ភ្នំពេញ៖តារាចម្រៀង,ពិធីករនិងតារាសម្ដែងប្រមាណ២០០នាក់បានជួបជុំគ្នាច្រៀងរាំកម្សាន្ដសម្រាប់អបអរពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរដែលនឹងប្រព្រិត្តទៅនៅថ្ងៃទី១៤,១៥ និង១៦ខែមេសា ឆ្នាំ២០២២ ខាងមុខនេះហើយកម្មវិធីនេះរៀបចំនៅស្ទីឌីយោប៉ុស្ដិ៍បាយ័នស្ទឹងមានជ័យ ដឹកនាំដោយសមាគមន៍ទូរទស្សន៍កម្ពុជា។
អ្នកស្រីរី អ្នករៀបចំបទចម្រៀងនិងហៅតារាប្រុសស្រីចូលរួមក្នុងកម្មវិធីនោះបានឲ្យដឹងថាសម្រាប់ឆ្នាំនេះមានតារាទាំងអស់ចូលរួមជាង២០០នាក់ក្នុងនោះមានបទចម្រៀងជាង៤០បទដែលបានរៀបចំសម្រាប់តារាចម្រៀងឡើងច្រៀងហើយបទទាំងនោះជាបទប្រពៃណីជាតិមានរាំវង់,រាំក្បាច់ ,សារ៉ាវ៉ាន់ និងឡាំលាវ ជាដើម។
ចំណែកអ្នកនាងគង់ សុជាតិ ដែលដឹកដៃប្ដីលោកជា វិបុល ទៅធ្វើMC រួមគ្នានោះបានឲ្យដឹងថាក្រោយពីអាកខានប្រារពពិធីបុណ្យចូលឆ្នាំខ្មែរអស់២ឆ្នាំ នោះពេលនេះយើងទាំងអស់គ្នាបានរីករាយឡើងវិញព្រោះថាឆ្នាំ២០២២ បានចូលឆ្នាំវិញហើយ។សុជាតិ ថានាងនិងស្វាមីជាប់ទៅធ្វើជាពិធីករឲ្យគេនៅសៀមរាបទាំង៣ថ្ងៃ ហើយឆ្លៀតនាំគ្រួសារដើរកម្សាន្ដនៅទីនោះផងដែរ។សុជាតិ និងប្ដីក៍បានផ្ញើរសារថាសូមឲ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ជំងឺកូវីដនៅថ្ងៃចូលឆ្នាំខ្មែរនេះ ។
លោកជួប សុភ័ក្រ ថ្លែងថាឆ្នាំនេះជាឱកាសល្អមួយដែលយើងបានរៀបចំពីបុណ្យប្រពៃណីជាតិឡើងវិញក្រោយអាកខាន២ឆ្នាំដោយសារតែកូវីដ។ចំណែកលោកជា សុវណ្ណារិទ្ធ វិញថាការជួបជុំថតសម្ដែងរួមគ្នារបស់សិល្បករទាំងអស់គឺដើម្បីឲ្យបងប្អូនបានទស្សនាដោយរីករាយនៅថ្ងៃបុណ្យចូលឆ្នាំខ្មែររបស់យើង។រីឯកញ្ញាហេង កែវនីតា វិញថាយើងរីករាយក្រោយពីឭសម្ដេចបានប្រកាសថាឆ្នាំនេះត្រូវតែចូលឆ្នាំឲ្យបាន ហើយការថតសិល្បៈនៅប៉ុស្ដិ៍បាយ័នប្រៀបបានដូចជាផ្ទះយើងហើយមានតារាជាច្រើនចូលរួម។តារាទាំង៣ក៍បាននិយាយស្របគ្នាថាសូមឲ្យពលរដ្ឋទាំងអស់ចូលរួមការពារពីជំងឺកូវីដតាមរយៈ៣កុំ និង៣ការពារ ផងដែរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