Monday, December 23, 2024
Homeបរិយាយអាប៉ោងចាក់ខ្សែ

អាប៉ោងចាក់ខ្សែ

ដោយ អាចារ្យថាំ

ល្បែងអាប៉ោង បើចាក់កៅឪ “មួយសងបួន” តែបើចាក់ខ្សែ “មួយសងពីរ” វាគ្រាន់បើជាងចាញ់ មេស៊ីបោសគូទ។ ករណី លោកសម រង្ស៊ី ដើរក្រឡាអុកនៅក្រៅប្រទេស ក្នុងនាមប្រធានស្តីទីគណបក្សសង្គ្រោះជាតិ (ជណភ្រ) តែគាត់ប្រកាសគាំទ្រ បក្សភ្លើងទៀន ក្នុងប្រទេស ត្រៀមបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់នោះ មិនខុសពី “អាប៉ោងចាក់ខ្សែ”។ គាត់ចាក់ ១ដៃផ្តាច់ព្រ័ត្រនេះ ទម្លាក់លុយអស់រលីងពីហោប៉ៅហើយ បើសិនជាចាក់ខុស ដេកស្អាត តែបើចាក់ត្រូវ គាត់នឹងបន្តអាយុ នយោបាយទៅមុខទៀតរហូតចាស់កោងខ្នង ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “អាប៉ោងចាក់ខ្សែ” មកធ្វើប្រធានបទបរិយាយ ថ្ងៃនេះ…។

“អាប៉ោង” ជាល្បែងស៊ីសងរបស់ខ្មែរ តាំងពីបុរាណកាលមក មិនអាចលុបបំបាត់បានឡើយ ទោះបីជាច្បាប់មិនអនុញ្ញាត ឱ្យលេង ក៏នៅតែមានអ្នកលេងលួចលាក់ តាំងពីក្រុងដល់ស្រែ។ អ្នកលេងជោក មិនចូលចិត្តចាក់ខ្សែ ឬចាក់គាបនោះទេ គឺ គេបុកចំកៅឪតែម្តង តែសម្រាប់អ្នកលេងរាយរង មិនសូវជោកជាំដូចគេ ចូលចិត្តចាក់ខ្សែ ឬចាក់គាប បើត្រូវ១ សង២។

យ៉ាងណាមិញ មេប្រឆាំងសម រង្ស៊ី “លេងអាប៉ោងនយោបាយ” តាំងពីអាណត្តិទី១ រហូតដល់ពេលនេះ ឃើញចាញ់ រហូត ប៉ុន្តែទោះជាគាត់អស់លុយពីស្បោង ក៏អាចរត់ទៅសុំលុយអាមេរិក-អឺរ៉ុប មកលេងបន្ត មិនព្រមបោះបង់ល្បែងនេះ ជាដាច់ខាត។ កាលពីអាណត្តិទី៥ លោកសម រង្ស៊ី ជាមួយដៃគូកឹម សុខា លេងដូចគ្នា “ចាក់កៅឪ” ចំរន្ធ “សង្គ្រោះជាតិ” ឃើញបានចំណេញក្រែល ខណៈដែល “មេអាប៉ោង គ.ជ.ប” ស៊ីសងទាំងមុខស្អុយប៉ែ ប្រគល់លុយឈ្នះឱ្យអ្នកចាក់ទាំងពីរនោះ បាន “៥៥ណែន” ជាប្រភេទប្រាក់បុរាណដ៏មានតម្លៃ និងសង “៥០០៧ស្លឹង” ជាប្រភេទប្រាក់មិនសូវថ្លៃ។ អ្នកលេងសម រង្ស៊ី និងអ្នកលេងកឹម សុខា បានទុនពីការចាក់អាប៉ោងចំកៅឪនេះ ក៏មានយីអ៊ុនឡើងក្រឺតៗ មានអ្នកហែហមគាំទ្រមិនតិចជាង ៣លាននាក់នោះឡើយ។

