ភ្នំពេញ៖ក្រោយតារាចម្រៀងលោកខេមរៈ សិរីមន្ដ បានឡើងជាឧកញ៉ាកាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២ មកមានព័តមានថាសម្រាប់តារាសិល្បករនាពេលបន្ទាប់ពីលោកខែម ប៊ុនថៃ នឹងឡើងជាឧកញ៉ាដែរគឺលោកចែម ចាន់តារា ហៅនាយពែកម៉ី។ការសម្អាងបែបនេះដោយសារតែនាពេលបច្ចុប្បន្ននាយពែកម៉ី ត្រូវបានគេចាត់ទុកលោកមានទ្រព្យច្រើនមិនចាញ់លោកឧកញ៉ាប៊ុនថៃ នោះទេព្រោះតារាកំប្លែងរូបនេះបានចេញរកស៊ីផ្នែកអចលនទ្រព្យមុនលោកសិរីមន្ដ ទៅទៀតទើបពេលនេះនាយពែកម៉ី មានលុយទិញផ្ទះវីឡាររស់នៅ និងជិះរថយន្ដLexus Lx 570 យ៉ាងកាលីពដោយមានទាំងក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។
ទោះជាយ៉ាងណាក្នុងជំនួបតាមទូរស័ព្ទនៅថ្ងៃទី១២ខែមីនា នាយពែកម៉ី បានឲ្យដឹងថារូបនាយមិនដែលគិតឬប៉ងប្រាថ្នាធ្វើជាឧកញ៉ានោះទេទាំងនាពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។នាយពែកម៉ី បានប្រាប់ពីមូលហេតុដែលនាយគ្មានមហិច្ឆិតាឡើងធ្វើជាឧកញ៉ានោះថាដោយសារតែរូបនាយជាតារាកំប្លែងអីចឹងបើនាយក្លាយទៅជាឧកញ៉ាច្បាស់ជាលែងមានអ្នកហ៊ានជួលច្រៀង,លេងកំប្លែង និងកាត់សក់ជាដើមជាមិនខានហេតុនេះហើយនាងសូមតែត្រឹមធ្វើជាអ្នកកំប្លែងធម្មតាម្នាក់ប៉ុណ្ណោះហើយចេញរកស៊ីដូចបច្ចុប្បន្នទាំងលក់ផ្ទះវីឡារ,ផ្ទះល្វែង និងដីធ្លី និងដល់ម៉ោងលេងកំប្លែងឡើងឆាកដូចសព្វថ្ងៃនេះនាយពេញចិត្តទៅហើយ។លោកចាន់តារា បន្ថែមថាបើសព្វថ្ងៃនាយលេងកំប្លែងត្រូវគូមុខមាត់ ,តែងខ្លួនជាតួស្រី និងខ្ទើយជាដើម អីចឹងតើធ្វើឧកញ៉ាម៉េចកើតទៅ?តារាកំប្លែងCtn រូបនេះក៍បានឲ្យដឹងដែរថារវាងអាជីពនាយនិងលោកខេមរៈ សិរីមន្ដ ទោះជាអ្នកសិល្បៈដូចគ្នាមែន តែតួនាទីខុសគ្នាព្រោះនាយមុនឡើងឆាកគឺត្រូវលាបមុខមាត់ទៅតាមសាច់រឿង ចំណែកលោកខេមរៈ សិរីមន្ដ ជាតារាចម្រៀងសម្លេងពិរោះមុនឡើងឆាកស្លៀកពាក់ស្អាតបាត អីចឹងទោះជាពេលនេះលោកលោកឡើងជាឧកញ៉ាក៍នៅតែបន្ដច្រៀងជាធម្មតាបានដែរ។
