Sunday, September 22, 2024
Homeតារាខ្មែរករុណា ពេជ្រ ៖ត្រៀមទៅជួបម្ដាយនៅបារាំង

ករុណា ពេជ្រ ៖ត្រៀមទៅជួបម្ដាយនៅបារាំង

ភ្នំពេញ៖លោកករុណា ពេជ្រ ដែលកំពុងតែកាន់ទុក្ខជូនឪពុករបស់លោកឧបាសកម៉ុក សាខន ដែលបានទទួល​មរណភាព​កាល​ពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ នោះបានប្រាប់អ្នកយកព័តមាន​យើងតាមទូរស័ព្ទ​ថា​ពេលនេះលោកបានដាក់Visa ទៅ​ស្ថាន​ទូត​បារាំងរយៈពេលយូថ្ងៃដើម្បី​ចេញ​ជួបម្ដាយរបស់​លោកដែលកំពុងរស់នៅទីនោះ​ដែលអាចនឹងចេញទៅនៅ​ក្នុងខែធ្នូ​ឆ្នាំ​២០២១ ឬដើមឆ្នាំ២០២២ ខាងមុខនេះហើយព្រោះលោកមាន​ការនឹករលឹកដល់ម្ដាយនិងចង់​ដឹងពីសុខទុក្ខនិងស្ថានភាព​សុខភាព​របស់​គាត់ខ្លាំងណាស់។ទោះជាយ៉ាងណាលោកករុណា ពេជ្រ ថាលោកមិនភ្លេច​ចំពោះការត្រៀមធ្វើបុណ្យគម្រប់១០០ថ្ងៃ​ជូនលោក​ឪពុកនៅថ្ងៃ​ទី១៨​ខែ​មករាឆ្នាំ២០២២ខាងមុខនេះទេ ហើយប្រសិនបើលោកបានVisa ត្រូវចេញទៅបារាំងនៅ​ខែធ្នូនេះ លោកក៍ត្រូវ​វិលមកធ្វើ​បុណ្យ​​ជូនឪពុកសិនទើបវិលទៅបារាំងម្ដងទៀត​ដែរ។

តារា​ចម្រៀង​ថោន រូបនេះបានឲ្យដឹងថា​តាមពិតលោក​បានធ្វើ​បុណ្យជូនលោកឪពុកគម្រប់៧ថ្ងៃផ្គួប​១០០ថ្ងៃរួចទៅហើយកាលពី​ថ្ងៃ​ទី១៩-២០តុលាឆ្នាំ២០២១ តែនៅថ្ងៃខួប១០០ថ្ងៃពិត​ប្រាកដ​លោកនឹង​ធ្វើបុណ្យ​ជូន​ឪពុកម្ដងទៀត​នៅ​ស្រុកកំណើតរបស់ឪពុក​នៅភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្ត​ព្រៃវែង ។លោក​ករុណា ពេជ្រ បានឲ្យដឹងដែរថានៅថ្ងៃបុណ្យ​ខួបឪពុករបស់​លោក​គម្រប់​១០០ថ្ងៃ​នោះលោកមិនបានអញ្ជើញ​មិត្តភក្ដិអ្នកសិល្បៈ​រួម​អាជីព​នោះទេ​គឺធ្វើ​បុណ្យតែជាមួយបងប្អូននិងសាច់​ញាត្តិនៅ​ស្រុក​កំណើតរបស់ឪពុក​ជាទីកន្លែងដែលបញ្ចុះសពឪពុក​លោក​នៅម៉ុងទីនោះដែលលោកបានធ្វើ​ជូនឪពុកតាំងពីគាត់​នៅមាន​ជីវិតម្លេះ។

  គូរបញ្ជាក់ថាលោកករុណា ពេជ្រ ជាកូនទោលក្នុងគ្រួសារហេតុនេះហើយនៅ​ពេល​ដែល​ឪពុករបស់លោកបានលាចាកនោះ​ធ្វើឲ្យលោកមានអារម្មណ៍កាន់តែឯកោ តែលោក​ថា​ជីវិត​រស់នៅម្នាក់ឯងរបស់លោកមានជាច្រើនឆ្នាំមកហើយ ព្រោះលោកទើប​តែយកឪពុក​មករស់​នៅជាមួយរយៈពេល១០ឆ្នាំចុងក្រោយ​នេះប៉ុណ្ណោះ។លោក​ថាមុនបុណ្យ​គម្រប់​១០០ថ្ងៃ​របស់ឪពុកនេះ​លោក​ក៍បានយល់សប្ដិឃើញឪពុកជួបរឿងល្អៗ បញ្ជាក់ថាគាត់បានទៅដល់​ទីឋាន​សុខ​គតិភពហើយ។

   សូមបញ្ជាក់ថាលោកករុណា ពេជ្រ បានមើលថែរនិងព្យាបាលជំងឺឪពុកអស់រយៈ​ពេល​ជាង៣ឆ្នាំដោយចំណាយថវិការ​អស់​ជាង២០ម៉ឺនដុល្លារក្រោយលោកម៉ុក សាខន កើតជំងឺដាច់​ស​សៃ​ឈាម​ក្នុងខួក្បាលក្លាយជាមនុស្សរុក្ខជាតិ។តារាចម្រៀង​ថោន​រូបនេះ​ក៍បានចំណាយ​ថវិការ​ធ្វើបុណ្យជូនឪពុកអស់ជាង១០ម៉ឺនដុល្លារ​ផងដែរមុនពេលត្រៀមហោះ​ទៅបារាំង​ជួប​ម្ដាយនៅទី​នោះ ខណៈពេលនេះម្ដាយលោកបានធូស្រាលពី​ជំងឺត្បៀតសសៃឈាម​និងអាច​ធ្វើចលនាបានដោយខ្លួនឯងឡើងវិញហើយ៕

RELATED ARTICLES