Monday, December 23, 2024
Homeបរិយាយគ្មាន​ព្រឹទ្ធា​ចារ្យ មិន​ហៅ​សភា

គ្មាន​ព្រឹទ្ធា​ចារ្យ មិន​ហៅ​សភា

អរិភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមានអាសនៈតំណាងរាស្ត្រក្នុងរដ្ឋសភា នោះ នៅតែមានភាពរកាំរកូស ម៉្ងៃកាត់ម៉្ងៃកោរ ពុំដឹងជាពេលណាស្រុះស្រួលគ្នានោះឡើយ។ ភាពមិនចុះសម្រុងគ្នានេះ ធ្វើឱ្យប្រជា- រាស្ត្រម្ចាស់ឆ្នោតធុញទ្រាន់ រហូតមានមួយចំនួនរអ៊ូរទាំលែងចង់ទៅបោះឆ្នោត សូម្បីតែការចុះឈ្មោះបោះឆ្នោតក៏លែងរវល់។ ករណីនេះ អាចមកពីស្ថាប័ននីតិប្បញ្ញត្តិ ខ្វះព្រឹទ្ធាចារ្យ ស្របនឹងក្បួនតម្រាបុរាណថា “គ្មានព្រឹទ្ធចារ្យ មិនហៅសភា” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

គាថា “ស្រីហិតោបទេស” និពន្ធដោយ “នារាយណបណ្ឌិត” អ្នកប្រាជ្ញឥណ្ឌា ដែលបកប្រែពីភាសាសំស្ក្រឹត ដោយព្រះភិក្ខុ វីរិយបណ្ឌិតោ ប៉ាង ខាត់ អ្នកប្រាជ្ញសង្ឃខ្មែរ ត្រង់កថាខណ្ឌទី៦១ ស្តីពី “សង្គ្រាម” បានសរសេរថា “ទីណាមិនមានចាស់ព្រឹទ្ធាចារ្យ ទីនោះមិនមែនជាសភាទេ នរជនណាមិនពោលធម៌ នរជននោះមិនមែនជាព្រឹទ្ធាចារ្យទេ ពាក្យណាមិនមានសត្យ ពាក្យនោះ មិនមែនធម៌ទេ ត្រង់ណាមានតែប្រវ័ញ្ច ត្រង់នោះមិនមានពាក្យសត្យទេ”។

បើយកពាក្យពេចន៍ដ៏មានខ្លឹមសារនេះមកវែកញែក យើងអាចរកមូលហេតុឃើញថា “ទីណាមានការកេងប្រវ័ញ្ច នាំឱ្យ បាត់បង់ពាក្យសត្យ កាលណាគ្មានពាក្យសត្យ នាំឱ្យគ្មានធម៌ បើកាលណាគ្មានធម៌ នឹងគ្មានព្រឹទ្ធាចារ្យ ហើយបើគ្មានព្រឹទ្ធាចារ្យ ក៏ដូចជាគ្មានសភា” យ៉ាងនោះដែរ ដែលអ្វីៗវាចាប់ប្រភពពីប្រវ័ញ្ច ជាដើមចមធំបំផុត។

“ព្រឹទ្ធាចារ្យ” មានន័យថា ជាអាចារ្យចាស់ទុំ មានវ័យច្រើន ជាមនុស្សដែលគួរគោរពស្តាប់ដំបូន្មាន។ នឹងអាចក្លាយទៅជា ព្រឹទ្ធាចារ្យ លុះត្រាតែប្រកបដោយសង្គហធម៌ (ធម៌សង្គ្រោះ) ឃរាវាសធម៌ (ធម៌សម្រាប់អ្នកគ្រប់គ្រងផ្ទះ) សាមគ្គីធម៌ (ធម៌រួបរួមគ្នា) ដែលជាធម៌សំខាន់បំផុត ដោយមិននិយាយពីធម៌វិន័យសីល៥ សីល៨ ក្នុងព្រះពុទ្ធសាសនានោះទេ។

