Monday, December 23, 2024
Homeបរិយាយកត្តា​អ្វី​ខ្លះ​នាំ​ឱ្យ​មាន​សន្តិ​ភាព​នៅ​កម្ពុ​ជា?

កត្តា​អ្វី​ខ្លះ​នាំ​ឱ្យ​មាន​សន្តិ​ភាព​នៅ​កម្ពុ​ជា?

ខណៈដែលខួប២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជិតចូលមកដល់ ក៏មានសាធារណជនចូលចិត្តតាមដាន រឿងនយោបាយ ជារួមមានបណ្ឌិត បញ្ញវន្ត និស្សិត មន្ត្រីក្របខ័ណ្ឌ មន្ត្រីចូលនិវត្តន៍ អ្នករត់រ៉ឺម៉ក រត់ម៉ូតូ ជាពិសេស តាញៀន កាហ្វេ បានបញ្ចោញទស្សនៈខុសៗគ្នា។ ទស្សនៈទាំងនោះ ផ្តោតជាសំខាន់ទៅលើ “កត្តាអ្វីខ្លះនាំឱ្យមានសន្តិភាពនៅកម្ពុជា?” ដែល “នគរធំ” ក្តាប់បាន ក៏ប្រមូលយកមកធ្វើជាប្រធានបទបរិយាយថ្ងៃនេះ

សូមរំព្ញកថា ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ទម្លាក់សម្តេចឪ ព្រះនរោត្តម សីហនុ ពីព្រះតំណែងមក ប្រទេសកម្ពុជា ក៏ត្រូវ ភ្លើងសង្គ្រាមឆាបឆេះសន្ធោសន្ធៅ បណ្តាលឱ្យទ្រព្យសម្បត្តិឯកជន ធនធានធម្មជាតិ ក៏ដូចទ្រព្យសម្បត្តិសាធារណៈខ្ទេចខ្ទាំ រងមហាវិនាសកម្ម។ សង្គ្រាមដ៏សាហាវបានស្ងប់រលត់បន្តិចម្តងៗ ប៉ុន្តែ មិនងាយអស់ចំហាយក្តៅនោះទេ ពោលគឺ ទោះជា គ្មានការប្រយុទ្ធគ្នាជាទ្រង់ទ្រាយធំដូចឆ្នាំ១៩៧៥, ១៩៧៩ ក៏ចលនាឧទ្ទាមកម្មបានបន្តការប្រយុទ្ធរប៉េសរប៉ស អមដោយ ការឆក់ប្លន់ បានអូសបន្លាយរហូតដល់ឆ្នាំ១៩៩៦ ដែលពួកឧទ្ទាមខ្មែរក្រហម បានចុះចូលធ្វើសមាហរណកម្ម ទើបចំហាយ ក្តៅនោះត្រជាក់វិញ។ សន្តិភាព ក៏កើតមានឡើងពីលើផេះផង់បន្សល់ទុកពីសម័យសង្គ្រាម នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍ ក៏លេចចេញជាទស្សនៈខុសៗគ្នាស្តីពី “កត្តាអ្វីខ្លះនាំឱ្យមានសន្តិភាពនៅកម្ពុជា?” ទស្សនៈរបស់ មនុស្សដែលមានផ្នត់គំនិតខុសគ្នា តែងតែបញ្ចោញការវិភាគមិនដូចគ្នា ដែល “នគរធំ” សូមដកស្រង់ទស្សនៈទាំងនោះ មក បង្ហាញតាមលំដាប់លំដោយដូចតទៅ ៖

