ពេជ្រ សោភា បានចេញ២ច្រកសម្រាប់បទចម្រៀងប្រពៃណីចូលឆ្នាំខ្មែរ២០២២ នេះពោលគឺទាំងនៅហង្សមាស និងការច្រៀងសម្ដែងដាច់ដោយឡែកមួយផ្សេងទៀតជាមួយអ្នកស្រីទ្រី ដាណា ។សកម្មភាពរបស់សោភា បែបនេះបញ្ជាក់ឲ្យឃើញថានាងជាតារាចម្រៀងឯករាជ្យមានសិទ្ធិពេញលេញក្នុងការធ្វើការងារសិល្បៈដែលខ្លួនស្រលាញ់បើទោះជាសោភា ជាអ្នកចម្រៀងរបស់ហង្សមាសមែន ប៉ុន្ដែនាងច្រៀងដោយមិនមានការកុងត្រាជាច្រើនឆ្នាំមកហើយ។ទោះជាយ៉ាងណាឆ្លងកាត់ការឈជើងនៅហង្សមាសរយៈពេលជាង១៧ឆ្នាំមកនេះសោភា ប្រៀបបានជារៀមច្បងម្នាក់នៅផលិតកម្មធំនេះទើបនាងត្រូវបានថៅកែបើកដៃឲ្យចេញចម្រៀងនិងMV នៅខាងក្រៅពីហង្សមាសបានដូចជាពេលនេះ។មិនត្រឹមតែប៉ុណ្ណោះទេសោភា ត្រូវហង្សមាសអនុញ្ញាត្តិឲ្យនាងអាចធ្វើបទចម្រៀងបានតាមចិត្តចង់ដោយខ្លួនឯងទៀតផង ខណៈដែលសោភា មានStudio ផ្ទាល់ខ្លួននៅផ្ទះហើយនាងអាចនិពន្ធMelody និងធ្វើភ្លេងបានដោយខ្លួនឯងទៀតរឹតតែធ្វើឲ្យសកម្មភាពសិល្បៈរបស់នាងធ្វើឡើងចេញពីបេះដូងដែលខ្លួនឯងស្រលាញ់តែម្ដង។
តាមព័តមានថាការដែលពេជ្រ សោភា ត្រូវថ្នាក់ដឹកនាំហង្សមាសកាន់តែផ្ដល់សិទ្ធិពិសេសឲ្យនាងច្រើនជាងតារាផ្សេងៗទៀតនោះបន្ទាប់ពីតារាចម្រៀងវ័យ៣៧ឆ្នាំរូបនេះបានបដិសេធក្នុងការទៅចូលរួមជាមួយGalaxy ដោយបន្ដច្រៀងនៅហង្សមាសតទៅទៀត ហេតុនេះហើយធ្វើឲ្យសោភា កាន់តែត្រូវបានម្ចាស់ផលិតកម្មនេះមើលឃើញពីភាពស្មោះត្រង់របស់នាងដែលមិនចង់ទៅឈជើងនៅផលិតកម្មផ្សេងប្រឆាំងជាមួយហង្សមាសវិញ។
ដោយឡែកសោភា ធ្លាប់ប្រាប់ថានាងមានអ្វីៗគ្រប់បែបយ៉ាងដូចពេលនេះគឺដោយសារតែហង្សមាសផ្ដល់ឱកាសឲ្យក្លាយជាតារាចម្រៀងម្នាក់ដែលមានមហាជនស្គាល់និងគាំទ្រដល់បច្ចុប្បន្ន។សោភា គ្មានបំណងផ្លាស់ប្ដូរផលិតកម្មច្រៀងឆាប់ៗនោះទេ ប៉ុន្ដែអ្វីដែលនាងមានការសោកស្ដាយខ្លាំងនោះគឺការចាកចេញរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ដោយសោភា ថាលោកស្នាយ ច្រៀង១ដឹង១ ហើយនាងបានល្បីឈ្មោះរហូតមកដល់សព្វថ្ងៃគឺដោយសារតែការតោងការលីពលោកព្រាប សុវត្ថិ ច្រើនណាស់។ប៉ុន្ដែសោភា បែជានៅតែគ្មានគម្រោងទៅGalaxy ដើម្បីចាប់ដៃគូជាថ្មីជាមួយលោកសុវត្ថិ ឡើយ។ចំណែករឿងស្នេហាថ្មីជាមួយប្រុសរូបសង្ហារដែលនាងចាត់ទុកថាព្រះយេស៊ូគ្រិស្ដប្រទានឲ្យនាងបានជួបគ្នានោះពេលនេះបែជាស្ងប់ស្ងាត់និងបាត់អស់ភាពផ្អែមល្ហែមស្នេហ៍ បើទោះជាសោភា ធ្លាប់បង្ហាញសញ្ញាចង់រៀបការជាលើកទី២ជាមួយសង្សារថ្មីក៍ដោយ៕