Wednesday, October 23, 2024
Homeតារាខ្មែរហេតុអីសុគន្ធ និសា ៖ពន្យាពេលចេញទៅរស់​នៅ​អាមេរិក?

ហេតុអីសុគន្ធ និសា ៖ពន្យាពេលចេញទៅរស់​នៅ​អាមេរិក?

ភ្នំពេញ៖សុគន្ធ និសា បានរៀបការប្ដីជាង៤ឆ្នាំហើយតែនាងហាក់មិនអន្ទះ​សារចេញទៅរស់នៅ​ជាមួយប្ដីនៅ​អា​មេរិកនោះទេ តែបែជាលោកចៅ សម្បត្តិ មកតាមនាងនៅខ្មែរវិញ​ដែល​ខុស​ពី​អតីតតារាមួយ​ចំនួនដែល​យក​ប្ដី​អាណិកជនគឺក្រោយពីពួកគេរៀបការរួចក៍បាយបាយសិល្បៈហើយទៅនៅស្រុកគេតែម្ដងក្នុងនោះមានដូចជាអ្នកនាងសៀម ស្រីណុច,គឹម លក្ខិណា,វ៉េត រតនា ,សារ៉ាយ សក្ខិណា ,អឿន ដាលីស ,ដាញ់ ម៉ូនីកា និងជិន សេរីយ៉ា ជាដើម។ប៉ុន្ដែនិសា វិញ​ក្រោយ​ធូស្រាលពីកូវីដកាលពីពាក់កណ្ដាល និងចុងឆ្នាំ២០២១ នោះនាងបានចេញ​ទៅ​អា​មេ​រិក២ដង ហើយត្រូវបានគេរំពឹងថានាងទៅរស់នៅទីនោះយូឆ្នាំទៀតផង តែទីបំ​ផុត​និសា គ្រាន់​តែទៅដើរ​លេង​ជាមួយប្ដីហើយក៍វិលមកខ្មែរវិញ ទើបធ្វើឲ្យមិត្តភក្ដិដែលជូនពរនាង​ឲ្យ​មានកូនង៉ានៅទីនោះបានត្រឹមខកចិត្ត ។

 ក្នុងជំនួបជាមួយសុគន្ធ និសា នាពេលកន្លងមកនាងបានបង្ហើបប្រាប់ថាមិនទាន់បាន​សិទ្ធិទៅរស់នៅអាមេរិក​ជាអចិនត្រេយ៍(Visa)នោះទេ ទើបធ្វើឲ្យតារារួមអាជីពមានការភ្ញាក់​ផ្អើលថាហេតុអ្វីបានជានិសា ត្រូវស្ថានទូតអា​គាំងពន្យាពេលផ្ដល់Visa ឲ្យនាងជាច្រើនឆ្នាំ​បែប​នេះ?ប៉ុន្ដែហេតុផលមួយទៀតដែលនិសា ត្រូវសម្រេចរស់​នៅ​ស្រុកខ្មែរហើយមិន​ប្រញ៉ាប់ចេញ​ទៅសាងជីវិតថ្មីលើទឹកដីអាមេរិកនោះ​ដោយសារតែនាងនៅតែ​ស្រលាញ់អាជីព​សិល្បៈនិងមិនអាចបញ្ឈប់ត្រឹមនេះបានឡើយ។និសា ធ្លាប់វាចាថាស្វាមីនាងចង់ឲ្យនាងផ្ដាច់ខ្លួនពីអាជីព​សិ​ល្បៈ​ទាំងស្រុងតែម្ដង តែនាងបានប្រាប់ហេតុផលទៅប្ដីថាមិនអាចធ្វើអីចឹងបានទេ ព្រោះអាជីព​សិល្បៈ​នាងបានតស៊ូ​ជាង១០ឆ្នាំមកហើយអីចឹងនាងនៅតែចង់​បន្ដទៅទៀតឲ្យតែទស្សនិក​ជន​គាំទ្រ។ការលើកហេតុទាំងនេះ​ត្រូវបាន​លោកសម្បត្តិ មិនស្ទាក់ស្ទើចិត្តនោះទេគឺបំពេញតាម​សំ​ណើរ​នាងភ្លាម​ដោយអនុញ្ញាត្តិឲ្យនិសា អាចថតសម្ដែង​ភាពយន្ដនិង​ច្រៀងតាមបណ្ដារឆាក​តន្រ្ដី​​ទាំងឡាយ​​តាមចិត្តចង់។

