Tuesday, December 24, 2024
Homeបរិយាយពិការ​កាយ រីក​សាយ​បញ្ញា

ពិការ​កាយ រីក​សាយ​បញ្ញា

ទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៤ ក្រោមប្រធានបទ “ផ្តល់អាទិភាពនិងសិទ្ធិអំណាច ដល់ជនពិការក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នេះ គឺ បង្ហាញថា ជនពិការដែលមានសមត្ថភាពក្នុងនយោបាយនិងសង្គម ត្រូវបានលើកស្ទួយ។ ជនពិការមួយចំនួន បើធ្វើនយោបាយ ឬចូលប្រឡូកវិស័យសិល្បៈវប្បធម៌ ខ្លាំងជាងអ្នកមិនពិការទៅទៀត ដោយសារ “ពិការកាយ រីកសាយបញ្ញា” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

មនុស្សពិការមាន២ប្រភេទ គឺពិការពីកំណើត ឬថា កើតពោះម៉ែមក នាំភាពពិការមកជាមួយ ដូចជា កំបុតដៃជើង ខ្វិនខ្វង់ខ្វាក់ ជាដើម ដោយជាប់កម្មពៀរពីអតីតជាតិ ឯមួយប្រភេទទៀត ពិការដោយសារជំងឺ ដូចជា កញ្ជ្រឹលចេញតាម ភ្នែកកាលនៅជាកុមារ បណ្តាលឱ្យខូចភ្នែក ខ្លះទៀតជួបគ្រោះថ្នាក់លើសមរភូមិ ត្រូវគ្រាប់រំសេវហើរទៅប៉ះជាដើម។ មនុស្ស ពិការពីកំណើត មិនសូវមានបញ្ញាទេ ប៉ុន្តែ បើពិការពេលខ្លួនធំពេញវ័យទៅហើយនោះ មានប្រាជ្ញាបាធីខ្លាំងណាស់ បើចូល ប្រឡូកក្នុងនយោបាយ នឹងក្លាយជាអ្នកដឹកនាំប្រទេស តែបើចូលប្រឡូកក្នុងសិល្បៈវប្បធម៌ នឹងក្លាយជាសិល្បករឆ្នើមមិនខាន ឡើយ។ នៅកម្ពុជា តាំងពីបុរាណកាល រហូតបច្ចុប្បន្ន មានជនពិការក្លាយជាអ្នកនយោបាយកំពូល និងសិល្បករគ្មានគូប្រៀប ដែល “នគរធំ” សូមជ្រើសបង្ហាញខ្លះៗនៅពេលនេះ ទុកជាទឡ្ហីករណ៍ ៖

-“ឃុនហ្លួងព្រះស្តេចកន” ក្នុងពេលរត់គេចពីក្នុងបឹង ដោយហែលទឹកឱ្យផុតពីសេចក្តីស្លាប់ ដោយនាហ្មឺនក្រោមអំណាច ព្រះបាទស្រីសុគន្ធបទ បង់សំណាញ់គ្របពីលើនោះ បានរត់ទៅជល់នឹងដង្គត់ប្ញស្សី ក៏ដួលចុះ។ ចំណុចនេះ ឯកសារខ្លះថា ស្តេចកន ជង់ត្រូវភ្នែកម្ខាង បណ្តាលឱ្យពិការ សូម្បីនៅសម័យលន់ នល់ ក៏មានផលិតកម្មភាពយន្តយករឿងស្តេចកន ទៅថត ដោយ តួអង្គស្តេចកន ប៉ានក្រណាត់ខ្មៅលើភ្នែកម្ខាង បង្ហាញពិការភាព។ ជំនាន់នោះ ពួកសាធារណរដ្ឋខ្មែរ ដែលបានផ្តួលរបបរាជា- និយម បានលើកសរសើរស្តេចកន និងប្រៀបធៀបលោកសេនាប្រមុខ លន់ នល់ ថាមានសកម្មភាពដូចស្តេចកន។ ប្រវត្តិ- សាស្ត្របានចារទុកយ៉ាងច្បាស់ពីភាពខ្លាំងរបស់ស្តេចកន ក្នុងការដឹកនាំប្រទេស ដែលឈានពីបាតដៃទទេ ទៅសម្បូរសប្បាយ បោះប្រាក់ស្លឹងរូបក្តាម ចាយវាយពេញប្រទេស។

-សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានចំណាយភ្នែកម្ខាងលើសមរភូមិ ដើម្បីរំដោះជាតិមាតុភូមិ ប្តូរយកសុខសន្តិភាព នេះ យើងឃើញហើយថា បើសម្តេច ខ្វះសមត្ថភាព គឺមិនអាចដឹកនាំប្រទេសបានជាង៣០ឆ្នាំ នោះទេ ឬថា “ពិការកាយ រីកសាយបញ្ញា” នេះឯង។ ប្រជាពលរដ្ឋដែលគាំទ្របក្សកាន់អំណាច ជាពិសេស អ្នកស្រុកនៅអតីតក្រុងស្រឡប់ពិជ័យ ព្រៃនគរ (ខេត្តត្បូងឃ្មុំ) បានលើកឡើងថា សម្តេចហ៊ុន សែន ជាស្តេចកន ចាប់ជាតិ ព្រោះកើតឆ្នាំរោង និងពិការភ្នែកដូចគ្នា ជាពិសេស ដឹកនាំខ្លាំងដូចគ្នា។

-លោកតាភិរម្យប្រាជ្ញ ឈួន និងលោកតា គង់ណៃ ដែលពិការភ្នែកទាំងសងខាងនោះ បានក្លាយជាវរសិល្បករចម្រៀង ចាប៉ីដងវែង ពិបាករកអ្នកជំនួស ខណៈដែលព្រឹទ្ធាចារ្យវប្បធម៌ទាំងពីររូបនេះ ចូលដល់វ័យជរា។ ភាពខ្លាំងរបស់ពួកលោក គឺ មកពី “ពិការកាយ រីកសាយបញ្ញា” នេះឯង ព្រោះថា បើពិការភ្នែកយ៉ាងនេះ បញ្ញា នឹងបែកសាយមើលឃើញសព្វទិសទី។

ចំណុចនេះគួរយើងពិចារណាដែរថា ហេតុអ្វីបានជាព្រះសមណគោតម បិទព្រះនេត្រទាំងគូ ពេលគង់ធ្វើសមាធិក្រោម ដើមពោធិព្រឹក្ស? គឺមកពីព្រះអង្គបិទ “មំសចក្ខុ” ឬភ្នែកសាច់ រួចបើក “បញ្ញាចក្ខុ” ឬភ្នែកប្រាជ្ញា ដែលជាព្រះនេត្រទី៣ មើល ធ្លុះដល់ “អរិយសច្ចធម៌” ដែលជាមាគ៌ាត្រួសត្រាយនាំព្រះអង្គឱ្យបានត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ។ ភ្នែកសាច់មើល ឃើញតែជិតៗ ប៉ុន្តែ ភ្នែកបញ្ញា មើលឃើញរហូតដល់ “អនន្តចក្រវាល” ដូច្នេះ បើមនុស្សពិការភ្នែកម្ខាង ឬខូចទាំងសងខាង ប្រាជ្ញារីកសាយខ្លាំងណាស់។ យើងអាចប្រៀបធៀបទៅនឹងក្បាលរ៉ូប៊ីណេម៉ាស៊ីនទឹកជាប់គ្នា ដែលមានចំពួយ២ បើបើកទាំង ២ទឹកចេញខ្សោយ តែបើបើកចំពួយតែមួយ ទឹកចេញខ្លាំង។ មនុស្សពិការត្រចៀកម្ខាង ដៃម្ខាង ជើងម្ខាង ក៏ចេញបញ្ញាមិន ធម្មតាដែរ បើសិនជាគាត់ចូលបម្រើផ្នែកនយោបាយ ឬសេដ្ឋកិច្ច វប្បធម៌ ដែលជួនកាល គេមើលរំលងជនពិការ ទុកឱ្យគ្នា អស់សង្ឃឹមក្នុងជីវិត។