ក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិ៥ រួចមក យើងឃើញតែគណបក្ស២ប៉ុណ្ណោះ ដែលបានកាន់កាប់ អាសនៈ នៅរដ្ឋសភាជាតិ ប៉ុន្តែ តំណាងរាស្ត្របក្សកាន់អំណាច និងបក្សប្រឆាំង មិនខុសពីទឹក និងប្រេង។ រដ្ឋសភា មានភារកិច្ច តែងច្បាប់ អនុម័តច្បាប់ ឱ្យតែបើកសម័យប្រជុំពេលណា ច្បាស់ជាមានការជជែកគ្នាតឹងសរសៃក បន្ទាប់មក ភាគីម្ខាងនាំគ្នា ដើរចេញអស់ ទុកឱ្យភាគីម្ខាងទៀតលើកដៃអនុម័តច្បាប់ យកតាមរូបមន្ត៥០+១។ ជម្លោះនយោបាយ បានក្លាយទៅជាប្រធាន- បទធំជាងការតែងច្បាប់ទៅទៀត រហូតដល់តំណាងរាស្ត្របក្សប្រឆាំង លែងខ្ចីចូលប្រជុំរាប់ខែ ដោយយកវេទិកាខាងក្រៅរដ្ឋ- សភា ឆ្លើយឆ្លងគ្នាទៅវិញ។ ថ្មីៗនេះ បន្ទាប់ពីប្រធានរដ្ឋសភា បានចេញសេចក្តីសម្រេច ស្តីពីការអនុវត្ត វិន័យចំពោះតំណាងរាស្ត្រ ដាក់ទណ្ឌកម្មវិន័យដោយកាត់ប្រាក់ខែតំណាងរាស្ត្រណាដែលមិនបានចូលប្រជុំមក ក៏ស្រាប់តែតំណាងរាស្ត្របក្សប្រឆាំង ប្រកាសថា នឹងចូលប្រជុំមិនខានក្នុងករណីចាំបាច់ ដូចជាការអនុម័តច្បាប់ថវិកាជាតិ ជាដើម ជាពិសេស នឹងកោះហៅរដ្ឋមន្ត្រី៦ក្រសួង មកសាកសួរ។

ដូច្នេះយើងឃើញថា ទំនាស់ក្នុងរដ្ឋសភា អាចស្របនឹងគាថា “ស្រីហិតោបទេស” ដែលលើកឡើងថា “គ្មានព្រឹទ្ធាចារ្យ មិន ហៅសភា” នេះឯង។ ឯការបាត់បង់ធម៌ គ្មានពាក្យពិត និងមានការកេងប្រវ័ញ្ច អាចធ្វើឱ្យរដ្ឋសភា ខ្វះខាតព្រឹទ្ធាចារ្យ។ បើវិភាគ ឱ្យល្អិតល្អន់ជាងនេះទៀត ពុំមែនមានន័យថា ថ្នាក់ដឹកនាំរដ្ឋសភា ខ្វះធម៌សាមគ្គី ធម៌សង្គ្រោះ ឬបញ្ចសីលានោះទេ ប៉ុន្តែ ការចង់យកឈ្នះគ្នាលើសង្វៀននយោបាយ នឹងធ្វើឱ្យធម៌សាមគ្គីបាត់បង់។ យើងអាចសន្និដ្ឋានបានថា ទោះជាតំណាងរាស្ត្របក្ស- ប្រឆាំង សម្រេចចិត្តនាំគ្នាចូលប្រជុំ ដើម្បីពិភាក្សាអនុម័តថវិកាជាតិឆ្នាំ២០១៧ ច្បាស់ជាមានការមិនចុះសម្រុងគ្នាទៀត ដោយ ហេតុថា បក្សប្រឆាំង មិនដែលភ្លេចឃ្លាំមើល “អំពើពុករលួយ” សូម្បីតែក្នុងស្ថាប័នរដ្ឋសភា ក៏ធ្លាប់ត្រូវលោកសុន ឆ័យ តំណាងរាស្ត្របក្សប្រឆាំង គាស់កកាយស្នើអគ្គលេខាធិការរដ្ឋសភា បញ្ចោញរបាយការណ៍ប្រកបដោយតម្លាភាព ជុំវិញចំណូល ចំណាយថវិការដ្ឋសភា ដែរ ដោយខ្លាច “កេងប្រវ័ញ្ច”។ បើកាលណាភាគីម្ខាងបារម្ភពីរឿងប្រវ័ញ្ច វាអាចដើរស្របនឹងគាថា ស្រីហិតោបទេស ថា “ត្រង់ណាមានតែប្រវ័ញ្ច ត្រង់នោះមិនអាចមានពាក្យសត្យទេ” ដែលជាកត្តានាំឱ្យភាគីទាំងពីរមិនទុកចិត្ត គ្នា។ កាលបើមានភាពមិនទុកចិត្តកើតឡើង អរិភាពក៏កើតឡើង នាំឱ្យបាត់បង់ធម៌ ហើយកាលបើគ្មានសច្ចធម៌ ព្រឹទ្ធាចារ្យ ក៏គ្មានដែរ។

