Friday, January 3, 2025
Homeបរិយាយអ្នកថាគេល្ងង់ អ្នកនោះល្ងង់

អ្នកថាគេល្ងង់ អ្នកនោះល្ងង់

ដោយ អាចារ្យថាំ

ពាក្យស្លោកថា “អ្នកណាដឹងខ្លួនថាល្ងង់ អ្នកនោះចេះ អ្នកណាដឹងខ្លួនថាចេះ អ្នកនោះល្ងង់” មានខ្លឹមសារអប់រំល្អណាស់ សម្រាប់មនុស្សគ្រប់ជាតិសាសន៍ យកទៅអនុវត្ត។ ករណីអ្នកបម្រើនយោបាយខ្លះ ទម្លាក់កំហុសទៅលើប្រជាពលរដ្ឋដែល មិនគាំទ្រគណបក្សខ្លួនថា “ល្ងង់ខ្លៅ” នោះ បើយកពាក្យស្លោកនេះមកឆ្លុះមើលការពិត យើងអាចយល់បានថា ប្រជាពលរដ្ឋ មិនល្ងង់ទេ ប៉ុន្តែ អ្នកទម្លាក់កំហុសពលរដ្ឋឯណោះទេដែលល្ងង់ ចេះតែលាបពណ៌គេ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “អ្នកចេះ និងអ្នកល្ងង់” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

សូមរំព្ញកថា សម្តេចព្រះសង្ឃរាជ ជួន ណាត អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ទោះបីជាព្រះអង្គមានព្រះជន្មជាង ៨០ព្រះ-វស្សា ក៏នៅតែកាន់សៀវភៅ គម្ពីរដីកាផ្សេងៗ សិក្សាស្រាវជ្រាវ និងនិពន្ធ មិនឈប់ឈរ វៀរលែងតែពេលសោយ និងពេល ផ្ទំ។ ព្រះអង្គតែងទេសនាដាស់តឿនប្រជាពុទ្ធបរិស័ទ ក៏ដូចមន្ត្រីរាជការ ឱ្យខំរៀនសូត្រ ឬ “ស្វ័យសិក្សា” គឺការរៀនខ្លួនឯង ក្រៅសាលា ដោយផ្តោតជាសំខាន់ទៅលើពាក្យស្លោកថា “អ្នកណាដឹងខ្លួនថាល្ងង់ អ្នកនោះចេះ អ្នកណាដឹងខ្លួនថាចេះ អ្នកនោះ ល្ងង់”។ សម្តេចព្រះសង្ឃរាជអង្គនេះ នៅតែបន្ទាបព្រះកាយព្រះអង្គថា “រៀនណាស់ ល្ងង់ណាស់” ជាហេតុនាំឱ្យព្រះអង្គ ក្លាយទៅជា “បណ្ឌិតអក្សរសាស្ត្រខ្មែរ និងមហាគ្រូនៃសហភាពភូមា” (អភិធជ មហារដ្ឋគរុ) ដែលព្រះឋានៈនេះ ហួសពី បណ្ឌិតទៅទៀត។

គណៈកម្មការវាយតម្លៃចំណេះដឹងរបស់ព្រះអង្គ មានលោកសាស្ត្រាចារ្យកេង វ៉ាន់សាក់ លោកវណ្ណ មូលីវណ្ណ ជាដើម បានទទួលស្គាល់ថា ព្រះមហាថេរអង្គនេះ “ចេះគ្មានគូប្រដូច” ផ្ទុយទៅវិញ ព្រះមហាថេរ បានដាក់ព្រះកាយយ៉ាងទាប ថា ព្រះអង្គ ល្ងង់ទៅវិញ។

ក្រឡេកមើលឆាកនយោបាយសព្វថ្ងៃ យើងឃើញចែកនិន្នាការគ្នារាប់សិបគណបក្សឯណោះ ប៉ុន្តែបើចម្រាញ់ចម្រោះ មានតែ “ស្របនិងប្រឆាំង”។ បើស្រប គេគាំទ្រគណបក្សប្រជាជនកម្ពុជា (ជភភ) បើប្រឆាំង គេគាំទ្រគណបក្សសង្គ្រោះជាតិ (ជណភ្រ) ប៉ុន្តែបក្សនេះ រលាយបាត់ទៅហើយ លេចចេញជា “បក្សភ្លើងទៀន” ដែលរក្សាទុកនិន្នាការប្រឆាំង ដោយមាន លោកសម រង្ស៊ី នៅពីក្រោយ។