នៅក្នុងរឿង “បុរសខ្វិន” នៃនិទានជាតក បានតំណាលពីបុរសខ្វិនម្នាក់ ចេះវិជ្ជាផ្ទាត់គ្រាប់ក្រួស ទម្លុះស្លឹកឈើ ឱ្យចេញ ជារូបសត្វផ្សេងៗបាន។ ថ្ងៃមួយ ព្រះមហាក្សត្រ ដោយធុញទ្រាន់នឹងបុរោហិតម្នាក់ ពូកែនិយាយរោយរាយអត់ប្រយោជន៍ ក៏ឱ្យសេនាជំនិត នាំបុរសខ្វិនទៅលាក់ក្រោយវាំងនន ឱ្យគាត់ចាំផ្ទាត់អាចម៍ពពែចូលមាត់តាបុរោហិត នៅពេលតានោះ ហា មាត់និយាយ។ លុះត្រូវអាចម៍ពពែចូលពេញពោះ ធ្វើឱ្យតាបុរោហិតបាក់អំនួត ឈប់និយាយអត់ប្រយោជន៍តទៅទៀត ដែល រឿងនេះស្តែងឱ្យឃើញថា មនុស្សខ្វិនពិការមានសមត្ថភាពខ្ពស់ណាស់។

ទោះយ៉ាងណា ក៏នៅតែមានមនុស្សមួយចំនួន ក៏ដូចជាជនពិការខ្លួនឯង និយាយបន្ទាបខ្លួនឯងថា “ខ្លួនពិការយ៉ាងនេះ ថយតម្លៃជាមនុស្ស” ការបន្ទាបខ្លួន គឺមកពីបញ្ញានេះឯង ព្រោះបើយើងពិការ អួតអាងមិនឈ្នះគេពេញលក្ខណៈនោះទេ ម៉្លោះ ហើយ បន្ទាបខ្លួនវិញ ទើបឈ្នះគេ។ នៅក្នុងព្រះពុទ្ធសាសនា ព្រះបរមគ្រូមិនអនុញ្ញាតឱ្យជនពិការ ខ្វាក់ខ្វិន គថ្លង់ គមគាក់ កំបុតអវយវៈ ដែលរួមមានជាង៣០ប្រភេទ ចូលសាងផ្នួសទេ។ បើជនពិការទៅបួសជាសង្ឃ អាចក្លាយជាសង្ឃដែរ ប៉ុន្តែ ឧបជ្ឈាយ៍អ្នកបំបួស ត្រូវអាបត្តិបាចិត្តិយ្កៈ។ ចំណុចហាមឃាត់មិនឱ្យជនពិការបួសនេះ ពុំមែនព្រះពុទ្ធអង្គ រើសអើងជនពិការ នោះទេ ប៉ុន្តែ មកពីព្រះអង្គមិនចង់ឱ្យមនុស្សមិនពិកល្យពិការមានពៀរវេរា ព្រោះតែធ្វើត្រាប់តាមសង្ឃពិការ។ នៅក្នុង រឿងជាតកមួយ ក៏បានតំណាលពីយុវតីម្នាក់ បានឃើញភិក្ខុនីខ្នងគមមួយអង្គ និមន្តបិណ្ឌបាត។ នាងក្រមុំនោះ ក៏ដើរកោងៗ ធ្វើត្រាប់តាមភិក្ខុនី យកចង្ហាន់ទៅដាក់បាត្រ ដោយប្រាថ្នាឱ្យក្លាយជាអ្នកមានទ្រព្យសម្បត្តិ។ លុះជាតិក្រោយ នាងក្រមុំ នោះ ក៏បានទៅកើតជាកូនសេដ្ឋីបរិបូណ៌ដោយទ្រព្យធន ប៉ុន្តែ ជាអកុសល នាងមានខ្នងគម ព្រោះតែធ្វើត្រាប់តាមភិក្ខុនីគម នោះ។ មុនពេលដាក់បញ្ញត្តិសិក្ខាបទ ដោយសារមានជនពិការចូលបួសច្រើន ដូចជា សង្ឃខ្លះខ្ចកជើង ពេលនិមន្តទៅណា មានក្មេងធ្វើត្រាប់ នាំឱ្យមានពៀរវេរា ទើបព្រះពុទ្ធអង្គហាមប្រាមជនពិការចូលសាងផ្នួសយ៉ាងនេះទៅ។ មានភិក្ខុ១អង្គទៀត ប្រឹងធ្វើសមាធិ រហូតបែកព្រះនេត្រទាំងពីរ មើលអ្វីមិនឃើញ និមន្តទៅជាន់មេភ្លៀងងាប់ពេញដី ក៏ជាហេតុនាំឱ្យព្រះពុទ្ធអង្គ ដាក់វិន័យសិក្ខាបទពាក់ព័ន្ធដល់ពិការភាពនេះដែរ។ ទោះយ៉ាងណា បើក្លាយជាពិការក្រោយពេលបួស មិនអីទេ កុំតែឧប- ជ្ឈាយ៍បំបួសជនពិការ ទើបមានការហាមឃាត់ដូចអ្វីដែលយើងលើកឡើងខាងលើ។

