Monday, June 9, 2025
Homeតារាខ្មែរមាស សុខសោភា ៖តកុងត្រាថ្មី

មាស សុខសោភា ៖តកុងត្រាថ្មី

ភ្នំពេញ៖មាស សុខសោភា បានប្រកាសថានាងនឹងត្រៀមចេញវាយលុកទីផ្សារចម្រៀងនៅរាម នៅឆ្នាំ២០២២ ខាងមុខ​នេះ​ហើយ​និង​ថា​នោះគឺជាអ្វីដែលនាង​មិនដែលធ្លាប់មាន​ពីមុនមក​នោះទេ ពោល​គឺចេញមកម្ដងនេះ​ប្លែកជាងលើក​ណាៗទាំងអស់​ក្នុង​អាជីពចម្រៀងរបស់​នាង។​ការតាំងចិត្តបែបនេះបញ្ជាក់ថាសុខសោភា បានតកុងត្រាថ្មីជាមួយរាម ទៅហើយព្រោះក្នុង​តំណាក់​កាលដំ​បូង​នៃចំនួនកុងត្រាលើកទី១នោះនាងត្រូវផុតកំណត់នៅចុងខែកុម្ភៈឆ្នាំ២០២២ ពីកិច្ចសន្យាច្រៀង​ឲ្យផលិត​កម្មមួយនេះរយៈពេល១ឆ្នាំ។ការព្រមរួមរស់ជាមួយរាម តទៅទៀត​នេះបានន័យ​ថា​សុខ​សោភា នៅតែមិនអាចក្លាយ​ទៅជា​តារាចម្រៀង​របស់ហង្សមាស​បានតទៅ​ទៀត​ក្រោយ​ពីផលិ​ត​កម្មធំនេះបានចចារកុងត្រាសោភា មកធ្វើជាតារារបស់ខ្លួនបាន​រងបរា​ជ័​យ​អស់រយៈពេល​ជាង១០ឆ្នាំ​មក​ហើយ តែទីបំផុតសោភា នៅតែបន្ដក្រាញមិនចូលហង្សមាស​ដដែល។យ៉ាង​ណា​តាមព័តមាន​បានឲ្យដឹងថាហង្សមាស និងGalaxy បានរងចាំអ៊ុតសុខសោ​ភា អំឡុងពេលចប់កុងត្រានៅរាម នៅដើមឆ្នាំ២០២២ ខាងមុខនេះ ប៉ុន្ដែឥឡូវច្បាស់ការ​ហើយ​ពោលគឺសោភា នៅតែបន្ដច្រៀង​ឲ្យ​ផលិតកម្មមួយនេះតទៅទៀតតាមរយៈ​ការ​ចាប់​ដៃថៅកែ​ស្រីរកស៊ីជាមួយ​គ្នា។រឿងបន្ថែម​ចំ​នួនកុងត្រាថ្មីនេះធ្វើឲ្យសុខសោភា បន្ដអាកខានក្នុងការធ្វើជា​ដៃគូ​របស់កំពូល​តារាចម្រៀង​ព្រាប សុ​វត្ថិ និងខេមរៈ សិរីមន្ដ តទៅទៀតដែរ ទើបធ្វើឲ្យអ្នក​គាំ​ទ្រ​តារាចម្រៀង​សំនៀង​ផ្អែម​រូបនេះ​ចង់​ឃើញ​នាងមានដៃដូឆ្លងឆ្លើយដែលសាកសមគ្នា​នោះ​នៅ​តែមិនទាន់​បានដូចចិត្ត។