មកពីសហភាពសូវៀត ថយឥទ្ធិពលនៅឥណ្ឌូចិន ៖ ពីមុន សហភាពសូវៀត មានឥទ្ធិពលគ្របសង្កត់ប្រទេសនានាក្នុង ប្លុកកុម្មុយនិស្តនៅឥណ្ឌូចិន ជាពិសេស លើប្រទេសវៀតណាម។ សូវៀត បានជួយទាំងស្មារតីនិងសម្ភារៈ ជ្រោមជ្រែង កងទ័ពវៀតណាម ឱ្យវាយលុកចូលកម្ពុជា បណ្តេញរបបប៉ុល ពត ធ្វើឱ្យចិន ដែលជាអ្នកនៅពីក្រោយប៉ុល ពត ខឹងសម្បា បានលើកទ័ពវាយវៀតណាម តាមព្រំប្រទល់ប៉ែកខាងជើង នាឆ្នាំ១៩៧៩ ដើម្បីដណ្តើមឥទ្ធិពលគ្នា។ ក្រោយពេលលោក មីខាអ៊ីល ហ្គ័របាឆូវ ធ្វើកំណែទម្រង់ប៉េរេស្ត្រយកា ដោយពន្លែងសាធារណរដ្ឋតូចៗឱ្យមានឯករាជ្យមក សហភាពសូវៀត ក៏ ថយឥទ្ធិពល នៅសល់តែសហព័ន្ធរុស្ស៊ី ជាហេតុនាំឱ្យវៀតណាម ថយឥទ្ធិពលនៅកម្ពុជា ដែរ។

ដោយសារកងទ័ពវៀតណាម ដកចេញពីកម្ពុជា ៖ ចំណុចនេះ យើងដឹងរួចមកហើយថា នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាម ១៨កងពល បានវាយលុកចូលកម្ពុជា បណ្តាលឱ្យមានការខ្វែងគំនិតគ្នាជុំវិញបញ្ហាថ្ងៃ៧មករា។ អ្នកខ្លះ ថា ជាថ្ងៃវៀតណាម បានជួយរំដោះប្រជាពលរដ្ឋខ្មែរ ឱ្យផុតពីរបបប្រល័យពូជសាសន៍ ខ្លះថាជាថ្ងៃឈ្លានពានរបស់កងទ័ពវៀតណាម, ខ្លះថាជាថ្ងៃបាត់បង់អធិបតេយ្យរបស់កម្ពុជា។

មកពីភាគីជម្លោះនៅកម្ពុជា មានការគាបសង្កត់ពីអន្តរជាតិ ៖ កត្តានេះ យើងឃើញថា នៅទសវត្សឆ្នាំ១៩៨០ ខ្មែរ ឈ្លោះគ្នាខ្លាំងណាស់ រវាងភាគីរដ្ឋាភិបាលក្រុងភ្នំពេញ និងពួកខ្មែរក្រហម សេរីកា ប៉ារ៉ា ត្រូវបានអន្តរជាតិគាបសង្កត់ឱ្យឈប់ បាញ់គ្នា។

ដោយសារមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ៖ ចំណុចនេះ យើងដឹងថា មានប្រទេសហត្ថលេខីជាង១០ បាន ចូលរួមប្រជុំនៅក្រុងប៉ារីស នាថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដោយសម្រេចបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ និងបង្កើតអាជ្ញាធរ បណ្តោះអាសន្នអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា (UNTAC)

មកពីនយោបាយបង្រួបបង្រួមជាតិ របស់សម្តេចព្រះនរោត្តម សីហនុ ៖ កត្តានេះ យើងឃើញថា ក្នុងព្រះបរមនាម ជាព្រះប្រធាន SNC សម្តេចឪ ប្រឹងប្រែងមិនខ្លាចនឿយព្រះកាយពល ក្នុងការបង្រួបបង្រួមខ្មែរគ្រប់ភាគីឱ្យចាប់ដៃគ្នាជា ធ្លុងមួយ។

ដោយសារខ្មែរក្រហម ធ្វើសមាហរណកម្ម ៖ ចំណុចនេះ យើងដឹងថា ភាគីខ្មែរក្រហម រឹងរូសបំផុត លុះមេៗប៉ុន្មានរូប មានខៀវ សំផន, នួន ជា, អៀង សារី, កែ ពក ចុះចូលអស់ ស្ថានការណ៍ក៏បានស្ងប់។

