កាលពីថ្ងៃព្រហស្បតិ៍ទី៩ធ្នូ២០២១អាជ្ញាធរឱសថចិនបានអនុម័តដាក់អោយប្រើប្រាស់បន្ទាន់សម្រាប់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ដំបូងរបស់ខ្លួនដែលមានឈ្មោះថា Monoclonal Antibody ។ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីការសាកល្បងបង្ហាញលទ្ធផលថាវាពិតជាមានប្រសិទ្ធភាពអាចកាត់បន្ថយការចូលមន្ទីរពេទ្យនិងការស្លាប់បានយ៉ាងច្រើនក្នុងចំណោមអ្នកជំងឺដែលមានហានិភ័យខ្ពស់។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំងAFP។ឱសថនេះត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Tsinghua មន្ទីរពេទ្យប្រជាជនទីបីនៃ Shenzhen និង Brii Biosciences។នៅក្នុងសេចក្តីថ្លែងការណ៍មួយលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធបានអោយដឹងថាទិន្នន័យសាកល្បងបង្ហាញថាការព្យាបាលដោយរួមបញ្ចូលគ្នាអាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យនិងការស្លាប់ចំពោះអ្នកជំងឺដែលមានហានិភ័យខ្ពស់ប្រហែល 80 ភាគរយ។រដ្ឋបាលជាតិត្រួតពិនិត្យផលិតផលវេជ្ជសាស្រ្តចិនបានឲ្យដឹងថាថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រភេទmonoclonal antibody ដែលជាការបញ្ចូលអង់ទីករឲ្យអ្នកជំងឺផ្ទាល់ដើម្បីទប់ទល់ជាមួយមេរោគនេះ។ វាប្រើប្រាស់ថ្នាំពីរមុខរួមគ្នា ហើយបញ្ចូលទៅក្នុងខ្លួនអ្នកជំងឺ តាមរយៈការចាក់។

អង្គបដិប្រាណmonoclonal Antibody គឺជាប្រភេទប្រូតេអ៊ីនដែលភ្ជាប់ទៅនឹងប្រូតេអ៊ីនមេរោគឆ្លងដោយកាត់បន្ថយសមត្ថភាពរបស់វាក្នុងការចូលទៅក្នុងកោសិការបស់រាងកាយ។ការអនុម័តដាក់អោយប្រើប្រាស់ពេលនេះកើតឡើងស្របពេលដែលនិយតករជុំវិញពិភពលោកផ្តល់ភ្លើងខៀវដល់ការព្យាបាល ជាពិសេសសម្រាប់ក្រុមដែលមានហានិភ័យខ្ពស់ ចំពេលមានការព្រួយបារម្ភអំពីមេរោគបំប្លែងថ្មី។ប្រទេសចិនក៏កំពុងប្រឈមមុខនឹងការកើនឡើងនៃការសិក្សាដែលបង្ហាញថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពទាបជាងថ្នាំជាច្រើនដែលផលិតនៅបរទេស៕