អ្វីដែលគួរចាប់អារម្មណ៍ គឺនៅត្រង់ពួកប្រឆាំងនៃអតីត ជណភ្រ បែកបាក់គ្នា ចែកពួកចែកក្រុម ខ្លះដើរតាមលោកសម រង្ស៊ី ខ្លះដើរតាមលោកកឹម សុខា។ ទោះយ៉ាងណា អ្នកបម្រើនយោបាយខ្លះ បានទម្លាក់កំហុសទៅលើប្រជាពលរដ្ឋ ថា “ល្ងង់ខ្លៅ, ល្ងង់ទូ, ល្ងង់ងោះ, ល្ងង់ផ្កាប់មុខ, ល្ងង់ដប់គត់៘ ព្រោះតែប្រជាពលរដ្ឋដែលគេចោទនោះ មិនដើរតាមនិន្នាការ បក្សខ្លួន។

“នគរធំ” ឃ្លាំមើលឃើញថា អ្នកបម្រើនយោបាយបក្សកាន់អំណាច (ជភភ) បានទម្លាក់កំហុសទៅលើពួកភ្លើងទៀន ថា “ល្ងង់ល្ងើពកថ្ងាស! អត់ចេះពិចារណា ទៅជឿភ្លើងទៀន!” ខ្លះទៀតថា “វាចង់បានស្អីទៀត បើស្រុកទេសមានសន្តិភាព មានសិទ្ធិសេរីភាពប៉ុណ្ណឹងទៅហើយ នេះបានហៅថា ពួកអាល្ងង់ទូមែន!”។

រីឯពួកប្រឆាំង ក្រុមលោកសម រង្ស៊ី បានទម្លាក់កំហុសទៅលើប្រជាពលរដ្ឋដែលគាំទ្រ ជភភ ថា “ទោះជាយួនយកដីអស់ ក៏ពួកវាមិនឈឺក្បាល ឱ្យតែបានបុណ្យបានស័ក្តិ នេះចំជាពួកអាល្ងង់ងោះមែន!”។ ក្រុមភ្លើងទៀន បានទាំងពន្លះក្រុម លោកកឹម សុខា ថា “វាបម្រើ ជភភ យកលុយ ជភភ ល្ងង់ងើបមិនរួច!”។

ចំណែកពួកប្រឆាំង ក្រុមលោកកឹម សុខា ក៏បានពន្លះពួកភ្លើងទៀនថា “ល្ងង់ងើបអត់រួចទេ បើនៅតែជឿសម រង្ស៊ី ងប់ងុលយ៉ាងនេះ!” ពីមុនក្រុមលោកកឹម សុខា ឧស្សាហ៍វាយ ជភភ ដែរ តែសព្វថ្ងៃ មិនសូវវ៉ៃទៀតទេ ជួនកាលឃើញ សរសើរ ជភភ វិញ ដោយស្រុះដៃគ្នា ពន្លះរៀមច្បងសម រង្ស៊ី និងអ្នកគាំទ្រថា “ល្ងង់ខ្លៅ ឬល្ងើពកថ្ងាស”។

ជាងនេះទៀត បក្សតូចៗរាប់សិបនោះ ក៏ព្រួតគ្នាវាយប្រហារអ្នកដើរតាមលោកសម រង្ស៊ី ថា “ល្ងង់ហួសហេតុ អត់ដឹងថា សម រង្ស៊ី បោក!” ខ្លះថា “ចេះតែជឿអាមនុស្សក្បត់រត់ចោលស្រុកហ្នឹងទៅ ពួកអាល្ងង់មិនគ្រប់ទឹក”។

និយាយរួម គេជេរដៀមដាមគ្នា យកពាក្យ “ល្ងង់ខ្លៅ” មកប្រើ ធ្វើឱ្យភាគីដែលគេថាល្ងង់នោះទ្រាំមិនបាន ក៏ឆ្លើយឆ្លង ឡងទៅវិញ ឡើងរង្វើហ្វេសប៊ុក យូធូប។