មកពីគ្រប់ភាគីយល់ព្រមបង្កើតរបបរាជានិយមឡើងវិញ ៖ កត្តានេះ យើងដឹងថា ប្រជារាស្ត្រខ្មែរស្ទើរតែទាំងអស់ ស្រឡាញ់របបរាជានិយម លុះប្រទេសក្លាយទៅសាធារណរដ្ឋខ្មែរ, កម្ពុជាប្រជាធិបតេយ្យ, សាធារណរដ្ឋប្រជាមានិតកម្ពុជា, រដ្ឋកម្ពុជា សង្គ្រាមនៅតែមិនរលត់ ឬថាមកពី “រទីសរទាសដូចរាស្ត្រអត់ស្តេច” លុះស្រុះស្រួលគ្នាយករបបរាជានិយមវិញ សង្គ្រាមក៏រលត់ទៅ។

ការដឹកនាំប្រទេសតាមប្រជាធិបតេយ្យសេរី ពហុបក្ស ៖ កត្តានេះ យើងមិនបាច់បកស្រាយវែងឆ្ងាយទេ ព្រោះសព្វថ្ងៃ សូម្បីតែសិស្សបឋមសិក្សា ក៏ដឹងថា កម្ពុជា មានគណបក្សនយោបាយច្រើនដែរ។

បង្កើតប្រព័ន្ធបោះឆ្នោត គោរពតាមឆន្ទៈរាស្ត្រ ៖ ចំណុចនេះ យើងឃើញសមាសភាព គ..ប បានផ្លាស់ប្តូរជាបន្តបន្ទាប់ តម្រូវតាមការចង់បានរបស់អ្នកបោះឆ្នោត ដែលត្រូវការតម្លាភាព និងយុត្តិធម៌។

១០មកពីប្រជារាស្ត្រខ្មែរស្អប់ខ្ពើមសង្គ្រាម ៖ កត្តានេះ យើងដឹងហើយថា គ្មានប្រជារាស្ត្រណាចូលចិត្តសង្គ្រាមនោះទេ ពួកគាត់ត្រូវការសេចក្តីសុខស្ងប់ ជួបជុំគ្រួសារ និងប្រកបមុខរបរតាមសម្មាអាជីវោ។

១១ដោយសារនយោបាយឈ្នះឈ្នះ របស់សម្តេចហ៊ុន សែន ៖ ចំណុចនេះ ជាទស្សនៈរបស់អ្នកគាំទ្រគណបក្សប្រជាជន កម្ពុជា ដោយចាត់ទុកថា នយោបាយឈ្នះឈ្នះ និងយុទ្ធសាស្ត្រចតុកោណ របស់ប្រមុខរាជរដ្ឋាភិបាល ជាគន្លឹះនាំមកនូវការ ឈ្នះទាំងអស់គ្នា នាំមកនូវសន្តិភាព និងអភិវឌ្ឍន៍។

នៅមានកត្តាច្រើនទៀត ដែល “នគរធំ” ដកស្រង់មិនអស់ ប៉ុន្តែ កត្តាទាំង១១ ខាងលើនេះ ជាទស្សនៈរបស់មហាជន ចេញពីគ្រប់មជ្ឈដ្ឋាន និងនិន្នាការនយោបាយ។ រហូតមកទល់ពេលនេះ កម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ប៉ុន្តែ ក៏ មានទស្សនៈខ្លះថា មិនទាន់បរិបូណ៌នោះទេ ដោយសារមានចោរកម្ម បង្កការភ័យខ្លាចដល់ជនស្លូតត្រង់ និងមានការរំលោភ យកដីធ្លី រំលោភសិទ្ធិមនុស្ស ការកាប់បំផ្លាញព្រៃឈើបណ្តាលឱ្យខូចបរិស្ថានធម្មជាតិ នាំមកនូវគ្រោះរាំងស្ងួត និងទឹកជំនន់។ សន្តិភាព មិនងាយយកបានទេ តែបើយកបានហើយ ខ្វះការរួបរួមគ្នា អាចធ្វើឱ្យសន្តិភាពនោះមានភាពរដាក់រដុប មិនខុស ពីផ្លូវជាតិ ដែលកសាងរួចរាល់ បែរជាបណ្តែតបណ្តោយឱ្យមានជង្ហុក សម្បុកមាន់ រងគ្រោះដល់អ្នកធ្វើចរាចរណ៍។