នាយពែកម៉ី បានវិវត្តន៍ខ្លួនពីជាងសំណង់ក្លាយទៅជាតារាកំប្លែងល្បីឈ្មោះដោយសារតែមានការបណ្ដុះបណ្ដាលពីលោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ទើបធ្វើឲ្យនាយចាប់អាជីពមួយនេះយ៉ាងមានលំនឹងនិងល្បីល្បាញឈ្មោះរយៈពេល១១ឆ្នាំមកហើយ។សម្រាប់ឆ្នាំ២០២២ នេះនាយពែកម៉ី ត្រូវបានគេចាត់ទុកលោកក្នុងចំណោមសិល្បករល្បីៗដែលមានទ្រព្យច្រើនព្រោះលោកចាន់តារា មានដីធ្លី និងផ្ទះផ្ទាល់ខ្លួននៅទីតាំងផ្សេងៗគ្នាទើបធ្វើឲ្យទស្សនិកជននៅតែគិតថាមិនយូទេលោកតារា នឹងត្រូវបានគេហៅថា”ឧកញ៉ាពែកម៉ី”ដែរជាមិនខានឡើយ។
នាយពែកម៉ី សង្កត់ជាថ្មីថាសម្រាប់រូបនាយគឺសូមបញ្ជាក់ឲ្យច្បាស់ថានាងគ្មានបំណងឡើងធ្វើជាឧកញ៉ានោះទេទោះជាកាលះទេសះណាក៍ដោយគឺសូមតែត្រឹមធ្វើជាអ្នកកំប្លែងធម្មតាម្នាក់។នាយបន្ថែមទៀតថាចំពោះទ្រព្យសម្បត្តិរូបនាយក៍គ្មានលុយរាប់លានដុល្លារដូចគេក្នុងការចូលរួមជួយដល់សង្គមដែរព្រោះជីវភាពទើបតែបានល្អប្រសើរបន្ដិចដោយពេលនេះមានលទ្ធភាពអាចចិញ្ចឹមឪពុកម្ដាយនិងប្អូនៗ រួមទាំងបានធ្វើផ្ទះសម្បែងឲ្យឪពុកម្ដាយបង្កើតនិងឪពុកម្ដាយក្មេករួចរាល់ផងដែរ។
ទាក់ទងអាជីពសិល្បៈវិញនាយពែកម៉ី បានឲ្យដឹងដែរថាទោះជាពេលនេះអូមីក្រុងនៅមិនទាន់ស្ងាត់ក្ដី តែការងាររបស់លោកនៅតែតំណើរការជាធម្មតាទាំងកំប្លែង និងរកស៊ីផ្នែកអចលនទ្រព្យ។ប៉ុន្ដែនាយថា បើរឿងប៉ៈពាល់ដោយសារតែកូវីដនេះមិនមែនតែរូបនាយម្នាក់នោះទេ តែគឺប៉ៈតែទាំងអស់គ្នាតែម្ដងជាង២ឆ្នាំមកនេះដោយសារតែកូវីដ តែរយៈពេលចុងក្រោយគ្រប់គ្នានៅតែអាចចេញធ្វើការរកលុយបានជាធម្មតាដោយសារតែរដ្ឋាភិបាលមិនបិតប្រទេស។លោកចាន់តារា សង្កត់ថារូបនាយនឹងនៅតែបម្រើរអារម្មណ៍មហាជនជារៀងរហូតឲ្យតែទស្សនិកជននៅគាំទ្រ ព្រោះនាងមានសព្វថ្ងៃគឺដោយសារតែសិល្បៈកំប្លែងនេះឯង។
ក្រៅពីនាយពែកម៉ី ដែលពេលនេះតាំងចិត្តថានាយនឹងមិនប៉ងប្រាថ្នាងារជាឧកញ៉ានោះទស្សនិកជនកំពុងតែរងចាំមើលកំពូលតារាចម្រៀងព្រាប សុវត្ថិ ផងដែរថាតើលោកនឹងឡើងជាឧកញ៉ានៅពេលណា?ដោយឡែកគិតត្រឹមឆ្នាំ២០២២ នេះតារាដែលក្លាយទៅជា”ឧកញ៉ា”មាន៣រូបមកហើយនោះគឺលោកទុំ សារុត ហៅនាយឃ្លោគ ,លាន អាហ្រ្វីលគីនីន និងលោកខែម ប៊ុនថៃ ៕