ភ្នំពេញ៖លាន អាហ្រ្វីលគីនីន ដែលគេហៅថាជាលោកឧកញ៉ាៗគីនីន បន្ទាប់ពីលោកបានគោរម្យងារនេះកាលពីចុងឆ្នាំ២០១៩ នោះស្រាប់តែពេលនេះអតីតពិធីករនិងតារាចម្រៀងរូបនេះសារភាពថាលោកបានលែងលះប្រពន្ធអ្នកនាងកែវ វរល័ក្ខ ដែលជាប្អូនរបស់កែវ ពិសី នោះដាច់ស្រេចហើយ។ការទម្លាយថាខ្លួនពេលនេះមិនមែនជាស្វាមីរបស់អ្នកនាងវរល័ក្ខ នោះក្រោយពីមានសំណួររបស់ក្មេងស្រីម្នាក់នៅលើTik Tok បានចោទសួរលោកគីនីន ថាម៉េចបានឃើញតែលោកថតជាមួយកូនៗ មិនដែលឃើញរូបជាមួយប្រពន្ធ ទើបធ្វើឲ្យឧកញ៉ាដែលកំពុងតែកាក់កបរកស៊ីដីធ្លីនិងដឹកថ្មលក់នោះឆ្លើយតបថាលោកនិងភរិយាបានលែងលះគ្នាទៅហើយ។លោកអាហ្វ្រីលគីនីន បានចាត់ទុកថាសំណួររបស់ក្មេងស្រីនោះល្អដែលគ្រប់គ្នាចង់ដឹង តែមិនហ៊ានសួរ ប៉ុន្ដែការចេញមុខបំភ្លឺរឿងនេះមិនមែនមកពីមូលហេតុដែលលោកចង់ឡង់សេខ្លួនថាជាពោះម៉ាយនោះទេ តែនេះជារឿងពិតដែលមានអាជ្ញាធរនិងច្បាប់ដឹងឭ។យ៉ាងណាលោកគីនីន ថាចំពោះកូនៗរបស់លោកវិញគឺនៅតែទៅមកៗជាធម្មតាម្ដងមកលេងលោកម្ដងទៅខាងអតីតភរិយា។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកលាន អាហ្រ្វីលគីនីន កាលពីរសៀលថ្ងៃទី១៦ខែមីនា ដើម្បីសួរនាំបន្ថែមពីរឿងលោកលែងលះប្រពន្ធនេះតែលោកគីនីន បែជានិយាយលាយឡំសំណើចថាអត់អីទេ ហើយក៍ចុចផ្ដាច់ទូរស័ព្ទតែម្ដង។យ៉ាងណាការក្លាយទៅជាពោះម៉ាយរបស់លោកឧកញ៉ាអាហ្រ្វីលគីនីន នេះកើតមានក្រោយពីមានដំណឹងដ៍ចម្រូងចម្រាសអំឡុងពាក់កណ្ដាលខែធ្នូឆ្នាំ២០២០ ដែលលោកគីនីន ត្រូវបានតារាចម្រៀងនាងប៉ាត សុធារ៉ា បកអាក្រាតលោកថាបានបោកប្រាសទាំងចិត្តនិងកាយ៉ានាងដោយអះអាងថាលោកបានលែងភរិយាដាច់ស្រេចហើយ ដែលធ្វើឲ្យពេលនោះអ្នកនាងវរល័ក្ខ តាមរករឿងនាង។
ប៉ុន្ដែពេលនេះឧកញ៉ាមាឌតូចល្អិតតែមានមន្ដស្នេហ៍មិនធម្មតានេះ បញ្ជាក់ច្បាស់ៗថាលោកពិតជាបានលែងលះជាមួយអ្នកនាងវរល័ក្ខ ដាច់ស្រេចមែនដែលការចែកផ្លូវគ្នានេះគឺធ្វើទៅតាមផ្លូវច្បាប់ទាំងអស់។គេជឿរថាក្រោយលោកឧកញ៉ាលាន អាហ្រ្វីលគីនីន ចេញមុខថាលោកជាពោះម៉ាយបែបនេះប្រាកដជាមានស្រីៗមួយចំនួនចង់ចូលខ្លួនទៅស្អំរបួសបេះដូងលោកឧកញ៉ាកុំឲ្យរងារកាយ៉ាជាមិនខាន៕