Monday, December 23, 2024
Homeបរិយាយអាវង ស៊ីម្ទេស

អាវង ស៊ីម្ទេស

ដោយ អាចារ្យថាំ

មនុស្សដែលធ្លាប់គាំទ្របក្សកាន់អំណាច (ជភភ) នៅតែគាំទ្រ មនុស្សធ្លាប់ស្រលាញ់បក្សប្រឆាំង នៅតែស្រលាញ់។ បើទោះជាគាត់ដើរចេញពី ជភភ ឬបែកចិត្តពីលោកសម រង្ស៊ី-កឹម សុខា ក៏ “ដើម្បីបញ្ហាក្រពះ” អត់ប្លែកពីបុរាណកាល ខណៈដែលឧកម៉ឺនសុរិន្ទកែវ ស្មោះត្រង់នឹងស្តេចកន តែគាត់ទៅបម្រើព្រះបាទស្រីសុគន្ធបទ។ ខួរក្បាលមនុស្សប្រឆាំង នៅតែ លាក់គំនិតប្រឆាំង សារិកាកែវវង ទោះនៅក្នុងទ្រុងមាស ម្ចាស់ដាក់លាជទឹកឃ្មុំឱ្យស៊ីរាល់ថ្ងៃ ក៏វាមិនដែលភ្លេចម្ទេសទុំ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “អាវង ស៊ីម្ទេស” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ខណៈដែលលោកសម រង្ស៊ី មេប្រឆាំងធំជាងគេ កំពុងធ្វើយុទ្ធនាការនយោបាយនៅក្រៅប្រទេស យកគណបក្ស សង្គ្រោះជាតិ មកប្រើដដែលនោះ គាត់មិនដែលភ្លេចពាក្យថា “សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ” សូម្បីគាត់ផ្តល់បទ-សម្ភាសន៍ជាមួយវិទ្យុ ឬអ្នកកាសែត ក៏បានលើកសរសើរវីរភាពលោកកឹម សុខា រហូត។ ជាងនេះទៀត មេប្រឆាំងដ៏ឆ្លាតនោះ “មិនដែលស្តីបន្ទោសកូនចៅសហការីលោកកឹម សុខា ដែលព្រួតគ្នាចោទគាត់ថា “បម្រើ ជភភ” ឬ “កំសាករត់ចោលកូនចៅ”។ នយោបាយលោកសម រង្ស៊ី ឆ្លាតនៅត្រង់ព្យាយាម “ទាញបញ្ចូល” មិនព្រមបែកពីប្អូនបន្ទាប់ (កឹម សុខា) មិនខុសពីនយោ-បាយសម្តេចហ៊ុន សែន មិនព្រមបែកពីសម្តេច ស ខេង ទោះបីជាពួកប្រឆាំង ព្យាយាមលាបពណ៌ថា ថ្នាក់ដឹកនាំ ជភភ ទាំងពីរនេះ ចង់ចែកផ្លូវគ្នាក្តី។

ជាការពិត ការបែកបាក់ ជាឆ្នួននាំទៅរកបរាជ័យ ទើបអ្នកនយោបាយកំពូលៗ ដោះស្រាយយ៉ាងណាមិនឱ្យមានពាក្យ ថា “បែកគ្នា” នៅក្នុងគណបក្ស ឬសម្ព័ន្ធភាព ទើបលោកសម រង្ស៊ី ចេញទៅដល់ប្រទេសណា ក៏មិនចោលពាក្យ “សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ”។

ផ្ទុយទៅវិញ សហការីលោកកឹម សុខា ប្រហែល១០នាក់ ដឹងតែ “ទាញបំបែក” មិនព្រមឱ្យលោកកឹម សុខា ទន់ភ្លន់ ជាមួយរៀមច្បង សម រង្ស៊ី។ រីឯសហការីលោកសម រង្ស៊ី មួយចំនួន ក៏ព្យាយាមលាបពណ៌ វាយប្រហារលោកកឹម សុខា ថា “បម្រើ ជភភ” លៃយ៉ាងណាឱ្យមេប្រឆាំងទាំងពីរនេះ បែកបាក់គ្នា ដូច “លើកជយភណ្ឌជូន ជភភ” យ៉ាងស្រួលបំផុត។

លុះឃើញឥរិយាបថសហការីមេប្រឆាំងទាំងពីរនោះ បញ្ចោញមកបែបនេះ យើងកើតមន្ទិលសង្ស័យថា ធម្មតា សារិកា កែវវង ចូលចិត្តស៊ីម្ទេសទុំ ឬ “អាវងស៊ីម្ទេស” ទោះជាម្ចាស់វាដាក់នំប៉័ង ហ្វ្រូម៉ាស៍ បឺរ ឱ្យស៊ី ធាត់ធំ និងបង្ហាត់ឱ្យវាចេះនិយាយ ភាសាមនុស្សខ្លះៗ ក៏ “អាវង មិនភ្លេចម្ទេស” ព្រោះម្ទេសទុំ ជាអាហារអត្តសញ្ញាណរបស់សត្វសារិកា។