យើងទទួលស្គាល់ថា ប្រទេសណាក៏ចៀសមិនផុតពី “គ្មានព្រឹទ្ធាចារ្យ មិនហៅសភា” យ៉ាងនេះដែរ ជួនកាលតំណាងរាស្ត្រ ប្រទេសខ្លះ វ៉ៃតប់គ្នាក្នុងពេលប្រជុំក៏មាន។ ជាក់ស្តែង តំណាងរាស្ត្រតៃវ៉ាន់ ពាក់សុទ្ធតែអាវគ្រ័រសេ ពេលប្រជុំមិនស្របយោបល់ គ្នា ក៏ស្ទុះទៅវ៉ៃគ្នា រញ៉េរញ៉ៃពេញរដ្ឋសភា ហើយក៏គ្មានឃើញគេធ្វើច្បាប់អ្វីដាក់ទោសទណ្ឌតំណាងរាស្ត្រទាំងនោះដែរ ព្រោះ ជារឿងសាចទឹកដាក់គ្នា វ៉ៃទៅវ៉ៃមកស្មើដៃ។ ជម្លោះរវាងអ្នកច្បាប់និងអ្នកច្បាប់ ឈានដល់អំពើហិង្សានេះ គឺមកពី “គ្មាន ព្រឹទ្ធាចារ្យ” នេះឯង ពោលគឺ ព្រឹទ្ធាចារ្យ មិនមែនសំដៅដល់ការរៀនសូត្រដល់ថ្នាក់បណ្ឌិត ឬក៏ធ្លាប់បួសច្រើនវស្សា តាមជំនឿ សាសនាផ្សេងៗគ្នានោះទេ ប៉ុន្តែ ការមិនចេះអត់ធ្មត់ យកកំហឹងទល់កំហល់នេះឯង ជាហេតុនាំឱ្យបាត់ឈ្មោះជាព្រឹទ្ធាចារ្យ។

ធម៌ខន្តីអត់ធ្មត់នេះសំខាន់ណាស់ សូម្បីអ្នកវិទ្យាសាស្ត្រផលិតគ្រាប់បែកនុយក្លេអ៊ែរ បើសិនជាខ្វះធម៌ខន្តី អត់ធ្មត់មេត្តា ករុណាក្នុងខ្លួន ច្បាស់ជាចុចប៊ូតុងបញ្ជាគ្រាប់បែកប្រល័យលោក ឆេះទឹក ឆេះដីខ្ទេចខ្ទីអស់ហើយ។ ដូច្នេះ តួនាទីជាតំណាងរាស្ត្រ ដែលប្រជារាស្ត្របោះឆ្នោតជូននោះ លុះត្រាតែម្នាក់ៗតាំងខ្លួនជាព្រឹទ្ធាចារ្យ ទើបស្របនឹងការចង់បានរបស់ម្ចាស់ឆ្នោត។ បើ បោះឆ្នោតឱ្យទៅឈ្លោះប្រកែកគ្នាដដែលនោះ ធ្វើឱ្យប្រជារាស្ត្រធុញទ្រាន់ អាចនឹងឈានដល់ការទាមទារឱ្យមានការបោះឆ្នោត តាម “ប្រព័ន្ធឯកត្តនាម” មិនខាន ព្រោះប្រព័ន្ធនេះ តំណាងរាស្ត្រមិនសូវឈ្លោះគ្នាទេ ហើយក៏មិនសូវមានពហិការនោះដែរ។ ផ្ទុយទៅវិញ ការបោះឆ្នោតតាម “ប្រព័ន្ធសមាមាត្រ” ដូចសព្វថ្ងៃ យើងឃើញ៥អាណត្តិរួចមកហើយ តំណាងរាស្ត្រឈ្លោះគ្នារហូត ព្រោះតែប្រកាន់បក្សម្ខាងៗ។ បើតំណាងរាស្ត្រប្រកាន់បក្ស ច្បាស់ជាគិតផលប្រយោជន៍បក្សធំជាងរឿងជាតិ ធ្វើឱ្យបាត់បង់សច្ច- ធម៌ ឬពាក្យពិត ដោយម្នាក់ៗចេះបំភ្លៃសជាខ្មៅ ការពារគណបក្សខ្លួន ដោយមិនខ្វល់ពីការធុញទ្រាន់ពីសំណាក់ម្ចាស់ឆ្នោត។ បើអ្នកតំណាងរាស្ត្រនាំខូច ប្រជារាស្ត្រក៏ខូចតាម ចេះជេរគ្នាតាមហ្វេសប៊ុកយ៉ាងអនាធិបតេយ្យ ដែលរាស្ត្រខ្លះកាន់ខាងនេះ ខ្លះកាន់ខាងនោះ ធ្វើឱ្យបាត់បង់គុណធម៌ ព្រោះតែ “សភាខ្វះព្រឹទ្ធាចារ្យ” នេះឯង។

