ភ្នំពេញ៖គេថាសិល្បៈគឺជាការកែច្នៃធ្វើអ្វីៗឲ្យថ្មី ប្លែកៗដើម្បីកុំឲ្យអ្នកទស្សនាធុញទ្រាន់ ព្រោះបើដដែលគេនឹងសាំ …។យ៉ាងណាមិញឱក សុគន្ធកញ្ញា ដែលត្រូវបានគេចាត់ទុកថាជាតារាមានអំណាចជាងគេនៅហង្សមាសក្រោយក្លាយទៅជាប្អូនថ្លៃថៅកែលោកឧកញ៉ាអ៊ឹង ឆៃងួន នោះក្រោយមានប្ដីនិងកូន១នោះនាងមិននៅសម្ងំទ្រឹងនោះឡើយ ពោលគឺរកវិធីគ្រប់បែបយ៉ាងទាំងអស់ដើម្បីឲ្យទីផ្សារចម្រៀងមានការប្រែប្រួល រហូតដល់ហ៊ានសម្ដែងនូវឈុតឆាកដែលគេមិននឹកស្មានដល់ តាមរយៈការបង្កាត់ភ្លើងស្នេហាជាមួយសុខ ស្រីនាង ទៀតផងក្នុងខ្សែរឿង”ស្នេហាខ្ញុំផ្លូវ២”។ក្រោយសុគន្ធកញ្ញា និងស្រីនាង ហ៊ានលេងឈុតខ្លះព្រឺរោមរៀងៗខ្លួននោះពេលនេះតារាទាំង២ពេលជួបគ្នាស្រាប់តែអៀនរៀងៗខ្លួន ពិសេសគឺស្រីនាង តែម្ដងអារម្មណ៍ហាក់ច្របូកច្របល់បន្ដិច បើទោះជាមិនបានជាប់ចិត្តជាមួយសុគន្ធកញ្ញា នៅក្រៅឆាក រហូតដល់ដកចិត្តមិនរួចក្ដី។ដោយឡែកលទ្ធផលទាំងសុគន្ធកញ្ញា និងស្រីនាង ទទួលបានពេលនេះគឺចម្រៀងថ្មីរបស់ពួកគេនោះទទួលបានការគាំទ្រនិងតាមដានពីសំណាក់មនុស្សស្រីស្រលាញ់ស្រី(Lesbian)កាន់តែច្រើន ដែលនេះអាចជាយុទ្ធសាស្រ្ដមួយអាចធ្វើឲ្យទីផ្សារចម្រៀងរបស់តារាទាំង២មានការប្រែប្រូលខ្លះ បើទោះជាមិនច្រើនក្ដី។ដោយឡែកសម្រាប់មហាជនវិញបានយល់ច្បាស់ថាសុគន្ធកញ្ញា និងស្រីនាង មិនមែនជាLesbian នោះទេពោលគឺសុទ្ធតែជាស្រីពេញលក្ខណៈដូចគ្នាហើយតារាហង្សមាសទាំង២ស្រលាញ់បុរស មិនមែនស្រី្ដភេទឡើយ។
ឱក សុគន្ធកញ្ញា ហាក់លែងឡើងខ្លាំងក្រោយនាងមានស្វាមីនិងកូន១ សន្ទុះទីផ្សារចម្រៀងមិនសូវផ្ទុះដូចមុនឡើយ ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថាដាច់ខាតថៅកែហង្សមាសនឹងមិនបណ្ដោយឲ្យនាងធ្លាក់ចុះនោះទេ។តែអ្វីដែលជាឧបស័ក្កធំរបស់សុគន្ធកញ្ញា ក្នុងការធ្វើឲ្យនាងពិបាករក្សារតំណែងជាតារាស្រីឈានមុខគេតទៅទៀតនោះគឺការឡើងគីឡូរបស់នាងជ្រុលបន្ដិចបន្ទាប់ពីមានប្ដីនិងកូន១នេះដែលអ្នកខ្លះថានាងបែកសាច់ជាងមុនទៀតផង។ប៉ុន្ដែសុគន្ធកញ្ញា ហាក់ដូចជាពេញចិត្តនូវការឡើងកាម៉ាប់បន្ដិចនេះព្រោះថាស្វាមីរបស់នាងលោកអ៊ឹង សុងលី កាន់តែស្រលាញ់និងថ្នាក់ថ្នមនាងលើសដើមតែម្ដងនារយៈពេលចុងក្រោយនេះ រហូតមានតារាមិនតិចនាក់ទេ ដែលសរសើរនូវភ័ព្វព្រេងសំណាងរបស់នាងថាជាតារាម្នាក់ដែលកំពុងតែជោគជ័យទាំងអាជីពសិល្បៈនិងរឿងស្នេហាព្រមគ្នាតែម្ដង។អ្វីដែលកាន់តែបង្ហាញថាសុគន្ធកញ្ញា ត្រូវស្វាមីយកចិត្តទុកដាក់ និងមិនធ្វែសប្រហែសឲ្យនាងធ្លាក់ចុះនោះគឺពេលនេះតារាកូន១កំពុងតែត្រៀមខ្លួនចេញមុខធ្វើជាគណៈកម្មាការCambodian idol រដូវកាលទី៤និងកម្មវិធី៣ទៀតThe Voice Cambodia ,The Voice Kids Cambodia និងX Factor Cambodia ផងដែរដែលការលេចមុខមកវិញពីបណ្ដារកម្មវិធីខាងលើនេះគេស្ទើតែអាចនិយាយបានថាប្អូនថ្លៃថៅកែហង្សមាសរូបនេះមានសុវត្ថិភាពពីការធ្លាក់ចុះ បើទោះជានាងគ្មានបទផ្ទុះក្ដី។
ចំពោះសុខ ស្រីនាង វិញក្រោយលែងប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ នោះនាងមិនធ្លាប់មានដំណឹងថាត្រៀមរៀបការប្ដីថ្មីឡើយ បើទោះជាមានព័តមានថាអ្នកមេមាយរូបស្រស់នេះមានប្រុសទាំងក្នុងនិងក្រៅស្រុកតាមស្នេហ៍ក្ដី តែស្រីនាង លាក់ជិតឈឹង។យ៉ាងណាគេមិនជឿរថាតារាលេងសម្រស់ដូចនាងទុកបេះដូងឲ្យនៅទំនេរនោះទេគឺគ្រាន់តែនាងព្យាយាមលាក់លៀមប៉ុណ្ណោះ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះស្រីនាង ក្រោយចេញពីនសាន់ដេចូលហង្សមាសនាងត្រូវបានថៅកែផលិតកម្មធំនេះពេញចិត្តដោយប្រគល់តំណែងតួឯកភាពយន្ដខ្នាតធំ”ខ្ញុំមានញាណលើស”និងរឿងភាគ”រាជនីយ៍ភូមិគ្រឹះ”រួមទាំងឲ្យទៅអង្គុយកៅអីជាគណៈកម្មាការCambodian Idol Junior ទៀតផង។តែស្រីនាង នៅតែពិបាកឈជើងក្នុងលំដាប់ជាតារាជូរមុខនៅហង្សមាសដដែល ព្រោះថាសុគន្ធកញ្ញា និងសោភា ធ្វើបានល្អជាង។ដោយឡែកសម្រាប់ការបង្ហាញភាពក្លាហានមិនញញើតក្នុងការលេងឈុតស្នេហាជាមួយសុគន្ធកញ្ញា នោះត្រូវបានគេរំពឹងថាស្រីនាង នឹងធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងបោះជំហ៊ានទៅមុខថែមទៀតជាមិនខាន បើទោះជាពេលនេះFan ភាគច្រើនរបស់នាងជាLesbian ក្ដី។
មជ្ឈដ្ឋានមហាជនបានលើកឡើងថាឱក សុគន្ធកញ្ញា និងសុខ ស្រីនាង កំពុងតែជួយគ្នាទៅវិញទៅមកនៅពេលនេះក្នុងបំណងកុំឲ្យទីផ្សារចម្រៀងនៅនិងថ្កល់ តែអ្នកដែលចំណេញពីការចាប់ដៃគូនេះគឺស្រីនាង ច្រើនជាង ព្រោះថាសុគន្ធកញ្ញា ជាប្អូនថ្លៃថៅកែបែបនេះគេចង់លើកនាងពេលណាក៍បានដែរ៕