យើងធ្លាប់ឃើញថៅកែម្នាក់ ចិញ្ចឹមសារិកាកែវវង ដាក់នំប៉័ង ឬសណ្តែកដី ឱ្យស៊ីឆ្ងាញ់រាល់ថ្ងៃ ដោយបង្ហាត់ឱ្យចេះ និយាយខ្លះៗថា “លោកពូទៅណា?” គឺវាចេះតែប៉ុណ្ណឹង ក៏បានស៊ីចំណីឆ្ងាញ់រាល់ថ្ងៃ។ លុះម្ចាស់វាដាក់ម្ទេសទុំ ១ក្តាប់ ឱ្យស៊ី ស្រាប់តែ “អាវង ស៊ីម្ទេស” ភ្លេចនំប៉័ង និងសណ្តែកដី។

យ៉ាងណាមិញ មនុស្សធ្លាប់បម្រើនិងគាំទ្រអតីតបក្សសង្គ្រោះជាតិ (ជណភ្រ) ទោះជានៅស្ងៀមស្ងាត់ ឬចុះចូលបក្ស កាន់អំណាច ដើម្បីបញ្ហាក្រពះ ក៏ “អាវង មិនភ្លេចម្ទេស” ពោលគឺមិនភ្លេចគំនិតប្រឆាំង។ ដូចអ្វីដែលពួកគេធ្លាប់ប្រឆាំងពីមុន ពាក់ព័ន្ធអំពើពុករលួយ ជាដើម។ ដូចគ្នានេះដែរ មនុស្សធ្លាប់បម្រើ និងគាំទ្របក្សកាន់អំណាច (ជភភ) ទោះជាចេញទៅនៅ ក្រៅប្រទេស ឬសុំចូលជាមួយលោកសម រង្ស៊ី លោកកឹម សុខា ក៏ “លាក់មនោសញ្ចោតនាស្រលាញ់សម្តេច ហ៊ុន សែន” មិន ខុសពី “អាវង មិនភ្លេចម្ទេស”។

មិនពិបាកយល់នោះទេ មនុស្សដែលចេញពីបក្សមួយ ចូលបក្សមួយ ក៏ត្រូវម្ចាស់ថ្មី “កោសអណ្តាតដូចសារិកា” ឱ្យរៀន និយាយភាសាមនុស្ស។ មនុស្សធ្លាប់ស្រលាញ់ សម រង្ស៊ី បើកាលណាងាកទៅបម្រើ ជភភ ចាំបាច់ត្រូវតែជេរប្រទេចមេប្រឆាំង “អាពូជក្បត់ជាតិ, អាកំសាករត់ចោលស្រុក”៘

មិនពិបាកចំណាំនោះទេ មនុស្សធ្លាប់គោរពស្រលាញ់សម្តេចហ៊ុន សែន បើកាលណាគាត់ងាកទៅធ្វើការជាមួយលោក សម រង្ស៊ី ចាំបាច់ត្រូវតែបកអាក្រាតភាពអសកម្មរបស់រាជរដ្ឋាភិបាល ដូចគេចោទថា រំលោភសិទ្ធិមនុស្ស ពុករលួយ គ្រួសារ- និយម៘

មិនពិបាកគិតនោះទេ មនុស្សដែលធ្លាប់បម្រើខ្មោចបក្សសង្គ្រោះជាតិ (ជណភ្រ) លុះបញ្ហាក្រពះចោទឡើង ចាំបាច់ ត្រូវតែពួកខ្លះ “វ៉ៃ សម រង្ស៊ី” ឯអ្នកខ្លះទៀត “វ៉ៃកឹម សុខា” លៃយ៉ាងណាឱ្យបាន “នំប៉័ង ឬសណ្តែកដី” ស៊ី ដូចសារិកាកែវវង ប៉ុន្តែកុំភ្លេចថា គោលការណ៍ពួកប្រឆាំង គឺ “ផ្លាស់ប្តូរ” ប្រៀបបាននឹងម្ទេសទុំ សួរថា តើ “អាវង ភ្លេចម្ទេសបានទេ?” ជាចម្លើយ វាមិនដែលភ្លេចម្ទេសទេ។

បើនិយាយតាមផ្លូវធម៌ “អរិយបុគ្គល” ដែលកាលនៅជាគ្រហស្ថ ធ្លាប់ធ្វើចោរ ដូចអង្គុលីមាល៍ តែមានឧបនិស្ស័យចាស់ក្លា លុះចូលបួស សម្រេចអរហត្តផល ក៏ភ្លេចអតីតកាល ឬមិនវិលទៅអតីតកាលវិញទេ។

