ភ្នំពេញ៖តារាសាច់សខ្ចីនាងជុំ រចនាពេជ្រ ហៅបេប៊ី បានឲ្យដឹងថារូបនាងនៅតែជាតារាចម្រៀងរបស់ផលិតកម្មថោន និងគ្មានគម្រោងចាកចេញពីទ្រនុំមួយនេះនាពេលឆាប់ៗឡើយ។ការតាំងចិត្តបែបនេះក្រោយពីបេប៊ី ប្រឈមភាពស្ងប់ស្ងាត់កាន់តែខ្លាំងបន្ទាប់ពីរូបនាងបាត់ខ្លួនពីឆាកតន្រ្ដីដល់ទៅ២ឆ្នាំពោលគឺតាំងពីផ្ទុះកូវីដមកម្លេះ។ប៉ុន្ដែបេប៊ី ថានាងមិនអាចឈប់ពីអាជីពចម្រៀងមួយនេះបានទេ បើទោះជានាងដឹងខ្លួនថាការដកឃ្លា១រយៈរបស់នាងប្រឈមការពិបាកស្ដារមុខមាត់វិញក្ដី។ផ្ទុយទៅវិញនាងថាភាពស្ងប់ស្ងាត់នេះគឺដោយសារតែរូបនាងរងចាំឲ្យកូវីដ ស្ងាត់ទាំងស្រុងសិន និងម្យាងទៀតពេលនាងត្រឡប់មកវិញគឺមានអ្វីដែលថ្មីប្លែកជាងសព្វដងពោលគឺ”សម្ងំយកពិស”។អតីតពិធីការិនីCTN រូបនេះក៍បានឲ្យដឹងដែរថានាងនឹករលឹកដល់ឆាកតន្រ្ដីជាខ្លាំង នឹងសន្យាវិលមកកាន់ក្បាលមីក្រូនាពេលដ៍ឆាប់ៗខាងមុខនេះហើយ។



ជុំ រចនាពេជ្រ ហៅបេប៊ី ធ្លាប់មានព័តមានថានាងត្រូវបានប្រុសដល់ទៅ២នាក់តាមស្នេហាក្នុងពេលតែ១នោះគឺលោកឧកញ៉ាម្នាក់និងអភិបាលខណ្ឌម្នាក់ទៀតទើបធ្វើឲ្យនាងបង្ខំចិត្តចាកចេញពីអាជីពសិល្បៈព្រោះខ្លាចប៉ៈរឿងអាស្រូវស្នេហ៍។តែបេប៊ី ថានាងមិនដែលស្គាល់ប្រុសទាំង២នាក់នោះទេ ខណៈដែលម្ដាយនាងអ្នកស្រីប៊ុន ណារី ថានេះមិនមែនជារឿងល្អឡើយ ព្រោះបើលោកឧកញ៉ានិងអភិបាលខណ្ឌនោះមានប្រពន្ធរួចហើយធ្វើឲ្យគេយល់ច្រឡំជាមិនខាន។អ្នកស្រីណារី ទទួលស្គាល់ថាបេប៊ី ពិតជាមានបុរសទាំងក្នុងនិងក្រៅស្រុកតាមស្រលាញ់មែន តែក្នុងនោះគ្មានម្នាក់ណា១មានភាពច្បាស់លាស់នោះទេពោលគឺបេប៊ី មិនទាន់មានសង្សារឬធ្លាប់ភ្ជាប់ពាក្យជាមួយបុរសណាម្នាក់ឡើយ។



មានការលើកឡើងថាបេប៊ី នឹងអាចលេចធ្លាជាងពេលនេះជាមិនខាន ប្រសិនបើនាងព្រមវិលវិញនិងសម្រេចចិត្តវាយលុកទីផ្សារចម្រៀងសារជាថ្មីមែននោះ ព្រោះថាពេលនេះតារាជើងខ្លាំងរបស់ថោន នាងមាស សុខសោភា បានចាកចេញជាង១ឆ្នាំទៅហើយ។យ៉ាងណាបេប៊ី ត្រូវប្រឈមប្រកួតប្រជែងជាមួយនាងរ៉ាប៊ី កាន់តែស្វិតស្វាញថែមទៀតព្រោះថាតារាទាំង២ដួងដែលជ្រកកោននៅក្រោមដំបូលតែ១នេះទាំងរូបសម្រស់ និងក្បាច់រាំគឺពួកគេលេចត្រដែតដូចគ្នា។បេប៊ី ថាក្រៅពីផលិតកម្មទម្លាក់ចម្រៀងឲ្យច្រៀង នាងក៍មានក្រុមការងារនិពន្ធនិងធ្វើភ្លេងឲ្យផងដរ ដើម្បីឲ្យបានបទចម្រៀងដែលខ្លួនឯងស្រលាញ់គឺចំណាយលុយបន្ថែម ព្រមទាំងចាកចេញពីអាជីពពិធីការិនីដែលនាងបានតស៊ូជាង១០ឆ្នាំគឺដើម្បីផ្ដោតតែលើអាជីពចម្រៀងមួយមុខប៉ុណ្ណោះ៕



