នៅក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្នអាចនិយាយបានថាសម្រាប់តារាស្រីស្អាតៗដែលព្រងើយកន្ដើយលុយ ឡាន និងវីឡារ ហើយចង់បានស្នេហ៍ស្មោះអាចមានតែអ្នកមេម៉ាយសុខ សោម៉ាវត្តី ម្នាក់ប៉ុណ្ណោះដែលនាងស៊ូប្ដូរផ្ដាច់ស្នេហ៍ប្រុសក្មេងលី វ៉ាហេទ ដោយទាត់ចោលងារជំទាវ និងអំណាចលុយពីសំណាក់មន្រ្ដីធំៗជាច្រើននាក់មកហើយក្រោយនាងធ្លាក់ខ្លួនមេម៉ាយជិត៧ឆ្នាំមកនេះ។ទោះជាយ៉ាងណាចំណងស្នេហាសោម៉ាវត្តី និងកីឡករបាល់ទាត់វ៉ាហេទ មិនអាចឈានទៅរៀបមង្គលការឆាប់ៗឡើយព្រោះវត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងនាងធ្លាប់រៀបការម្ដងរួចទៅហើយ អីចឹងគ្មានផែនការរៀបការលើកទី២ទេ។
សុខ សោម៉ាវត្តី ត្រូវបានមន្រ្ដីធំផ្កាយ២ម្នាក់ដែលជាអតីតសង្សារតារាហង្សមាសមួយដួងតាមស្នេហានាងជាច្រើនឆ្នាំ តែវត្តី ព្រងើយកន្ដើយហើយនាងធ្លាប់វាចារប្រាប់អ្នកយកព័តមានយើងថារឿងមានមន្រ្ដីធំ កូនអ្នកធំតាមស្រលាញ់នាងគ្មានអារម្មណ៍រំភើបចិត្តនោះទេព្រោះនាងធ្លាប់មានប្ដីជាកូនអ្នកធំហើយស្រលាញ់គ្នាជាង៥ឆ្នាំទើបរៀបការតែទីបំផុតនៅតែបែកគ្នាដដែល។
វត្តី ថាបើនាងចង់បានតំណែងជំទាវតើនាងចាំបាច់លែងប្ដីធ្វើអីទៅ?ការថ្លែងបែបនេះរបស់វត្តី ច្បាស់ណាស់ថាធ្វើឲ្យលោកវ៉ាហេទ សប្បាយរីករាយគ្មានអ្វីមកប្រៀបផ្ទឹមបានឡើយព្រោះវត្តី ស្នេហ៍តែលោកម្នាក់គត់មិនចាប់អារម្មណ៍មន្រ្ដីធំនិងប្រុសមានទ្រព្យណាផ្សេងទៀតទេ។
សុខ សោម៉ាវត្ដី បានរៀបការកាលពីដើមខែវិច្ឆិការឆ្នាំ២០១២ជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ ដែលជាកូនអតីតស្នងការក្រុងភ្នំពេញលោកទូច ណារ័ត្ន ហើយបច្ចុប្បន្នលោកពេជ្រ មានតួនាទីជាស្នងការរងខេត្តរតនគិរី នោះអ្នកទាំង២បានចែកផ្លូវគ្នាកាលពីឆ្នាំ២០១៤ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ។
ការដែលវត្តី ព្រមប្រគល់បេះដូងនិងងប់ស្នេហ៍ខ្លាំងជាមួយលោកវ៉ាហេទ ដោយសារតែប្រុសក្មេងរូបនេះស្រលាញ់កូនស្រីនាងដូចកូនរបស់គេបង្កើតដែរ តែពេលខ្លះនៅមុខអ្នកសារព័តមានវត្តី បែជាហៅលោកវ៉ាហេទ ថាជា”ពូៗ”ទៅវិញ។យ៉ាងណាចំណងស្នេហាសោម៉ាវត្តី-វ៉ាហេទ នេះត្រូវបានចាស់ទុំទាំងសងខាងដឹងឭពិសេសម្ដាយវត្តី មិនប្រឆាំងចំពោះកូនស្រីដែលជ្រើសស្នេហ៍តាមចិត្តខ្លួនឯងនេះឡើយព្រោះ”ក្រមុំដណ្ដឹងម្ដាយមេម៉ាយដណ្ដឹងចិត្ត”៕