ផ្ទុយទៅវិញ “បុថុជ្ជន” ដែលមានរាងកាយរុំ ស្រោបដោយកងកិលេស លោភៈ ទោសៈ មោហៈ បើធ្លាប់មានអតីតកាល យ៉ាងណា មិនងាយភ្លេចអតីតកាលនោះទេ។ យ៉ាងណា មនុស្សធ្លាប់ស្រលាញ់ ជភភ ដើរតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទោះជាគាត់ទៅបម្រើសម រង្ស៊ី ឬកឹម សុខា ក៏មិនដែលភ្លេចប្រមុខរាជរដ្ឋាភិបាល ឬប្រមុខ ជភភ។

យើងឃើញបណ្ឌិតខ្លះ ពីមុនជាទីប្រឹក្សារដ្ឋាភិបាល ស្រាប់តែគាត់ទៅនៅក្រៅប្រទេស លើកសរសើរសម រង្ស៊ី ទៅវិញ។ មិនបានប៉ុន្មានឆ្នាំ ស្រាប់តែបណ្ឌិតនោះ ងាកមក “សរសើរសម្តេចហ៊ុន សែន” ដោយព្យាយាមវ៉ៃប្រហារសម រង្ស៊ី យ៉ាង ចាស់ដៃ។

អ្នកបម្រើនយោបាយខ្លះទៀត ធ្លាប់ជាប់គុកព្រៃស ព្រោះតែគាត់ធ្វើសកម្មភាពគាំទ្រ ជណភ្រ។ លុះមានសេរីភាពវិញ “ពិបាកដើរទាត់ខ្យល់” អត់ប្រភពចំណូលចិញ្ចឹមគ្រួសារ ស្រាប់តែគាត់ “វ៉ៃសម រង្ស៊ី សរសើរកឹម សុខា” ជាពិសេស គាត់ “ឈប់វ៉ៃ ជភភ ” ដូចមុន។

ការលើកឡើងដោយត្រួសៗពីឥរិយាបថប្រែប្រួលរបស់អ្នកបម្រើនយោបាយទាំងនោះ បើដាក់ឱ្យចំ គឺមកពី “បញ្ហា ក្រពះ” ឬ “អាវង ស៊ីម្ទេស” បើវាដាច់ជាតិម្ទេសយូរ នឹងខ្សោះខ្លួនមិនខាន។ សារជាតិ អាវង មិនភ្លេចម្ទេស ក៏ដូចឆ្កែ មិន ភ្លេចលាមក ទោះជាឆ្កែប៊ែរហ្សេ ស៊ីសាច់គោរាល់ថ្ងៃ ក៏វាមិនដែលតមអាចម៍នោះទេ។ ទន្សាយ ម្ចាស់ឱ្យផឹកទឹកដោះគោ ក្នុងទ្រុងដ៏ប្រណីត តែបើយកវាទៅក្រៅផ្ទះ ច្បាស់ជាទន្សាយលិឍចុងស្មៅ ក្រេបយកទឹកសន្សើម (ផឹកទឹកសន្សើម) និងស៊ី ត្រកួន ជាអត្តសញ្ញាណរបស់វា។

បក្សកាន់អំណាច (ជភភ ) ក៏ឆ្លាតមិនធម្មតាដែរ ទោះបីជាយល់ព្រមបើកផ្លូវទទួលយកសកម្មជនប្រឆាំងឱ្យចូល ជភភ ក៏មានការប្រុងប្រយ័ត្ន មិនឱ្យនៅធ្វើការក្បែរទេ។ បើអ្នកចុះចូលនោះនៅប្រទេសណា ឱ្យនៅប្រទេសនោះទៀតចុះ តែត្រូវ “ជេរមេប្រឆាំង ឱ្យព្រមៗគ្នា”។ ពុំមែនយល់ព្រមឱ្យចូល ស្រាប់តែយកមកធ្វើការក្នុងប៊ុយរ៉ូជាមួយគ្នានោះទេ ព្រោះ ជភភ ឆ្លាត ដឹងថា “អាវង មិនភ្លេចម្ទេស” ប៉ុន្តែ យកវាមកកោសអណ្តាត ឱ្យរៀននិយាយ។

សរុបទៅ “អាវង ស៊ីម្ទេស” មានន័យយ៉ាងនេះឯង។ កន្លងមក “នគរធំ” កត់ចំណាំបាន ទើបយកមកបរិយាយ មិនចេះតែ ថាស្មានៗនោះទេ។ ដូចបណ្ឌិតខ្លះធ្លាប់បម្រើ ជភភ លុះគាត់ទៅចុះចូល ជណភ្រ បានកៀកកិតលោកសម រង្ស៊ី ឥឡូវគាត់ ពន្លះ សម រង្ស៊ី ធ្ងន់ៗណាស់ ដែលបង្ហាញពីនិស្ស័យបុថុជ្ជន។ ជារឿងល្អបំផុតដែល ជភភ បើកផ្លូវឱ្យពួកប្រឆាំងចុះចូល តែ មិនឱ្យនៅធ្វើការក្បែរ ដែលជាបរិបទសម្រាប់ពួកសារិកាទាំងឡាយ ពិចារណាតាមការគួរ…’

RELATED ARTICLES