ភ្នំពេញ៖អតីតតារាសម្ដែង និងពិធីករល្បីឈ្មោះដែលឡើងងារជា”ឧកញ៉ា”លោកលាន អាហ្រ្វីលគីនីន បានប្រាប់”នគរធំ”តាមសារហ្វេសបុកកាលពីថ្ងៃទី១០ខែមេសា ដោយទទួលស្គាល់ថាពេលនេះលោកមានគូជីវិតថ្មីទៀតហើយ។ការសារភាពរបស់លោកអាហ្វ្រីលគីនីន មានម្ចាស់ចិត្តថ្មីនេះក្រោយពីលោកឧកញ៉ារូបនេះបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយនារីម្នាក់ដែលមានឈ្មោះហ្វេសបុកថាម៉ាក់ស្រីពេជ្រអនឡាញអ៊ឺវ៉ាន់បោះដុំ រហូតដល់មានការអោបថើបគ្នាទៀតផងទើបធ្វើឲ្យមជ្ឈដ្ឋានមហាជនមានការចាប់អារម្មណ៍ថាលោកគីនីន ដែលត្រូវគេដឹងថាជាឧកញ៉ាសម្បូរមន្ដស្នេហ៍មិនធម្មតាម្នាក់នោះពេលនេះលោករកបានគូស្នេហ៍ថ្មីស្រស់ស្អាតមិនចាញ់តារាឡើយ។
លោកលាន អាហ្រ្វីលគីនីន បានឲ្យដឹងថាលោកនិងនារីរូបនោះគឺពិតជាមានអារម្មណ៍ល្អនិងផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកពិតប្រាកដមែន។លោកថាបើគ្រាន់តែបណ្ដើរគ្នាគឺជាធម្មតាទេ តែពេលនេះលោកនិងនារីរូបនោះក៍បានបង្ហាញដល់ថ្នាក់អោប ថើប និងនាំទៅជួបមុខឪពុកម្ដាយទៀតផងដែលនេះគឺជាការបញ្ជាក់ថាជាស្នេហាច្បាស់លាស់។លោកឧកញ៉ារូបនេះបង្កត់ថា”មនុស្សប្រុសណាក៍ត្រូវការរាយមងដែរ តែបើមងដាក់ទៅលទ្ធផលគាប់ប្រសើរហើយ គឺគេលែងចង់ទៅមុខទៀតហើយ”។អតីតតារាក្លាយទៅជាឧកញ៉ារូបនេះមានការជឿរជាក់ថាចំណងស្នេហាថ្មីរបស់លោកគឺពិតជាសាកសមគ្នាព្រោះថាម្ចាស់ស្នេហ៍ថ្មីរបស់លោកគឺជាមនុស្សស្រី ពូកែនិងឆា្លត ហើយប៉ៈលោកជាមនុស្សប្រឹងរក ហេតុនេះហើយលោកពេញចិត្តការចាប់ផ្ដើមស្នេហ៍ជាថ្មីនាពេលនេះ។
គូរបញ្ជាក់ថាមុនលោកលាន អាហ្វ្រីលគីនីន ភ្ជាប់ស្នេហ៍ថ្មីជាមួយនារីម្នាក់ដែលជាអ្នកពូកែវោហារស័ព្ទរកស៊ីតាមOnline នេះ កាលពីដើមឆ្នាំ២០២២ លោកឧកញ៉ារូបនេះក៍បានប្រកាសជាសារធារណៈដែរថាចំណងស្នេហាលោកជាមួយអតីតភរិយាអ្នកនាងកែវ វល័ក្ខ បានដើរដល់ទីបញ្ចប់ទៅហើយ ដោយការចែកផ្លូវនោះធ្វើទៅតាមច្បាប់ និងមានអាជ្ញាធរដឹងឭ។លោកគីនីនី មិនបានប្រាប់ពីមូលហេតុដែលលោកលែងលះគ្នាជាមួយអតីតភរិយានោះទេ ប៉ុន្ដែលោកថាទំនាក់ទំនងរវាងកូនៗលោកនិងម្ដាយគេគឺនៅតែទៅមកៗជាធម្មតា។ដោយឡែកការដែលឧកញ៉ារូបនេះសាងស្នេហ៍ថ្មីជាមួយអ្នកលក់Online ល្បីឈ្មោះនេះក៍មានព័តមានថាគូស្នេហ៍របស់លោកគីនីន ក៍ស្រ្ដីមេម៉ាយម្នាក់ផងដែរ ខណៈដែលលោកថាមុននារីរូបនេះជួបលោកនាងធ្លាប់តាំងចិត្តថានឹងមិនយកប្ដីទៀតទេ តែពេលនេះនាងទទួលបានការស្រលាញ់ ការអាណិត សណ្ដោសប្រណីពីលោកទើបអ្នកនាងព្រមបើកបេះដូង។លោក អាហ្វ្រីលគីនីន តាំងចិត្តថា”ជីវិត និងទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់ ខ្ញុំនឹងប្រគល់ជូនគាត់(ម៉ាក់ស្រីពេជ្រ)ទាំងអស់”។តាមរយៈការលាតត្រដាងពីលោកគីនីន បញ្ជាក់ថាចំណងស្នេហាថ្មីរបស់លោកគ្មានឧបស័ក្កនោះទេ ព្រោះថាលោកក៍ដាច់ស្រាច់ជាមួយអតីតភរិយា ខណៈគូស្នេហ៍ក៍បញ្ចប់ស្នេហ៍ចាស់ដូចគ្នា៕