តែដោយសារតែនិសា មានភាពហត់នឿយ​ច្រើនក្នុងការថតភាព​យន្ដ​បន្ទាប់ពីនាងបានសម្ដែងជាតួឯក៤រឿង​ជាប់គ្នាមានដូច​ជារឿង”សិសិរដូវក្នុងបេះ​ដូង”,​”រាជនីយភូមគ្រឹះ”,”ព្រះវេស្សន្ដជាតក” និងរឿង​”ចំណត​ថ្មីនៃសុ​ភមង្គល”នោះពេលនេះនិសា បាន​សម្រេ​ចចិត្ត​ផ្អាកការថតសម្ដែងរឿងទៅហើយ ដែលការឈប់ថតកុន​នេះមិន​មែនមកពី​ស្វា​មី​នាងឲ្យ​ឈប់នោះទេ តែមក​ពីនាងចង់យកពេលវេលាទៅផ្ដោតលើការ​ពង្រឹងអាជីព​ចម្រៀង​​ឡើង​វិញ​។យ៉ាងណាមជ្ឈដ្ឋានមហាជន​មើល​ឈើញថាក្រោយនិសា មានស្វាមី​មក​ទី​ផ្សារចម្រៀង​របស់​នាងហាក់នៅ​ទ្រឹងបន្ដិច ហើយប្រឈមពិបាក​ប្រជែង​យកតំណែង​ជាតារានាំ​មុខ​គេ​នៅហង្ស​មាស​ទៀតផង ខណៈដែលក្រោយ​ពីបាត់កៅអីជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី២ដែលធ្លាក់ក្នុងកណ្ដាប់ដៃសួស វីសា មក​ពេល​នេះថៅកែហង្ស​មាស​មិនទាន់​ផ្ដល់​តំណែងធំណាមួយជាថ្មីឲ្យនិសា វិញនោះទេ បើទោះជាតំណែងនៅទំនេរ​របស់​ព្រាប សុវត្ថិ សល់២ទៀតគឺThe Voice Kids Cambodia និងCambodian Idol Junior ត្រូវបានគេ​មើល​ឃើញ​ថាសុទ្ធតែសាកសមជាមួយនិសា អាចរ៉ាប់រងបានជំនួសលោកសុវត្ថិ ដែលចាកចេញក្ដី តែតារាចម្រៀង២ដួង​ទៀត​ដែលអាចប្រជែងកៅ​អីនោះ​គឺលោកឧកញ៉ាខែម ប៊ុនថៃ និងពេជ្រ សោភា ។

គូរបញ្ជាក់ថាសុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ ដែលជានាយប្រតិបត្តិ​ក្រុមហ៊ុន​មែនញូ​ឡាយ​ប្រចាំនៅកម្ពុជាកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧  ដែលពេលនេះតារា​ហង្ស​មាសបានងាកទៅបង្កើត​មុខរបរថ្មីក្រៅ​សិ​ល្បៈជាបន្ដបន្ទាប់ផងដែរ ហើយតាំងពីជា​ពីជំងឺកូវីដ​មកស្វាមីនិសា បានថ្នាក់ថ្នមនិងផ្គាប់ចិត្តនាងគ្រប់យ៉ាងទាំង​អស់។យ៉ាងណា​ចំពោះ​គម្រោង​យក​កូនសារជាថ្មីនោះនៅមិនទាន់ត្រូវបាននិសា កំណត់ឡើងវិញនោះទេ បន្ទា​ប់​ពី​ខកចិត្ត​កាលពីដើមឆ្នាំ២០២១ ដោយសារតែនាងកើតកូវីដទើបរំសាយផែនការណ៍​យកកូន​នេះ។​ចំពោះមូល​ហេតុ​​​ដែល​និសា រារែកចិត្តក្នុងការពពោះកូនដំបូងនេះត្រូវបានគេលើក​ឡើងថា​ដោយសារតែតារា​ស្រ​គត់ស្រគុំ​រូបនេះចង់ផ្ដល់កំណើតឲ្យកូនទី១របស់នាងលើដី​អាមេរិក​ដែលកើតភ្លាមបានសញ្ជាតិ​អាគាំងភ្លែតតែម្ដងទើប​ធ្វើឲ្យ​និសា ខាតពេលយកកូនង៉ាអស់​ជាង៤ឆ្នាំ៕

                 

RELATED ARTICLES