កាលពីសម័យសង្គ្រាមត្រជាក់ រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ទោះជាមហាអំណាចទាំងពីរនេះមានសន្តិភាពក្តី ក៏ជម្លោះនយោបាយ បណ្តាលឱ្យប្រជាជាតិទាំងសងខាងមានការព្រួយបារម្ភពីការផ្ទុះអាវុធប្រល័យលោក។ កាលនោះ នៅពាក់កណ្តាលទសវត្សឆ្នាំ១៩៨០ មានទស្សនាវដ្តីសូវៀតមួយ សរសេរជាភាសាបារាំង បញ្ចូលអត្ថបទមួយ មានចំណង ជើងថា “Qui menace la paix?” (អ្នកណាគំរាមកំហែងសន្តិភាព?) ដែលអ្នកនិពន្ធសូវៀត បានចោទប្រកាន់អាមេរិក ដែលបានបញ្ជូននាវាមុជទឹកបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ទៅក្បែរព្រំប្រទល់។ ចំណែកអ្នកកាសែតអាមេរិក ក៏បានសរសេរ គាំទ្ររដ្ឋាភិបាលរបស់ខ្លួន និងថ្កោលទោសរដ្ឋាភិបាលសូវៀត ផ្តោតទៅលើប្រធានបទ “អ្នកណាគំរាមកំហែងសន្តិភាព?” នេះ ដែរ។ ការថ្កោលទោសគ្នាទៅវិញទៅមកបែបនេះ ត្រូវបានបញ្ចប់ ក្រោយពេលសហភាពសូវៀតរលាយ ខណៈដែលលោក មីខាអ៊ីល ហ្គ័របាឆូវ បានទទួលរង្វាន់ណូបែលសន្តិភាព។ ដូច្នេះ គេមិនអាចចាត់ទុកថា ទស្សនៈមួយណាត្រូវ មួយណាខុស បានឡើយ ព្រោះថា អ្នកបញ្ចោញទស្សនៈសុទ្ធតែជាប់និន្នាការនយោបាយ ពោលគឺបើគាត់ស្រឡាញ់មេដឹកនាំណា គណបក្ស ណា ក៏លើកសរសើរមេដឹកនាំ ឬគណបក្សនោះយ៉ាងនេះឯង។

សរុបទៅ “កត្តាអ្វីខ្លះនាំឱ្យមានសន្តិភាពនៅកម្ពុជា?” ដែលយើងបានដកស្រង់ទស្សនៈមហាជនគ្រប់មជ្ឈដ្ឋាន ទាំង១១ ចំណុចខាងលើនេះ គ្រាន់តែចង់បង្ហាញថា “សន្តិភាព គឺជាបំណងប្រាថ្នារបស់ខ្មែរគ្រប់រូប”។ បើខ្មែរមិនរួបរួមគ្នា ឬបែកបាក់ សាមគ្គីគ្នា ដណ្តើមអំណាចគ្នា អាចធ្វើឱ្យប្រទេសជិតខាងមើលងាយ ជាពិសេស មហាអំណាចអាចនឹងលូកដៃកប់ក្លៀក យក ទឹកដីដ៏ពិសិដ្ឋនៃយើងធ្វើជាទីលានសាកអាវុធថ្មីៗរបស់គេទៀត។ សន្តិភាពពិតប្រាកដ គឺសុខទាំងផ្លូវកាយនិងផ្លូវចិត្ត អស់ ចោរកម្ម អនាធិបតេយ្យ ការរំលោភសិទ្ធិមនុស្ស ប៉ុន្តែ បើនៅមានឧបសគ្គបែបនេះ ឈ្មោះថា មានសន្តិភាពមិនទាន់ពេញលេញ តម្រូវឱ្យមានការកែលម្អ ដោលទៅមុខបន្ថែមទៀត៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES