវកម្មរ៉ែប្រេង។ ប៉ុន្តែជាមួយគ្នានឹងការសាទរតំណក់ប្រេងដំបូងរបស់កម្ពុជា អតីតសមាជិកសភានៃអតីតបក្សប្រឆាំង បានព្រមានរដ្ឋាភិបាលកម្ពុជា ឲ្យគ្រប់គ្រងចំណូលពីអាជីកម្មរ៉ែប្រេង ឲ្យមានតម្លាភាពនិងគណនេយ្យភាព ដើម្បីចៀសវាងពរជ័យ ក្លាយទៅជាបណ្ដាសាប្រេង ដូចនៅប្រទេសនីហ្សេរីយ៉ា ដោយសារតែអំពើពុករលួយ។

លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ បានមានសរសេរនៅក្នុងគណនីនិងទំព័របណ្តាញសង្គម​ ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ថា “សូមអបអរសារទរអាជីកម្មប្រេងនៅឈូងសមុទ្រកម្ពុជា និងតំណក់ប្រេងលើកដំបូងរបស់កម្ពុជា ប៉ុន្តែសូមឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បង្ហាញពីតម្លាភាពនិងគណនេយ្យភាព ពីចំណូលបានមកពីអាជីវកម្មប្រេងនេះ ដើម្បីចៀសវាងបណ្តាសាប្រេង ដូចនៅប្រទេសនីហ្សេរីយ៉ា។ ប្រទេសនីហ្សេរីយ៉ា ជាប្រទេសផលិតប្រេងធំបំផុតប្រចាំតំបន់អាហ្រ្វិក ប៉ុន្តែភាពក្រីក្រនៅតែខ្ពស់ដដែល ដោយសារអំពើពុករលួយដ៏ធ្ងន់ធ្ងរ ហើយចំណូលពីអាជីវកម្មប្រេងមួយភាគធំ ហូរចូលហោប៉ៅមន្រ្តីគ្រាក់ៗ។

លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប

បើគ្រប់គ្រងចំណូលពីអាជីវកម្មប្រេង មិនបានល្អ វាដូចគ្នាទៅនឹងចំណូលពីការកាប់ឈើលក់និងធនធានរ៉ែរបស់កម្ពុជា សព្វថ្ងៃអ៊ីចឹង គឺព្រៃឈើនិងរ៉ែខ្ទេចខ្ទីអស់ ប៉ុន្តែមិនដឹងចំណូលនៅឯណា ហើយរាស្រ្តខ្មែរ នៅតែក្រដដែល ដើររកការងារធ្វើស្រុកគេដដែល រដ្ឋនៅតែក្រ ដើរសុំលុយគេ និងខ្ចីលុយគេដដែល។

ម្យ៉ាងវិញទៀត ទោះបីជាមានអាជីវកម្មប្រេង នៅឈូងសមុទ្រកម្ពុជា ក៏ដោយ ក៏ប្រេងសាំងនៅកម្ពុជា នឹងនៅតែនាំចូលដដែល និងតម្លៃប្រេងសាំង នៅកម្ពុជា នឹងនៅតែថ្លៃដដែល ថ្លៃជាងប្រទេសជិតខាង ដូចជា វៀតណាម ជាដើម ព្រោះកម្ពុជា នឹងនាំប្រេងឆៅដែលបានមកពីការបូមនោះ ទៅលក់នៅទីផ្សារអន្តរជាតិ ដោយសារកម្ពុជា គ្មានរោងចក្រចម្រាញ់ប្រេង។ រដ្ឋាភិបាលលោកហ៊ុន សែន គួរដំឡើងរោងចក្រចម្រាញ់ប្រេងនៅកម្ពុជា ដើម្បីឲ្យតម្លៃប្រេងនៅកម្ពុជា ចុះថោក។

បើមានរដ្ឋាភិបាលល្អ មិនពុករលួយ និងគ្រប់គ្រងចំណូលពីអាវជីកម្មប្រេង និងធនធានរ៉ែមានតម្លាភាពនិងគណនេយ្យភាព កម្ពុជា អាចនឹងក្លាយជាប្រទេសប៊្រុយណេទី២ (ប្រទេសអ្នកមាន)“។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកអ៊ុំ សំអាន បានមានប្រសាសន៍ប្រាប់ ”នគរធំ” នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ថា “បាទ! បើសិនជាមានរដ្ឋាភិបាលដែលមិនពុករលួយ ដែលមានអភិបាលកិច្ចល្អ មានតម្លាភាព មានគណនេយ្យភាព គឺយើងអាចយកប្រាក់ចំណូលពីការបូមប្រេង ពីឈូងសមុទ្រកម្ពុជា ហ្នឹង ដើម្បីមកអភិវឌ្ឍប្រទេសជាតិ ដូចជារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្រ្គោះជាតិ អ៊ីចឹងឯង ដែលអាចយកចំណូលហ្នឹងមកចូលជាតិទាំងអស់