ដោយឡែក ជនពិការដែលប្រកបរបរសុំទានគេ គឺមកពីគ្នាគ្មានបញ្ញា ឬគ្មានជំនាញខាងនយោបាយ វប្បធម៌ មុនពេល ខ្លួនពិការ លុះខូចភ្នែក ឬខូចអវយវៈ ក៏មានតែការសុំទានគេនេះឯង ដើម្បីរស់។ ជនពិការប្រភេទនេះ ជួនកាលក៏មានការ តស៊ូក្នុងជីវិត មិនសុំទានគេជាដាច់ខាត ដូចបុរសម្នាក់នៅខេត្តកំពត បន្ទាប់ពីខូចភ្នែក បានចាប់របរឡើងត្នោត ដោយសារគាត់ ធ្លាប់ចេះធ្វើត្នោតមុនពេលពិការ។ គាត់មានសមត្ថភាពស្ទាបដឹងថា ជាដើមត្នោតឈ្មោល ឬដើមត្នោតញី មិនច្រឡំឡើយ។

សរុបទៅ “ពិការកាយ រីកសាយបញ្ញា” ស្តែងឱ្យឃើញនូវសមត្ថភាពរបស់ជនពិការ ដែលចូលប្រឡូកក្នុងនយោបាយ ឬសិល្បៈវប្បធម៌នេះឯង។ ដូច្នេះ ទិវាជនពិការកម្ពុជា លើកទី១៨ ក្រោមប្រធានបទ “ផ្តល់អាទិភាពនិងសិទ្ធិអំណាចដល់   ជនពិការក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព” គឺស្របនឹងការចង់បានរបស់ប្រជាពលរដ្ឋខ្មែរ ដែលគ្រួសារខ្លះ មាន សមាជិក ឬកូនចៅពិការដោយឧបទ្ទវហេតុអ្វីមួយ។ បើគ្នាពិការតែកាយ ឯបញ្ញាខ្លាំងនោះ គួរតែស្ថាប័នរដ្ឋ ក៏ដូចក្រុមហ៊ុន ឯកជន ផ្តល់អាទិភាពឱ្យគ្នាបានចូលបម្រើការងារផង ព្រោះបើបណ្តែតបណ្តោយឱ្យរស់ពឹងព្រេងវាសនា នឹងក្លាយជាមនុស្សអស់ សង្ឃឹមក្នុងជីវិតមិនខានឡើយ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES