Friday, September 20, 2024
Homeតារាខ្មែរព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ ៖ឆាចោល

ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ ៖ឆាចោល

  ភ្នំពេញ៖កំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ត្រូវបានមហាជនជាច្រើនចាំអ៊ុត​មើល​​ថា​តើនៅឆ្នាំ២០២១​នេះ​តា​រារូបណាទៅដែលមានភាពលេចធ្លោជាងគេ​ក្រោយពីពួកគេ​ច្រៀង​នៅផលិត​កម្មផ្សេងគ្នាជាង១ឆ្នាំ ខណៈដែលព្រាប សុវត្ថិ ឈជើងនៅGalaxy ចំណែក​ខេមរៈ សិរីមន្ដ វិញច្រៀងនៅហង្សមាស។ប៉ុន្ដែអ្នកជំនាញសិល្បៈ​បានលើកឡើងថា​សម្រាប់​ឆ្នាំ​២០២១នេះព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ គឺឆាចោលតែម្ដងពោលព្រោះមិនអាច​យក​ជា​ការបានថាមួយណាល្បី​ជាងឬ​ខ្សោយ​ជាងបាននោះទេ។Composer ល្បីឈ្មោះម្នាក់នៅ​ហង្ស​មាស​បានប្រាប់”នគរធំ”កាលពីពេលថ្មីៗនេះថាជាទូទៅ​តារាចម្រៀង​ឬសម្ដែងមួយណា​លេច​ធ្លោជាងគេក្នុងរយៈពេល១ឆ្នាំគេអាចសន្និដ្ឋាន​បានហើយពោលគឺរៀងរាល់ខែធ្នូនៃឆ្នាំនីមួយៗ​តែ​ម្ដង​ព្រោះជាពេលវេលាអាចសរុបសកម្មភាពការងារពួកគេតាំងពីខែមករា មកដល់​ចុង​ឆ្នាំបានមុនពេលឆ្លង​ចូល​ឆ្នាំថ្មី។

តែឆ្នាំនេះ​គឺមិនអាចធ្វើទៅរួចនោះទេព្រោះព្រាប សុវត្ថិ និង​ខេមរៈ សិរីមន្ដ មិនបាន​បញ្ចេញសម្ថភាពឲ្យអស់ក្នុងការប្រកួត​ប្រ​ជែង​គ្នា​ឡើយ អីចឹង​បើមិន​ទាន់ប្រកួតផងតើម៉េច​ដឹងថាអ្នកណាចាញ់និងឈ្នះ?លោក​បន្ថែមថាផលរំខានដែលមិនអាច​សន្និដ្ឋាន​បានថា​តើ​ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មួយណាលេខ១នៅឆ្នាំ២០២១នេះ គឺ​ដោយ​សារតែកូវីដតែម្ដងដែល​ធ្វើឲ្យរាំងស្ទះ​លើ​ការ​​ចេញ​បទចម្រៀងនិង​សកម្មភាព​ទាំងឡាយ​របស់​តារាទាំង២។អ្នកជំនាញធ្វើភ្លេងរូបនោះថាជាទូទៅបើតារា​ណាត្រូវបាន​គេ​ផ្គូផ្គងថា​មានភាពត្រដមត្រសងគ្នាឬជាប្រជែងដ៍ស្វិតស្វាញនោះគេអាចមើលដឹង​ថាម្នាក់ណាខ្លាំងឬខ្សោយជាងតាមរយៈ​ដូចជា​ទី១៖តម្លៃខ្លួនច្រៀងសម្ដែងនិងស្ពតពាណិជ្ជកម្ម,ទី២៖ចំនួនViews នៃបទ​ចម្រៀង​នីមួយៗពេលចេញតំ​ណាលគ្នា​,ទី៣៖ការតាំងរូប​ថតតារា​ទាំង២​នៅ​ពេលដែលច្រៀងប៉ៈគ្នា​លើ​ឆាកតែ១តើមួយណាគេឌីហ្សាញដាក់ធំជាង និង​ទី៤៖ដែលជាចំណុចសំខាន់​គឺ​ចំ​នួន​​​នៃ​ការ​​គាំទ្រ​នៅឆាកសម្ដែងផ្ទាល់តែម្ដងថាតើពេលតារា​ទាំង២នោះ​ចេញមកម្ដងម្នាក់មួយណាមាន​ការគាំទ្រផ្ទាល់ច្រើន​ជាង​។

 ព្រាប សុវត្ថិ ត្រូវបានសិស្សប្អូនខេមរៈ សិរីមន្ដ លោតមកប្រកៀកប្រកិតជិត១០​ឆ្នាំចុង​ក្រោយនេះរហូតមានព័ត​មាន​ថា​កំ​ពូល​តារាចម្រៀងរូបនេះបានចាកចេញពីហង្សមាសទៅចូលGalaxy ព្រោះភ្នំ១មានខ្លា២ទៀតផង។ប៉ុន្ដែលោកព្រាប សុវត្ថិ ធ្លាប់​ប្រ​កែកដោយអះ​អាង​ថា​លោកទៅផលិតកម្មថ្មីដើម្បីស្វែងរកបទពិសោធន៍ថ្មីៗ​។ដោយឡែកចំពោះមហាជនដែលគាំទ្រ​លោក​ព្រាប សុវត្ថិ ជាច្រើនឆ្នាំមកហើយនោះតាមសភាពជាក់ស្ដែងគេកត់​សម្គាល់ថាពួកគេនៅ​តែ​និយម​ស្ដាប់បទចម្រៀង​របស់​លោក​នៅហង្សមាសច្រើនជាងGalaxy។ដោយឡែកខេមរៈ សិរី​មន្ដ វិញក្រោយព្រាប សុវត្ថិ ចេញពីហង្សមាសចូលGlaxyជិត១ឆ្នាំ​មក​នេះអតីត​តារា​ចម្រៀង​​​​សាន់​ដេបានវ៉ាដាច់អស់តារារួមក្រុម​តែម្ដង។ប៉ុន្ដែអ្នកជំនាញ​សិល្បៈ​លោកមិញ សុធីវណ្ណ ធ្លាប់បញ្ជាក់​ថារវាងលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ គឺបើតារា​ណា១​ចេញបានបទចម្រៀង​ច្រើនជាងនោះម្នាក់​នោះហើយ​គឺជាអ្នក​ឈ្នះ​តែម្ដង។តែអ្នកជំនាញធ្វើភ្លេងនៅហង្សមាសនៅតែបញ្ជាក់ថាព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ នៅឆ្នាំ២០២១នេះ មិន​អាច​យក​ជា​ការ​បាន​ថាអ្នកណាមានការគាំទ្រច្រើនជាងខាងទីផ្សារចម្រៀងនោះទេ ប៉ុន្ដែគេអាចវាយ​តម្លៃ​​បានថា​តារាលំដាប់ជូរ​មុខទាំង២​នេះ​ម្នាក់​ណារកស៊ីលក់ដីឡូតិ៍​ដាច់ជាង​វិញ​ទើបត្រឹមត្រូវ​ជាង៕

      

RELATED ARTICLES