ភ្នំពេញ៖បើទោះជាព្រាប សុវត្ថិ ពេលនេះមានអាយុ៤៧ឆ្នាំហើយកូនៗរបស់លោកទាំង៣ឡើងកំលោះស្រាងអស់ទៅហើយក្ដី តែអតីតតារាចម្រៀងហង្សមាសរូបនេះតែងតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយភរិយាលោកអ្នកស្រីឡុង ស្រីមុំ មិនចាញ់គូស្នេហ៍យុវវ័យនោះទេតាមរយៈបណ្ដាញសង្គមហ្វេសបុក និងTik Tok ។មានពេលខ្លះព្រាប សុវត្ថិ ថែមទាំងលេងសើចជាមួយប្រពន្ធដូចជាបញ្ចេញរូបអាពាហ៍ ពិពាហ៍ និងថាពីមុនភរិយាលោកជាកូនពពែស្លូតគូឲ្យស្រលាញ់ តែពេលនេះប្រប្រួល…។ចំណែកអ្នកនាងស្រីមុំ វិញនៅថ្ងៃរៀបការប្អូនរបស់នាងកាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០២២ នោះនាងឃើញលោកសុវត្ថិ ហាក់ធ្លាក់ភ្នែកបន្ដិចដោយសារតែដាក់ជ្រុលនោះក៍ថាសុំស្រវឹងជាមួយអាដលសិន ព្រោះកម្រមានពេលបែបនេះណាស់…។
នៅថ្ងៃរៀបការប្អូនថ្លៃរបស់ព្រាប សុវត្ថិ នោះដែរគេឃើញមានតារាល្បីៗរួមអាជីពដែលជិតដិតជាច្រើនបានចូលរួមក្នុងនោះមានដូចជាលោកខាន់ ជេមស៍,ខេម,នាយក្រឹម,នាងព្រលិត,តន់ ច័ន្ទសីម៉ា,រ៉េត ស៊ូហហ្សាណា,សារ៉ាយ សក្ខិណា និងនាងជីមមី ជាដើម។ព្រាប សុវត្ថិ ក៍បានចេញសារអរគុណភ្ញៀវដែលបានទៅចូលរួមមង្គលការប្អូនថ្លៃរបស់លោកដែរ តែគេសង្កេតឃើញថាកម្មវិធីនោះព្រាប សុវត្ថិ ហៅតែភ្ញៀវដែលជិតដិតបំផុតប៉ុណ្ណោះ។
គូរបញ្ជាក់ថាព្រាប សុវត្ថិ ក្រោយចាកចេញពីហង្សមាសជាង១ឆ្នាំមកនេះ លោកនៅតែជាតួឯករបស់Galaxy ទោះជាអ្នកគាំទ្ររបស់លោកខ្លះថាបទចម្រៀងរបស់កំពូលតារាចម្រៀងរូបនេះនៅផលិតកម្មថ្មីមិនទាន់មានគុណភាពដូចនៅទ្រនុំចាស់ក្ដី។ប៉ុន្ដែគេរងចាំមើលថារយៈពេលជិត៤ឆ្នាំទៀតដែលព្រាប សុវត្ថិ មានកុងត្រាជាមួយផលិតកម្មជើងថ្មីតែចាយលុយធំនេះលោកនឹងអាចសាងស្នាដៃអ្វីខ្លះបន្ថែមទៀត?ដោយឡែកអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់អះអាងថាតាំងពីព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxy មកពេលនេះលោកមិនធ្លាក់ចុះនោះទេ ។តែការដែលព្រាប សុវត្ថិចាប់ដៃគូជាមួយច័ន្ទសីម៉ា នោះអ្នកដែលចំណេញច្រើនគឺច័ន្ទសីម៉ា ៕