ភ្នំពេញ៖ក្រោយឱក សុគន្ធកញ្ញា មានស្វាមីនិងកូន១ គ្រប់គ្នាអាចមើលឃើញថាភាពល្បីល្បាញរបស់នាងហាក់នៅទ្រឹងមិនសូវមានសន្ទុះបោះពួយទៅមុខខ្លាំងដូចកាលនៅក្រមុំឡើយព្រោះតែបទចម្រៀងមិនទាន់មានផ្ទុះ។យ៉ាងណាអំឡុងពេលដែលសុគន្ធកញ្ញា ចុះខ្សោយជាងមុនបន្ដិចនេះបើក្រឡេកមកមើលតារាចម្រៀងស្រីនៅហង្សមាសផ្សេងៗទៀតក៍នៅតែមិនអាចវ៉ាតារាកូន១នេះបានដដែលទោះជាពេជ្រ សោភា មានភាពត្រដុំត្រសងជាមួយនាងជាច្រើនឆ្នាំមកហើយក្ដី ខណៈដែលសួស វីសា វិញធ្លាប់អះអាងថាគ្មានមហិច្ឆិតាចង់វ៉ាសុគន្ធកញ្ញា នោះទេគឺសូមត្រឹមលេខ២ ចំពេលដែលសុគន្ធ និសា ឯណ្ណោះក្រោយមានស្វាមីក៍មិនសូវខ្លាំងក្លាដូចកាលនៅលីវទៀតដែរ ទើបធ្វើឲ្យប្អូនថ្លៃថៅកែហង្សមាសរូបនេះបន្ដនៅលេខ១របស់ផលិតកម្មបងថ្លៃខ្លួនដដែល។អ្វីដែលគូរឲ្យកត់សម្គាល់នោះពេលនេះសុគន្ធកញ្ញា បានចេញមុខធ្វើជាគណៈកម្មារការកម្មវិធីប្រលងចម្រៀងCambodian Idol Junior រដូវកាលទី៤ដែលនេះបញ្ជាក់ថានាងប្រឹងរក្សារលំនឹងមិនឲ្យធ្លាក់ចុះឡើយ។បើក្រឡែកមើលឥទ្ធិពលរបស់សុគន្ធកញ្ញា វិញជាង២ឆ្នាំចុងក្រោយនេះនាងត្រូវបានតារារួមអាជីពគោរពដោយចាត់ទុករូបនាងប្រៀបបានជាថៅកែឬម្ចាស់ផលិតកម្មហង្សមាសតែម្ដង ទោះជានាងមិនដែលតាំងខ្លួនបែបនេះក្ដី តែតារាជ្រកកោនក្រោមហង្សមាសបានឲ្យតម្លៃនិងហៅនាងថា”មេស្រី”ថែមទៀតផង។ដោយឡែកអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់អះអាងថាការមានប្ដីនិងកូនមិនមែនជាមូលហេតុដែលធ្វើឲ្យតារាធ្លាក់ចុះនោះទេព្រោះអ្នកអាចកំណត់ជោគវាសនារបស់សុគន្ធកញ្ញា ថាឲ្យឡើងឬចុះគឺមានតែម្នាក់គត់នោះគឺហង្សមាស។
ឱក សុគន្ធកញ្ញា បានឈជាតារាស្រីលំដាប់ជូរមុខនៅហង្សមាសរយៈពេលជិត១០ឆ្នាំពោលគឺតាំងពីស្វាមីនាងលោកអ៊ឹង សុខលី ស្រលាញ់នាងម្លេះ ហើយក្រោយរៀបការនិងទទួលបានកូន១អាយុជិត៣ឆ្នាំនេះសុគន្ធកញ្ញា ត្រូវបានប្ដីទុកដូចជាព្រះនាងតែម្ដង ព្រោះតែងតែហៅថាជា”ឧត្តមភរិយា” ហើយថ្នាក់ថ្នមនាងលើសដើម ដែលធ្វើឲ្យអ្នកធ្លាប់ព្យាករណ៍ថាចំណងស្នេហាសុគន្ធកញ្ញា នឹងប្រឈមជួបឧបស័ក្កធំព្រោះសម្អាងថាលោកសុខលី ធ្លាប់មានតារាស្រីមួយចំនួនតោងស្នេហ៍ច្រើន តែពេលនេះប្អូនថៅកែហង្សមាសបង្ហាញសកម្មភាពលោកស្រលាញ់ភរិយាស្ទើលេប ទើបធ្វើឲ្យតារារួមអាជីពចាត់ទុកថាសុគន្ធកញ្ញា ជាតារាម្នាក់ដែលជោគជ័យទាំងចម្រៀងនិងស្នេហា។យ៉ាងណាការបន្ដរក្សារតំណែងឈានមុខគេបានប៉ុន្មានឆ្នាំទៀត ប្រាកដជាមិនអាចទៅរួចនោះទេប្រសិនបើសុគន្ធកញ្ញា នៅតែគ្មានបទផ្ទុះខ្លាំងដូចមុននោះ។
តាមព័តមានថាឱក សុគន្ធកញ្ញា នៅតែប្រឹងសម្រកគីឡូឲ្យថយចុះមកវិញព្រោះតែមិត្តភក្ដិនៅជុំវិញខ្លួននាងពួកគេសុទ្ធតែលាន់មាត់ថាភរិយាលោកសុខលី នេះនៅតែរាងកាម៉ាប់ៗបន្ដិចហើយបើហ៊ានតែបណ្ដោយថែមទៀតនោះច្បាស់ជាមិនអាចប្រជែងទីផ្សារចម្រៀងបានជាដាច់ខាត។តែអ្វីដែលគូរឲ្យកត់សម្គាល់សុគន្ធកញ្ញា ត្រូវប្ដីកាន់តែគ្រឺតក្នាញ់នាងបែបនេះខ្លាំងគឺនៅពេលដែលនាងឡើងគីឡូបន្ដិចនេះឯង ដោយសារមើលទៅម៉ាប់Cute ហើយគេជឿរថាមិនយូនោះទេតារាកូន១នឹងរៀបគម្រោងយកកូនថែមទៀតជាមិនខានព្រោះថានៅថ្ងៃរៀបការនាងបានអះអាងថាចង់បានកូន៣នាក់ឯណ្ណោះ។
ក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានប្ដីហើយបែកសាច់មានដូចជាសួស វីសា និងកែវ ពេជ្រពិសី ជាដើម។សម្រាប់សុគន្ធកញ្ញា វិញទោះជាពេលនេះនាងមិនសូវធ្វើឲ្យទីផ្សារចម្រៀងកក្រើកដូចមុនក្ដី ប៉ុន្ដែនាងនៅតែជាតារាម្នាក់ដែលក្ដាប់បានស្ពតធំៗដដែលទើបធ្វើឲ្យប្រាក់ចំណូលសិល្បៈរបស់នាងនៅតែខ្ពស់។តាមព័តមានថាសុគន្ធកញ្ញា និងស្វាមីក៍ត្រៀមប្រារពខួបអាពាហ៍ ពិពាហ៍ គម្រប់ខួប៣ឆ្នាំនៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២ ខាងមុខនេះដែរដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំនឹងត្រៀមយកកូនថែម៕