ដូចការលើកឡើងរួចមកហើយថា ព្រឹទ្ធាចារ្យ មិនសំដៅដល់បណ្ឌិត ឬក៏ធ្លាប់បួសរៀនចេះដឹងជ្រៅជ្រះនោះទេ ប៉ុន្តែ សំដៅ ដល់ “ការមិនកេងប្រវ័ញ្ច និយាយតែពាក្យពិត” នេះឯង ដែលនាំឱ្យកើតធម៌ ហើយធម៌នាំមនុស្សឱ្យក្លាយជាព្រឹទ្ធាចារ្យ។ ប៉ុន្តែ បើបណ្ឌិតនិយាយកុហកបោកប្រាស់ កេងប្រវ័ញ្ច គិតតែប្រយោជន៍ផ្ទាល់ខ្លួននោះ មិនមានឈ្មោះជាព្រឹទ្ធាចារ្យទេ។ រីឯស្ថាប័ន “ព្រឹទ្ធសភា” ក៏មិនមានន័យថា ជាកន្លែងប្រជុំព្រឹទ្ធាចារ្យនោះដែរ គ្រាន់តែជាទីប្រជុំចាស់ទុំ ក្នុងការអនុម័តច្បាប់ប៉ុណ្ណោះ។

សរុបទៅ គាថា “ស្រីហិតោបទេស” ថា “គ្មានព្រឹទ្ធាចារ្យ មិនហៅសភា” គឺមានន័យយ៉ាងនេះឯង។ ហេតុនេះ គួរតែអ្នក- តំណាងរាស្ត្រ ដែលរាស្ត្របោះឆ្នោតជូននោះ ដាក់ខ្លួនដាក់កាយជាព្រឹទ្ធាចារ្យឱ្យបានគ្រប់ៗគ្នា គិតផលប្រយោជន៍ជាតិជាធំជាង ប្រយោជន៍បក្ស។ តំណាងរាស្ត្របក្សប្រឆាំង គួរតែបញ្ឈប់ការធ្វើពហិការ ចូលរួមប្រជុំអនុម័តច្បាប់តាមកាលបរិច្ឆេទនោះ ទៅ ឯតំណាងរាស្ត្របក្សកាន់អំណាច ក៏គួរចៀសវាងនិយាយដៀមដាមគ្នា។ បើតំណាងរាស្ត្រទាំងអស់ គោរពពាក្យសច្ចៈ មិន កេងប្រវ័ញ្ចគ្នា មានធម៌មេត្តា ករុណាខន្តី នឹងមានឈ្មោះថា ព្រឹទ្ធាចារ្យមិនខាន ហើយបើស្ថាប័ននីតិប្បញ្ញត្តិ សម្បូរដោយព្រឹទ្ធា- ចារ្យ នឹងគ្មានជម្លោះនយោបាយ ជាគន្លឹះនាំមកនូវសុខសន្តិភាព និងអភិវឌ្ឍន៍ជានិរន្តរ៍៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES