ដោយហេតុថា យុវវ័យសម័យនេះ ស្ទើរតែទាំងអស់មិនបានសាងផ្នួស ឬបានសិក្សាគម្ពីរដីកាផ្សេងៗផ្នែកពុទ្ធចក្រ ទើបឱ្យតែ ឃើញព្រះសង្ឃធ្វើអ្វីមិនស្របចិត្តគំនិតរបស់ខ្លួន ក៏រិះគន់តាមហ្វេសប៊ុកភ្លាម។ ករណីព្រះសង្ឃ១អង្គ នៅខេត្តប៉ៃលិន ទទួល ទារកពីរនាក់នៅក្រហមរងាលមកចិញ្ចឹមនោះ ក៏មានយុវវ័យមួយចំនួនបានរិះគន់ព្រះអង្គដែរ ដែលតាមពិត ព្រះអង្គគ្មានកំហុស អ្វីឡើយ គឺស្របទៅតាម “ប្រពៃណីព្រះសង្ឃចិញ្ចឹមក្មេង” មានមកតាំងពីបុរាណព្រេងនាយ ដែល “នគរធំ” សូមលើកមកធ្វើ ប្រធានបទបរិយាយថ្ងៃនេះ…។
កាលពីពេលថ្មីៗនេះ ទារក២នាក់ ដែលម្តាយបោះបង់ចោលដោយគ្មានមេត្តា ត្រូវបានព្រះតេជគុណសាន់ លី ព្រះមេគណគណៈ ធម្មយុត្តិកនិកាយ ខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តសន្តិមារាម ហៅវត្តអូរច្រា មានទីតាំងនៅភូមិអូរច្រាកណ្តាល សង្កាត់ ទួលល្វា ក្រុងប៉ៃលិន មានព្រះទ័យអាសូរករុណា ទទួលយកទៅចិញ្ចឹម។ ព្រះអង្គតែងផ្ងូតទឹក បំបៅទឹកដោះគោ បីបមថ្នមថ្នាក់ ដូចមាតានិងបុត្រ ដែលកម្រមានព្រះសង្ឃដទៃទៀតធ្វើដូចបាន រហូតមានអ្នកគាំទ្រតាមប្រព័ន្ធហ្វេសប៊ុក ហើយក៏មានសប្បុរស– ជនមួយចំនួនយកទឹកដោះគោ ខោទឹកនោម ទៅជួយឧបត្ថម្ភក្នុងការចូលរួមចំណែកចិញ្ចឹមទារកដ៏អភ័ព្វនោះដែរ។ ទន្ទឹមនោះ ក៏មានអ្នកខ្លះរិះគន់ព្រះអង្គតាមហ្វេសប៊ុកថា “នៅមិននៅ យកក្មេងមកចិញ្ចឹម គិតតែកសាងវត្តទៅ” ខ្លះទៀតថា “បើយកក្មេង មកចិញ្ចឹមដដែល ដាក់វត្តហ្នឹងជាមណ្ឌលកុមារកំព្រាបណ្តោយទៅ…”។
ការជួយឧបត្ថម្ភ និងការរិះគន់នេះ ស្តែងឱ្យឃើញថា ចិត្តមនុស្សមិនដូចគ្នាទេ ខ្លះត្រេកអរ ខ្លះមិនត្រេកអរ ប៉ុន្តែ តាមពិត ព្រះសង្ឃមានប្រពៃណីចិញ្ចឹមទារក–ទារិកា តាំងពីកទឹកកដីមកម៉្លេះ ពុំមែនទើបតែឥឡូវនេះទេ ដែលយើងសូមលើករឿងជាតក និងប្រវត្តិសាស្ត្រខ្លះៗ មកជូនជ្រាបនៅពេលនេះ។
នៅក្នុងរឿង “នាងបទុមវតី” បានតំណាលពីទេពធីតា ១អង្គ ច្យុតពីឋានសួគ៌ ក៏បានទៅកើតក្នុងផ្កាឈូកដ៏ធំមួយ ជាឧបាតិក– កំណើត ដោយសារបុណ្យរបស់នាងខ្ពស់។ កាលនោះ មានតាបស១អង្គ និមន្តទៅលុបមុខ ខ្ពុរមាត់នៅទឹកស្រះនេះ ទតឃើញ ផ្កាឈូកធំប្លែកពីផ្កាឯទៀត ក៏កាច់យកមកមើល ក៏ឃើញទារិកាមានបុណ្យដេកក្នុងផ្កានោះ។ តាឥសីក៏យកទៅចិញ្ចឹម ដាក់ឈ្មោះ ឱ្យថា “បទុមវតី” ដោយជបម្រាមព្រះហស្តឱ្យមានទឹកដោះហូរចេញ សម្រាប់បំបៅ និងតែងទៅកាច់ផ្កាឈូកថ្មី មកដាក់ឱ្យទារិកា ដេក ជំនួសផ្កាឈូកដែលស្វិត។ លុះទារិកាធំពេញក្រមុំ មានរូបស្អាតដូចទេពធីតា ទើបតាឥសីជបអាស្រមមួយឱ្យនាងនៅតែ ម្នាក់ឯង ដោយមិនហ៊ានឱ្យនៅក្នុងអាស្រមរួមគ្នា ខ្លាចដាច់សីល។ ក្រោយមកក៏មានព្រានព្រៃម្នាក់ ទៅបរបាញ់ បានឃើញចៅ តាឥសី ស្អាតដូចស្រីសួគ៌ ក៏ទៅក្រាបបង្គំទូលព្រះមហាក្សត្រដែលទើបឡើងសោយរាជ្យស្នងព្រះបិតា ទើបព្រះអង្គចាត់ចែង ទៅស្តីដណ្តឹងនាងនោះពីតាបស យកទៅអភិសេកជាអគ្គមហេសី។ ទំនងជាមានរឿងតំណាលទុកក្នុងគម្ពីរព្រះត្រៃបិដកនេះហើយ ទើបមានការដាក់ឈ្មោះ “វត្តបទុមវតី” នៅរាជធានីភ្នំពេញ ដែលពីមុន វត្តនេះ មានឈ្មោះថា “វត្តខ្ពបតាយ៉ង”។
ដោយឡែក យោងតាមឯកសារមហាបុរសខ្មែរ បានតំណាលពីប្រវត្តិរបស់ “ឃុនហ្លួងព្រះស្តេចកន” ថា កាលនោះមានមន្ត្រី ម្នាក់ ឈ្មោះ “ពិជ័យនាគ” ជាធំនៅខេត្តបាសាន បានចាប់ចិត្តស្រលាញ់នារីម្នាក់ឈ្មោះ “នាងបាន” ដែលជាពូជពង្ស “ពលព្រះ” សម្រាប់ថែរក្សាវត្តអាម និងបានយកនាងជាភរិយា ដោយបង្កើតបានកូនស្រីច្បងឈ្មោះនាងស។ ក្រោយមកនាងបាន មាន ផ្ទៃពោះ គ្រប់ខែកូនទី២ ក៏ចុះទៅដោះទុក្ខសត្វក្នុងបង្គន់ដែលសង់ពីលើទឹកបឹង ជាអកុសល កូននោះរបូតធ្លាក់ទៅក្នុងទឹកទៅ ស្រាប់តែមានត្រីពោដ៏ធំមួយ មកចាប់លេបទារកនោះ ហែលទៅបាត់។ បន្ទាប់ពីនោះមក ក៏មានអ្នកនេសាទម្នាក់ ទៅបង់សំណាញ់ ជាប់ត្រីពោនោះ ហើយក៏ស្របពេលដែលព្រះគ្រូសង្ឃសត្ថា ទ្រង់សុបិននិមិត្តថា មានទេវតាមកទូលព្រះអង្គទៅបិណ្ឌបាតត្រី ពីអ្នកនេសាទ ដើម្បីសង្គ្រោះទារកម្នាក់ដែលជាអ្នកមានបុណ្យ។ ព្រឹកឡើង ព្រះគ្រូសង្ឃសត្ថា ក៏និមន្តទៅផ្ទះព្រានសំណាញ់នោះ សុំបិណ្ឌបាតត្រីពោដែលវាងាប់ទៅហើយ និងប្រើកូនសេក្ខឱ្យបីយកទៅវត្ត និងវះពោះត្រីមើល ក៏ឃើញទារកអភ័ព្វនៅក្នុងពោះ ត្រីនោះមែន។ ព្រះអង្គក៏ចិញ្ចឹមទារកនោះ ដោយសុំទឹកដោះញាតិញោមឧបាសិកាម្នាក់បន្តិចៗ មកបំបៅ ដាក់ឈ្មោះឱ្យថា “កន” ដែលក្រោយមក នាយកន បានឡើងគ្រងរាជសម្បត្តិ ទ្រង់ព្រះនាមថា “ព្រះបាទស្រីជេដ្ឋាធិរាជ”។ យើងមិនបរិយាយលម្អិតពី សកម្មភាពស្តេចកន មុនក្លាយជាព្រះមហាក្សត្រនោះទេ ព្រោះប្រជាពលរដ្ឋខ្មែរ បានជ្រាបជាទូទៅ តែយើងចង់និយាយពី “ប្រពៃណីព្រះសង្ឃចិញ្ចឹមក្មេង” តែប៉ុណ្ណោះ។
ដូចលើកឡើងរួចមកហើយថា តាបសឥសី បានចិញ្ចឹមនាងបទុមវតី កើតពីផ្កាឈូក សូម្បី “នាងកាកី” ដែលកើតពីផ្កាកណិការ ព្រះរាជនិពន្ធដោយព្រះបាទអង្គឌួង ក៏សុទ្ធតែមានតាបសឥសីរើសទៅចិញ្ចឹមដែរ។ ធម្មតា តាបសឥសី ក្នុងគម្ពីរបុរាណកាន់តាម ព្រហ្មញ្ញសាសនា អាចលើកបីទារិកា ឬកុមារីជាកូនចិញ្ចឹមនោះបាន ប៉ុន្តែ ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា មិនអាចប៉ះពាល់ទារិកា ឬក្មេងស្រីបានឡើយ។ គម្ពីរវិន័យបិដក បានហាមប្រាមភិក្ខុក្នុងព្រះពុទ្ធសាសនា មិនឱ្យប៉ះពាល់ស្ត្រីភេទ សូម្បីតែសត្វតិរច្ឆានញី ដូចជាឆ្កែញី គោញី ក៏មិនបានផង។ រីឯរូបចម្លាក់ រូបនិមិត្ត (រូបថត) ស្ត្រីភេទ បើព្រះសង្ឃហ៊ានស្ទាបអង្អែល នឹងត្រូវអាបត្តិមិន ខានឡើយ។
ដូច្នេះបើព្រះសង្ឃចង់ចិញ្ចឹមទារិកាដែលម្តាយបោះបង់ចោល ជារឿងពិបាកបំផុត ទោះជាយកទៅផ្ញើគេឱ្យជួយចិញ្ចឹមក៏ មិនល្អមើលដែរ ប៉ុន្តែ ចំពោះក្មេងប្រុស ឬទារក គ្មានត្រូវអាបត្តិអ្វីទេ។ ករណីព្រះគ្រូមេគណ គណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន ទទួលទារកដែលម្តាយបោះចោលក្នុងព្រៃ មកចិញ្ចឹមនោះ គឺព្រះអង្គកំពុងនិមន្តតាមគំរូព្រះគ្រូសង្ឃសត្ថា ដែលបានចិញ្ចឹម ស្តេចកន នោះហើយ។ ក្មេងដែលម្តាយបោះបង់ចោលបែបនេះ គឺមកពីគ្នាមានកម្មពៀរតាមផ្តន្ទា ប៉ុន្តែ ទៅអនាគតនឹងក្លាយជា អ្នកមានបុណ្យវាសនាខ្ពស់ណាស់ ដូចប្រវត្តិស្តេចកន ជាដើម។ នៅក្នុងរឿង “ឃោសកកុមារ” ក៏បានតំណាលពីស្រីពេស្យាផ្កាមាស ម្នាក់ បានយកកូនទើបសម្រាល ទៅបោះចោលលើគំនរសំរាម ហើយត្រូវបានមហាសេដ្ឋីរើសទៅចិញ្ចឹម ដោយសារខ្លួនគ្មានកូន។ លុះក្រោយមក មហាសេដ្ឋី ក៏មានកូនបង្កើតជាបន្តបន្ទាប់ កើតជាការស្អប់ខ្ពើមកូនចិញ្ចឹម រហូតរកល្បិចសម្លាប់ឃោសកកុមារ ប៉ុន្តែ ដោយហេតុកុមារនោះជាអ្នកមានបុណ្យ ទើបគេសម្លាប់មិនបាន។ លុះមហាសេដ្ឋជាឪពុកចិញ្ចឹមស្លាប់ទៅ ឃោសកកុមារ ក៏បានឡើងជាមហាសេដ្ឋី ដូរឈ្មោះថា “ឃោសិតសេដ្ឋី” បានកសាង “វត្តឃោសិតារាម” ថ្វាយព្រះពុទ្ធជាម្ចាស់…។
ការលើកឡើង ដោយត្រួសៗខាងលើ បង្ហាញថា ទារក–ទារិកា ដែលម្តាយបោះបង់ចោល គឺមកពីគ្នាមានកម្ម ក៏ទៅជួប ព្រះសង្ឃ ទទួលយកទៅចិញ្ចឹមដោយមេត្តាករុណា។ ព្រះសង្ឃសម័យនេះ មិនអាចជបឱ្យម្រាមព្រះហស្តចេញទឹកដោះដូចតា ឥសីបានទេ ប៉ុន្តែ ព្រះអង្គ ត្រូវយកបច្ច័យទៅទិញទឹកដោះគោមកបំបៅ ពេលឈឺក៏យកទៅមន្ទីរពេទ្យ។
សរុបទៅ “ប្រពៃណីព្រះសង្ឃចិញ្ចឹមក្មេង” មានមកតាំងពីបុរាណ និងមានរឿងតំណាលរាប់មិនអស់ ទាក់ទងដល់ករណី ព្រះសង្ឃចិញ្ចឹមក្មេង។ ហេតុនេះ គួរតែអ្នករិះគន់ព្រះសង្ឃថា “នៅមិននៅ យកក្មេងមកចិញ្ចឹម មិនគិតកសាងវត្ត” នោះ គួរ ពិចារណាផង។ បើយកល្អ គួរចូលរួមចំណែកក្នុងការចិញ្ចឹមក្មេង ឱ្យក្លាយជាទំពាំងស្នងប្ញស្សីប្រសើរជាង ព្រោះអ្នកនយោបាយ អ្នកដឹកនាំប្រទេសភាគច្រើន សុទ្ធតែធ្លាប់ដេកវត្ត ហូបបាយបាត្រលោក សូម្បីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទោះជាព្រះសង្ឃ មិនបានរើសចិញ្ចឹមកាលពីតូច ក៏សម្តេចធ្លាប់នៅវត្តនាគវ័ន ដើម្បីបន្តការសិក្សា រហូតក្លាយជាឥស្សរជនដ៏ល្បី៕
ដោយ ៖ អាចារ្យថាំ