ប៉ុន្តែបើយើងរំពឹងទៅលើរដ្ឋាភិបាលលោកហ៊ុន សែន យើងពិបាកសង្ឃឹម ទី១ មានអំពើពុករលួយពាសពេញប្រទេស។ ទី២ យើងដឹងហើយអភិបាលកិច្ចល្អរបស់លោកហ៊ុន សែន ហ្នឹង គឺមិនមានទេ គឺយើងមើលរដ្ឋាភិបាលលោកហ៊ុន សែន ហ្នឹង គាត់ពុករលួយតាំងពីលើដល់ក្រោម យើងមើលព្រៃឈើយើងអស់ខ្ទេចខ្ទីហើយ រ៉ែយើង រ៉ែមាស រ៉ែដែក រ៉ែពេជ្រ មួយចំនួន ត្រូវបានគេជីក គេធ្វើអាជីវកម្ម ក៏ប៉ុន្តែលុយចូលជាតិ ដូចអត់ឃើញ រដ្ឋាភិបាលលោកហ៊ុន សែន នៅតែក្រ នៅតែខ្ចីលុយគេ នៅតែដើរសុំលុយគេ គ្រប់គ្រងចំណូលធនធានធម្មជាតិ មានព្រៃឈើ មានរ៉ែ មិនបានផង ដូច្នេះទៅគ្រប់គ្រងចំណូលដែលត្រូវបានពីអាជីវកម្មប្រេងកាត វាដូចតែគ្នាហ្នឹងឯង គឺវាបាត់ចំណូលមួយភាគធំ នឹងធ្លាក់ទៅក្នុងហោប៉ៅក្រុមគ្រួសារលោកហ៊ុន សែន និងមន្រ្តីគ្រាក់ៗរបស់គណបក្សប្រជាជនហ្នឹង»។

លោកអ៊ុំ សំអាន បន្តថា «ដូច្នេះបើសិនជារដ្ឋាភិបាលលោកហ៊ុន សែន ហ្នឹង គាត់មិនប្រើប្រាស់ចំណូលថវិកាពីអាជីវកម្មប្រេងហ្នឹង ឲ្យបានត្រឹមត្រូវទេ វាបាត់ប្រាក់ចំណូលពីអាជីវកម្មប្រេងហ្នឹង វានឹងក្លាយទៅជាបណ្ដាសា ដូចនៅប្រទេសនីហ្សេរីយ៉ា ដែលជាប្រទេសផលិតប្រេងធំបំផុតនៅអាហ្វ្រិក ក៏ប៉ុន្តែនៅប្រទេសនីហ្សេរីយ៉ា គឺនៅតែក្រីក្រ ប្រជាពលរដ្ឋ ប្រទេសជាតិហ្នឹង នៅតែក្រីក្រ ដោយសារតែអំពើពុករលួយ ដោយសារតែចំណូលមួយភាគធំ ដែលបានមកពីចំណូលប្រេងហ្នឹង គឺចូលទៅក្នុងហោប៉ៅមន្រ្តីគ្រាក់ៗរបស់រដ្ឋាភិបាល។ ដូច្នេះអាហ្នឹងវាមិនមែនជាពរជ័យទេ វាជាបណ្ដាសាទៅវិញ ដូច្នេះយើងព្រួយបារម្ភថា ចំណូលពីអាជីវកម្មប្រេងហ្នឹង កម្ពុជា នឹងអាចក្លាយទៅជាបណ្ដាសាមួយដែរ ដូចនៅប្រទេសនីហ្សេរីយ៉ា អ៊ីចឹងឯង។

ដូច្នេះខ្ញុំសូមជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុន សែន ហ្នឹងពង្រឹងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងអាជីវកម្មប្រេងកាត នៅកម្ពុជា ធ្វើម៉ែចពង្រឹងច្បាប់ហ្នឹងឲ្យមានប្រសិទ្ធភាព បានយើងអាចគ្រប់គ្រងចំណូលហ្នឹងបាន ហើយធ្វើម៉េចឲ្យមានតម្លាភាព និងគណនេយ្យភាពនៅក្នុងការគ្រប់គ្រងចំណូលទាំងអស់នោះ ចៀសវាងចំណូលភាគច្រើនធ្លាក់ចូលទៅក្នុងហោប៉ៅមន្រ្តីគ្រាក់ៗ នៃរដ្ឋាភិបាលលោកហ៊ុន សែន និងធ្លាក់ទៅក្នុងហោប៉ៅក្រុមគ្រួសាររបស់លោកហ៊ុន សែន“។

