Monday, December 23, 2024
Homeបរិយាយគ្មានទេ អង្គុលីមាល៍

គ្មានទេ អង្គុលីមាល៍

ដោយ អាចារ្យថាំ

មហាចោរអង្គុលីមាល៍ កាន់ដាវគ្រវីដេញកាប់ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ចម្ងាយ ផ្លូវ ៣យោជន៍ ដោយជឿតាមគ្រូអាចារ្យទិសាបាមោក្ខ ឱ្យរកម្រាមដៃមនុស្ស ១០០០នាក់ មកប្រសិទ្ធីឱ្យក្លាយជាអ្នកខ្លាំងពូកែ។ ទីបំផុត បន្ទាប់ពីបានស្តាប់ រសព្រះធម៌ដ៏ត្រជាក់ដូចទឹកអម្រឹត មហាចោរនោះ ក៏ទម្លាក់អាវុធ ឱនកាយថ្វាយ បង្គំសុំសាងផ្នួស ក្នុងសំណាក់ព្រះបរមគ្រូ។

មានន័យថា “ដាក់អាវុធ ចាប់យកព្រះធម៌” ដូចអ្វីដែលលោកបណ្ឌិតឡៅ ម៉ុងហៃ បានផុសសំណេរតាមហ្វេសប៊ុក នោះជារឿងល្អបំផុត។ លោកឡៅ ម៉ុងហៃ បានលើកឧទាហរណ៍ពី “ព្រះបាទអសោក” ដែលបោះបង់ចោលយុទ្ធវិជ័យ (យក ឈ្នះដោយអាវុធ) ចាប់យកធម្មវិជ័យ (ឈ្នះដោយកម្លាំងធម៌) ចាត់ទុកជាទ្រឹស្តី សន្តិនិយម ប្រសើរថ្លៃថ្លាណាស់ សម្រាប់អ្នកនយោបាយ អ្នកសង្គ្រាម អ្នកហិង្សា- និយម យកជាគំរូ។

ប៉ុន្តែមនុស្សសម័យនោះ ទៅរកបុគ្គលបោះបង់យុទ្ធវិជ័យដូចអសោក មហារាជ ឬអង្គុលីមាល៍ ឯណាបាន? មនុស្សនៅសម័យពុទ្ធកាល ភាគច្រើនមាន “ឧបនិស្ស័យ ចាស់ក្លា” ត្រូវបានសម្រេចអារហត្តផល ទោះជាធ្លាប់សម្លាប់មនុស្ស ឬបាតដៃ ប្រឡាក់ឈាមដូចអង្គុលីមាល៍ ក៏ “អហោសិកម្ម” ដែរ ព្រោះលោកមានឧបនិស្ស័យ សម្រេចអរហត្តផល។

ចុះមនុស្សសម័យនេះ? ដែលចូលចិត្តប្រើកំហឹងទល់កំហល់ ចែកនិន្នាការ នយោបាយ ឬចង់ដណ្តើមទឹកដីគេនោះ សួរថា តើអាចធ្វើដូចព្រះបាទអសោក និងអង្គុលីមាល៍ បានទេ?

សម័យនេះ គ្មានឧបនិស្ស័យ អរហត្តផលទៀតទេ ព្រោះមានកំណត់ត្រឹម ១០០០ឆ្នាំអស់ហើយ ឃើញសល់នៅតែ “លោភៈ ទោសៈ មោហៈ” យកឈ្នះគ្នា ដោយកម្លាំងបាយ ឬអាវុធ។

តើមានអានុភាពអ្វីអាចទប់ស្កាត់ ឬហាមឃាត់លោកវ៉្លាឌីមៀរ ពូទីន មេ- ដឹកនាំរុស្ស៊ី ឱ្យឈប់វាយប្រហារអ៊ុយក្រែន? តើមានវត្ថុស័ក្តិសិទ្ធិអ្វី អាចបន្ទន់ ចិត្តអ្នកនយោបាយខ្មែរ មិនឱ្យឈ្លោះគ្នា? តើមានរសព្រះធម៌អ្វីអាចសម្តែងទៅ ធ្វើឱ្យអ្នកគាំទ្រនយោបាយ ឈប់ជេរដៀលគ្នាន? គឺគ្មានទេ មិនអាចទេ ដរាបណា គេយកឈ្នះគ្នាមិនទាន់បាន នៅតែខាំគ្នាដដែលហ្នឹង!

មហាចោរអង្គុលីមាល៍ ជឿតាមគ្រូឱ្យសម្លាប់មនុស្ស១០០០នាក់ កាត់យក តែម្រាមដៃ១ មកក្រងពាក់ជាប់នឹងក។ គាត់សម្លាប់មនុស្សតែប៉ុន្មានថ្ងៃ បាន ៩៩៩ម្រាមដៃ។ នៅខ្វះម្រាម ១ទៀត ក៏ស្កាត់ទៅសម្លាប់ម្តាយ តែដោយសារ គាត់មានឧបនិស្ស័យអរហត្តផល ក៏ចូលសំណាញ់ញាណព្រះពុទ្ធអង្គ។ គាត់ទម្លាក់ ដាវ សុំបួស ពេលចេញបិណ្ឌបាត ក៏ត្រូវអ្នកស្រុកគុំកួនចងកំហឹង ព្រួតគ្នាគប់នឹង ដុំថ្ម និងស្ទាក់សម្លាប់ចោល ក៏ព្រះថេរៈនោះ មិនតបត…។

ដូច្នេះករណីចាប់យកព្រះធម៌ ឬដាក់អាវុធ ចាប់យកព្រះធម៌ សម្រាប់មនុស្ស ជំនាន់ពុទ្ធកាល អាចធ្វើបានងាយ តែជាមួយមនុស្សបច្ចុប្បន្ននេះ ដូចអូសប្ញស្សី ច្រាសចុង។ អ្នកបម្រើនយោបាយខ្លះ គេជ្រើសយកមនុស្សកោងកាចមកប្រើ គាត់មិនដែលស្តាប់លោកទេសនា មិនជឿបុណ្យបាប លុះចូលបម្រើនយោបាយ បានលុយ ក៏យកហិង្សាទៅប្រើ។

មនុស្សឃោរឃៅកោងកាច គ្មានព្រះសង្ឃអង្គណាទេសនាប្រៀនប្រដៅ បានឡើយ បើគណបក្សណាមានអ្នកបម្រើរបៀបនេះ នឹងធ្លាក់ចុះការគាំទ្រមិន ខានឡើយ។

“នគរធំ” សូមបួងសួងដល់ទេវតារក្សាឆ្នាំថ្មី ជួយទប់ស្កាត់បុគ្គលហិង្សានិយម បែបនេះផង ព្រោះទេវតាកាន់កាំភ្លើង អាចទប់ទល់អ្នកកាន់អាវុធមិនស្គាល់ ខុសត្រូវបានហើយ”

RELATED ARTICLES