ភ្នំពេញ៖កំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ត្រូវបានមហាជនជាច្រើនចាំអ៊ុតមើលថាតើនៅឆ្នាំ២០២១នេះតារារូបណាទៅដែលមានភាពលេចធ្លោជាងគេក្រោយពីពួកគេច្រៀងនៅផលិតកម្មផ្សេងគ្នាជាង១ឆ្នាំ ខណៈដែលព្រាប សុវត្ថិ ឈជើងនៅGalaxy ចំណែកខេមរៈ សិរីមន្ដ វិញច្រៀងនៅហង្សមាស។ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថាសម្រាប់ឆ្នាំ២០២១នេះព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ គឺឆាចោលតែម្ដងពោលព្រោះមិនអាចយកជាការបានថាមួយណាល្បីជាងឬខ្សោយជាងបាននោះទេ។Composer ល្បីឈ្មោះម្នាក់នៅហង្សមាសបានប្រាប់”នគរធំ”កាលពីពេលថ្មីៗនេះថាជាទូទៅតារាចម្រៀងឬសម្ដែងមួយណាលេចធ្លោជាងគេក្នុងរយៈពេល១ឆ្នាំគេអាចសន្និដ្ឋានបានហើយពោលគឺរៀងរាល់ខែធ្នូនៃឆ្នាំនីមួយៗតែម្ដងព្រោះជាពេលវេលាអាចសរុបសកម្មភាពការងារពួកគេតាំងពីខែមករា មកដល់ចុងឆ្នាំបានមុនពេលឆ្លងចូលឆ្នាំថ្មី។
តែឆ្នាំនេះគឺមិនអាចធ្វើទៅរួចនោះទេព្រោះព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មិនបានបញ្ចេញសម្ថភាពឲ្យអស់ក្នុងការប្រកួតប្រជែងគ្នាឡើយ អីចឹងបើមិនទាន់ប្រកួតផងតើម៉េចដឹងថាអ្នកណាចាញ់និងឈ្នះ?លោកបន្ថែមថាផលរំខានដែលមិនអាចសន្និដ្ឋានបានថាតើព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មួយណាលេខ១នៅឆ្នាំ២០២១នេះ គឺដោយសារតែកូវីដតែម្ដងដែលធ្វើឲ្យរាំងស្ទះលើការចេញបទចម្រៀងនិងសកម្មភាពទាំងឡាយរបស់តារាទាំង២។អ្នកជំនាញធ្វើភ្លេងរូបនោះថាជាទូទៅបើតារាណាត្រូវបានគេផ្គូផ្គងថាមានភាពត្រដមត្រសងគ្នាឬជាប្រជែងដ៍ស្វិតស្វាញនោះគេអាចមើលដឹងថាម្នាក់ណាខ្លាំងឬខ្សោយជាងតាមរយៈដូចជាទី១៖តម្លៃខ្លួនច្រៀងសម្ដែងនិងស្ពតពាណិជ្ជកម្ម,ទី២៖ចំនួនViews នៃបទចម្រៀងនីមួយៗពេលចេញតំណាលគ្នា,ទី៣៖ការតាំងរូបថតតារាទាំង២នៅពេលដែលច្រៀងប៉ៈគ្នាលើឆាកតែ១តើមួយណាគេឌីហ្សាញដាក់ធំជាង និងទី៤៖ដែលជាចំណុចសំខាន់គឺចំនួននៃការគាំទ្រនៅឆាកសម្ដែងផ្ទាល់តែម្ដងថាតើពេលតារាទាំង២នោះចេញមកម្ដងម្នាក់មួយណាមានការគាំទ្រផ្ទាល់ច្រើនជាង។
ព្រាប សុវត្ថិ ត្រូវបានសិស្សប្អូនខេមរៈ សិរីមន្ដ លោតមកប្រកៀកប្រកិតជិត១០ឆ្នាំចុងក្រោយនេះរហូតមានព័តមានថាកំពូលតារាចម្រៀងរូបនេះបានចាកចេញពីហង្សមាសទៅចូលGalaxy ព្រោះភ្នំ១មានខ្លា២ទៀតផង។ប៉ុន្ដែលោកព្រាប សុវត្ថិ ធ្លាប់ប្រកែកដោយអះអាងថាលោកទៅផលិតកម្មថ្មីដើម្បីស្វែងរកបទពិសោធន៍ថ្មីៗ។ដោយឡែកចំពោះមហាជនដែលគាំទ្រលោកព្រាប សុវត្ថិ ជាច្រើនឆ្នាំមកហើយនោះតាមសភាពជាក់ស្ដែងគេកត់សម្គាល់ថាពួកគេនៅតែនិយមស្ដាប់បទចម្រៀងរបស់លោកនៅហង្សមាសច្រើនជាងGalaxy។ដោយឡែកខេមរៈ សិរីមន្ដ វិញក្រោយព្រាប សុវត្ថិ ចេញពីហង្សមាសចូលGlaxyជិត១ឆ្នាំមកនេះអតីតតារាចម្រៀងសាន់ដេបានវ៉ាដាច់អស់តារារួមក្រុមតែម្ដង។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់បញ្ជាក់ថារវាងលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ គឺបើតារាណា១ចេញបានបទចម្រៀងច្រើនជាងនោះម្នាក់នោះហើយគឺជាអ្នកឈ្នះតែម្ដង។តែអ្នកជំនាញធ្វើភ្លេងនៅហង្សមាសនៅតែបញ្ជាក់ថាព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ នៅឆ្នាំ២០២១នេះ មិនអាចយកជាការបានថាអ្នកណាមានការគាំទ្រច្រើនជាងខាងទីផ្សារចម្រៀងនោះទេ ប៉ុន្ដែគេអាចវាយតម្លៃបានថាតារាលំដាប់ជូរមុខទាំង២នេះម្នាក់ណារកស៊ីលក់ដីឡូតិ៍ដាច់ជាងវិញទើបត្រឹមត្រូវជាង៕