   មាស សុខសោភា បានដើររចេញពីថោន ក្រោយនាងច្រៀងនៅ​ផលិតកម្មមួយនេះ​រយៈ​ពេល៩ឆ្នាំ ហើយការចរ​ចារវាង​នាង​និងហង្សមាសនៅចុងឆ្នាំ២០២០ បានខ្វែងគំនិតគ្នាទើប​ធ្វើ​ឲ្យសោភា សម្រេចចិត្តចូលរាម និងផ្អឹបផលិតកម្មផ្ទាល់​ខ្លួន​Camtrax ។យ៉ាងណាអ្នកជំនាញ​សិ​ល្បៈ​បានលើកឡើងថាការចូលរាម ទោះជាសុខសោភា ក្លាយទៅជាតួឯកក្ដី ប៉ុន្ដែនាងពិបាក​ក្នុង​ការ​ប្រជែងជាមួយតាស្រីជូមុខរបស់ហង្សមាស និងGalaxy ព្រោះរាម ផលិតបទចម្រៀង​​មិនមែនដើម្បីប្រជែងផលិត​កម្ម​ទាំងពីរ​ឡើយ។ប៉ុន្ដែមូលហេតុដែលសោភា បន្ដកុងត្រាថ្មី​នៅ​រាម ទាំងដែលនាងមិនទាន់មានបទផ្ទុះខ្លាំងៗដូចមុន​នោះគឺដោយ​សារ​តែនាងចង់ពង្រឹងមុខ​ជំ​នួញរកស៊ីជាមួយថៅកែស្រីរាម ។Composer ម្នាក់នៅហង្សមាសថាបើសិនជា​សុខសោភា ចង់​វាយ​លុកទីផ្សារចម្រៀងមែន ម្លេះបើនាងចូលហង្សមាស ឬGalaxyនោះច្បាស់ជាក្លាយទៅជា​តារា​ចម្រៀងវ៉ាតារាស្រី​ផ្សេងអស់ទៅ​ហើយ។ប៉ុន្ដែពេលនេះនាងនៅរាម គឺទៅដើម្បីរកស៊ី ច្រើន​ជា​ងផ្ដោត​លើការច្រៀងរាំ។

  មាស សុខសោភា បានក្លាយទៅជាថៅកែស្រីហាងលក់ផលិតផល និងកាហ្វេ ដោយចំ​ណាយ​ទុនអស់ជាច្រើនម៉ឺន​ដុល្លារ​នៅរដូវកូវីដ ហើយពេលនេះនាងលែងមានគម្រោង​ចេញ​ទៅរស់នៅកាណាដាទៀតហើយ ខណៈដែលស្វាមីនាងលោកអ៊ឹត រ៉ាដា ជាគ្រូពេទ្យ​នោះក៍​ចោល​អាជីពមករស់នៅជាអចិនត្រេយ៍ជាមួយសោភា នៅខ្មែរជាច្រើនឆ្នាំហើយ​ដែរ។ចំណង​ស្នេហាឆ្លង​ទ្វីពរបស់សុខសោភា និងលោករ៉ាដា រយៈពេល១៤ឆ្នាំ(២០០៧-២០២១)នេះទើបតែធ្លាយពួកគេទាំងពីររៀបការជាមួយ​គ្នាស្ងាត់ៗ​កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ពោលគឺសោភា បានព្រមឲ្យមិត្តភក្ដិទម្លាយរូបអាពាហ៍ពិពាហ៍របស់ខ្លួនដែលមានតែលោកឆន សុវណ្ណារាជ និងញឹម ចាន់ថន ទៅកួចដៃនោះដើម្បីបញ្ចប់ពាក្យគេរិះគន់​ថានាងចង់បន្ដភាពល្បី​ល្បា​ញ​ក្នុងសិល្បៈ​សុខចិត្តសាង​ស្នេហ៍ឥតខាន់​ស្លារ។ប៉ុន្ដែទាក់ទងរឿងរៀបការជាចំហវិញក្នុង​ជំនួបផ្ទាល់​កន្លងមកសុខសោភា តែងតែផ្ដល់​ចម្លើយខុសៗគ្នា​ដោយ​ជូនកាល​នាងថាចង់រៀបការនៅ២​ទៅ៣ឆ្នាំ​ខាងមុខនេះទៀត និងពេលខ្លះថាមិនដែលចង់រៀបការជាចំហ​ម្ដងណាឡើយ។តែ​នៅពេលដែលសោភា រីករាយនាងបែជានិយាយថាចង់ធ្វើឲ្យអ្នកគាំទ្រ​ភ្ញាក់ផ្អើលហេតុ​នេះ​ហើយ​មិនអាច​និយាយទុក​មុន​រឿងរៀបការបានទេ។

មហាជនរងចាំមើលថាតើការប្រកាសពង្រឹងទីផ្សារចម្រៀងរបស់មាស សុខសោភា នៅឆ្នាំ២០២២ ខាងមុខនេះនាងពិតជាអាច​ធ្វើព្យុះ​ភ្លៀង​សារជាថ្មី​បានមែនឬក៍នៅតែប្រឈម​ទ្រឹង​តទៅ​ទៀត?

RELATED ARTICLES