គួរបញ្ជាក់ថា កម្ពុជា បានក្លាយជាប្រទេសផលិតប្រេងមួយ នៅលើពិភពលោក និងជាប្រទេសទី៨ ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសឡាវ និងសិង្ហបុរី) បន្ទាប់ពីក្រុមហ៊ុនរុករកប្រេង និងឧស្ម័ន KrisEnergy Ltd របស់សិង្ហបុរី បានទាញយកតំណក់ប្រេង ជាលើកដំបូង ក្នុងប្លុក A កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសជាផ្លូវការ នូវតំណក់ប្រេងលើកដំបូងរបស់ប្រទេសកម្ពុជា នៅសមុទ្រក្នុងតំបន់សម្បទានប្លុក A ដែលបានចាប់ផ្ដើមផលិតកម្ម កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុនបានឱ្យដឹងថា អណ្ដូងប្រេងអប្សរា បានចាប់ផ្ដើមបង្ហូរប្រេងពីអណ្ដូងអភិវឌ្ឍន៍តែមួយគត់ ហើយអត្រាលំហូរត្រូវការពេលវេលាយ៉ាងហោចណាស់ ២៤ម៉ោង ដើម្បីធ្វើឱ្យមានស្ថិរភាព។ ការផលិតនឹងកើនឡើងដល់កម្រិតខ្ពស់បំផុត ដោយសារតែអណ្ដូងប្រេងបន្ថែម ៤ទៀត ត្រូវបានបញ្ចប់ និងដំណើរការជាបន្តបន្ទាប់។

លោក Kelvin Tang អគ្គនាយក និងជាប្រធានផ្នែកប្រតិបត្តិការនៅកម្ពុជា របស់ក្រុមហ៊ុន KrisEnergy បានឱ្យដឹងថា តំណក់ប្រេងដំបូងនៃអណ្ដូងប្រេងអប្សរា គឺបង្ហាញពីដំណើរការអស់រយៈពេល ១០ឆ្នាំ ចាប់តាំងពីពេលក្រុមហ៊ុន KrisEnergy បានក្លាយជាដៃគូមួយនៅក្នុងប្លុក A ។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់តាមរយៈទំព័របណ្ដាញសង្គម ហ្វេសប៊ុក ផ្លូវការថា ការចាប់ផ្ដើមផលិតកម្មប្រេងដំបូង ក្លាយជាសមិទ្ធផលថ្មីមួយទៀត និងជាប្រភពថ្មីនៃមូលនិធិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា អនុវត្តតាមនយោបាយឈ្នះ-ឈ្នះរបស់រដ្ឋាភិបាល។

សម្ដេចហ៊ុន សែន បានសរសេរនៅពេលនោះថា “សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ ជាទីគោរពស្រឡាញ់!

ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខារនៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។

តំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាម នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០) ។ ថ្ងៃទី២៩ ធ្នូ ១៩៩៨ បង្កលក្ខណសម្បត្តិគ្រប់យ៉ាងឱ្យយើងមានតំណក់ប្រេងលើកដំបូងនៅកម្ពុជា នាថ្ងៃទី២៩ ធ្នូ ២០២០ នេះ។

ខ្ញុំសូមឆ្លៀតឱកាសនេះ រំលឹកជម្រាបជូនបងប្អូនជនរួមជាតិជ្រាបថា ៖ កិច្ចព្រមព្រៀងប្រេងកាតដំបូង ត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះ ដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។

នៅឆ្នាំ ២០១០ ក្រុមហ៊ុន Chevron បានប្រកាសរកឃើញជម្រករ៉ែប្រេង មានលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាល ពិនិត្យនិងសម្រេច។ តាមផែនការនោះ ផលិតកម្មប្រេងដំបូង គ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូ ឆ្នាំ២០១២។

ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្មស្នើឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរ ត្រូវចរចាកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាពជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការផលិតប្រេង នៅខែធ្នូ ២០១២ ក៏ត្រូវបានរាំងស្ទះ មិនអាចអនុវត្តបាន។

ការចរចារកិច្ចព្រមព្រៀងប្រេងកាត ក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាលនិងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច។ នៅក្នុងរយៈពេលចរចាដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ២០១៤ និង ២០១៦ ។ ការចរចារត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរ តាំងពីឆ្នាំ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្មអណ្តូងប្រេងថ្មី ដែលបើកផ្លូវឲ្យដំណើរការសាងសង់និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេង អាចចាប់ផ្តើមបាន។

ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ ដំឡើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុក A សម្រាប់ដំណើរការផលិតកម្ម ជារួមមាន ៖

• ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាង នៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការដំឡើងរួចរាល់ជាស្ថាពរ នៅថ្ងៃទី៧ កញ្ញា ២០២០។

• កប៉ាល់ផលិតកម្មប្រេង បានដំឡើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខាររួចរាល់ នៅខែកញ្ញា ២០២០ នៅប្រទេសសិង្ហបុរី និងបានដឹកមកដល់និងដំឡើងរួចរាល់នៅប្លុក A នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី៩ ខែវិច្ឆិកា ២០២០។

អណ្តូងប្រេងទីមួយ បានបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូង នៅថ្ងៃទី២៩ ខែធ្នូ ២០២០ នេះ។ ក្រៅពីនេះ មានអណ្តូងប្រេងចំនួនពីរទៀត ក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេង រួចហើយដែរ។

ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា។ នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ រួមមាន ៖ ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ ការរកឃើញនិងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសាដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ…”៕ កុលបុត្រ

RELATED ARTICLES