ឱ! ខ្មែរអើយ! “ខ្លួនឯងល្ងង់សោះ ថាគេល្ងង់? មិនចាំព្រះបណ្តាំសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលព្រះអង្គខ្លាចល្ងង់ និងបំភ្លេចពាក្យស្លោក “អ្នកណាដឹងខ្លួនថាល្ងង់ អ្នកនោះចេះ អ្នកណាដឹងខ្លួនថាចេះ អ្នកនោះល្ងង់”។ គេទម្លាក់កំហុស ប្រជារាស្ត្រថាល្ងង់ ព្រោះមិនដើរតាមបក្សរបស់ខ្លួន អត់គិតថា “ប្រជាជនម្នាក់ ជាអ្នកនយោបាយម្នាក់” នោះឡើយ។ សព្វថ្ងៃ ប្រជាពលរដ្ឋសុទ្ធតែកាន់ទូរស័ព្ទទំនើបគ្រប់ដៃ សូម្បីផ្ទះគាត់នៅជើងភ្នំ ឬតំបន់ឆ្ងាយដាច់ស្រយាល ចុងកាត់មាត់ញក ក៏អាច ប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក យូធូប បានដែរ។

បណ្តាញសង្គម បានបញ្ចោញព័ត៌មានជាតិ-អន្តរជាតិ បានដឹងគ្មានសល់ចន្លោះ ដែលជួនកាលអ្នកស្រែចម្ការខ្លះ ធ្លាប់រៀន ភាសាអង់គ្លេស ចេះស្ទាត់ តែគាត់រកការងាររាជការឬក្រុមហ៊ុនធ្វើមិនបាន ក៏វិលទៅភ្ជួរស្រែ កាប់ដីដាំបន្លែ។ គាត់អាចបើក វិទ្យុ ហ្វេសប៊ុក យូធូប ស្តាប់ព័ត៌មានជាភាសាអង់គ្លេស បានមិនសល់ចន្លោះ ដោយមិនគិតដល់ភាសាខ្មែរផងទេ។ កាលណា អ្នកស្តាប់ដឹងច្បាស់ គាត់អាចវិភាគ ឬបញ្ចោញទស្សនៈបានយ៉ាងល្អ សូម្បីសង្គ្រាមរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន ក៏អ្នកស្រុក ស្រែចម្ការ ចេះវិភាគបានល្អណាស់ ដែលស្ទើរ១០០% ថ្កោលទោសរុស្ស៊ី និងគាំទ្រអ៊ុយក្រែន។

អ៊ីចឹងបើប្រជារាស្ត្រគាំទ្រគណបក្សណា “ថាគាត់ល្ងង់ មិនសមទេ!” ប៉ុន្តែអ្នកថាគេល្ងង់ហ្នឹងហើយ “ជាអ្នកល្ងង់”។ ដូច ករណីសិស្សរៀនពូកែ ប្រមាថសិស្សរៀនខ្សោយ ថាគេល្ងង់មិនដល់ខ្លួន លុះដល់ពេលប្រលងបាក់ឌុប ស្រាប់តែសិស្សរៀនពូកែ ភ្លាត់ស្នៀតធ្វើខុសវិញ្ញាសា ខណៈដែលសិស្សខ្សោយ ធ្វើត្រូវ បាននិទ្ទេសល្អ។

មនុស្សមិនត្រូវមើលងាយមនុស្សទេ បើនិយាយពីរឿងនយោបាយ អ្នកណាជឿបក្សណាក៏ជឿទៅ ជាសិទ្ធិរបស់គេ។ ខ្មែរយើងតែប៉ុណ្ណឹង មិនថាតែរឿងនយោបាយនោះទេ ដែលចោទគេថាល្ងង់ សូម្បីតែរឿងសាសនា ក៏ថាគេល្ងង់ដែរ។ ឃើញ ពួកអចេលក៍ស្រាតននលគក អង្គុយសម្តែងធម៌ ឬរលាស់ទឹកមន្តឱ្យអ្នកមានជំនឿ ក៏មានខ្មែរខ្លះថា គេល្ងង់។ ឃើញគេ បញ្ជាន់រូបមេមត់ លៀងអារក្ស ឡើងអ្នកតា ក៏ថាគេល្ងង់ អត់ដឹងថា នេះជាសិទ្ធិជំនឿសាសនាទាល់តែសោះ។

សរុបទៅ “អ្នកណាថាគេល្ងង់ អ្នកនោះល្ងង់” មានន័យយ៉ាងនេះឯង។ រដូវឃោសនាបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ជិតមកដល់ហើយ ចាំតែមើលទៅ ច្បាស់ជាមានអ្នកចោទទម្លាក់កំហុសដាក់គ្នាថា ល្ងង់ទៀតហើយ។ គេទម្លាក់កំហុសដាក់គ្នាតាំងពីឥឡូវ ចុះទម្រាំដល់ពេលឃោសនា តើវាយ៉ាងណាទៅ?…’

RELATED ARTICLES