ចូលមកដល់ថ្ងៃ ១៦ វិច្ឆិកា ឆ្នាំ២០១៧ អ្នកចាក់អាប៉ោងទាំងពីរនេះ រាសីដាក់ ក៏ចាញ់បោសគូទ ឈានដល់ការបែកបាក់ គ្នារញ៉េរញ៉ៃ ប៉ុន្តែអ្នកលេងរៀមច្បងនោះ ទោះជាអស់លុយរលីងពីខ្លួន ក៏រត់ទៅសុំអាមេរិក អឺរ៉ុប និង “បានលុយស្រោម-សំបុត្រ” ខ្លះយកមកបន្តចាក់អាប៉ោង ដោយមិនលេងចាក់កៅឪទៀតទេ តែគាត់ “ចាក់ខ្សែ” ខណៈដែលអ្នកលេងកឹម សុខា ត្រូវប៉ូលិសចាប់ដាក់គុក ពីបទលេងល្បែងស៊ីសងបំពានច្បាប់។

ទោះជាគ្មានដៃគូ “ជួយស្តាប់ស្នូរអាប៉ោងក្នុងចាន” ក៏អ្នកលេងសម រង្ស៊ី ដកលុយពីហោប៉ៅ “ចាក់បង្ហើយ” ដោយចាក់ “ខ្សែ៤-៥” បើសិនជាចាក់ត្រូវ គាត់នឹងមានលុយស៊ីចាយសប្បាយហ៊ឺហាដូចមុន។

អាប៉ោងចាក់គាបរន្ធ៤ និងរន្ធ៥នេះ សំដៅដល់ “សង្គ្រោះជាតិ និងភ្លើងទៀន” នេះឯង ទោះជាចេញរន្ធណា ក៏ត្រូវដែរ ហើយបើបើកគ្របកាលណា “មេអាប៉ោង គ.ជ.ប” មិនអាច “លេងខោល” បានឡើយ ចាំបាច់ត្រូវតែស៊ីសងតាមចំនួនទឹកប្រាក់។

“រន្ធសង្គ្រោះជាតិ ជណភ្រ” នៅក្រៅប្រទេស ខណ្ឌខ្សែចែកត្រឹមព្រំប្រទល់ដែនថៃ ចំណែក “រន្ធភ្លើងទៀន” នៅក្នុង ប្រទេស។ លោកសម រង្ស៊ី រត់ចោលគ្នាទៅក្រៅប្រទេស ព្រោះការចាញ់អាប៉ោង តែគាត់ធ្លាប់លេង ក៏នៅមិនសុខ តែង ចេញពីបារាំង ទៅអាមេរិក ឬទៅបែលហ្ស៊ិក កាណាដា អូស្ត្រាលី នូវែលហ្សេឡង់ មានន័យស្មើនឹង “អាប៉ោងចាក់ខ្សែ” ដោយហេតុថា “រន្ធ ភ្លើងទៀន” នៅក្នុងប្រទេស។

ឧបមាថា ពេលអាប៉ោងបើកគ្រប “ភ្លើងទៀន ឈ្នះតិចតួច” ក៏អាចផ្តល់ផលឈ្នះទៅអ្នកចាក់នោះ មិនអត់ប្រយោជន៍ ទេ ទោះជាចាញ់ ជភភ ក៏មេអាប៉ោង គ.ជ.ប ទូទាត់ឱ្យអ្នកចាក់ខ្សែនោះ បានសើមមាត់មិនខាន។

“នគរធំ” ធ្លាប់លើកឡើងជាហូរហែថា កាលសង្គ្រោះជាតិ ឈ្នះបាន ៥៥អាសនៈរដ្ឋសភា និង៥០០៧កៅអីក្រុមប្រឹក្សា ឃុំ-សង្កាត់ ដោយសារលោកសម រង្ស៊ី-កឹម សុខា “ចូលហ៊ុនគ្នាចាក់កៅឪ” ប៉ុន្តែពេលនេះ នៅតែអ្នកចាក់សម រង្ស៊ី ម្នាក់ឯង លុយតិច ក៏ចាក់ខ្សែ។ ឧបមាគាត់ឈ្នះបាន ២៥០៣កៅអីមេឃុំ-ចៅសង្កាត់ អាចនឹងបានដើមទុនចាក់អាប៉ោង នៅឆ្នាំ២០២៣ យក ២៣អាសនៈរដ្ឋសភា ក៏ថាបាន។

ករណីលោកបណ្ឌិត សូ ណារ៉ូ លើកឡើងថា ឆ្នាំ២០២៣ សម រង្ស៊ី និង “បាត់ទាំងសង្គ្រោះជាតិ បាត់ទាំងភ្លើងទៀន” នោះ មិនទាន់ប្រាកដទេ ព្រោះលោកបណ្ឌិត មិនមែនជាគ្រូទាយឆុតឯណា? តែបើគណនាជាល្បែងអាប៉ោង សមជាង។ ជភភ ក៏ចាក់អាប៉ោងដែរ តែគេចាក់កៅឪ ឈ្នះ១ដៃៗ មិនតិចទេ និង “ត្រូវការអ្នកលេងអម” មិនចង់លេងតែឯងនោះទេ អ៊ីចឹង បើបានអ្នកលេងសម រង្ស៊ី ជួយអម ធ្វើឱ្យល្បែងអាប៉ោងប្រជាធិបតេយ្យនេះ មិនខ្វះអ្នកគាំទ្រ។

ធម្មតាអ្នកលេងជោកដូចលោកសម រង្ស៊ី ទោះបីជាគាត់មានអាយុជាង៧០ឆ្នាំ ក៏នៅតែញៀនញ៉ាមនឹងល្បែងនយោបាយ នេះ ភ្លេចបាយភ្លេចទឹក និងលេងទាល់តែក្រោកដើរលែងរួចទើបឈប់ កុំសង្ស័យថា គាត់អាចបោះបង់ល្បែងនេះឱ្យសោះ។ សម្តេចហ៊ុន សែន ក៏មិនបោះបង់ល្បែងអាប៉ោងនយោបាយនេះដែរ គឺលេងទាល់តែ “មេអាប៉ោងឈប់ឱ្យចាក់ ទើបឈប់” ព្រោះអ្នកលេងដ៏ពូកែនេះ “ចាក់មិនចេះខុស”។

អ្នកលេងក្មេងៗស្រករក្រោយ មិនពូកែដូចចាស់ៗទេ ព្រោះអ្នកលេងចាស់ៗ “ចេះស្តាប់សូរអាប៉ោងដួលក្នុងចាន” ថា វា ចេញ “ក្រាស់ឬស្តើង?” ឬ “៣អ៊ុត ២ទទឹង” ក៏ចាក់មិនខុស។ បើចាស់ៗពូកែស្តាប់សូរអាប៉ោង ច្បាស់ជាមាន “កូនជឹង” ចាំតែចាក់តាម ឈ្នះបានលុយ រីកមុខដូចគ្រាប់ជីរ។

“នគរធំ” ហ៊ានទស្សន៍ទាយដោយមិនយកទ្រនឹបថា “មេអាប៉ោង គ.ជ.ប” ចៀសមិនផុតពីសងលុយទៅ “រន្ធភ្លើងទៀន” ខ្លះៗ មិនខានឡើយ ព្រោះអ្នកលេងសម រង្ស៊ី ចាក់ខ្សែត្រូវ។ ទោះជាសងតិចតួច ក៏ហៅថាសងដែរ លេងខោលយ៉ាងម៉េច កើត?

ចំណែកអ្នកលេងកឹម សុខា កំពុងជាប់សំណាញ់ច្បាប់នោះ អត់បានចាក់អាប៉ោងទៀតទេ ស្រាប់តែកូនចៅសហការីគាត់ នាំគ្នាបន្តុះបង្អាប់អ្នកលេងរៀមច្បងថា “នៅពីក្រោយភ្លើងទៀន” បានទាំងចាក់ចង្កេះ ជភភ ឱ្យរករឿង “ពន្លត់ភ្លើងទៀន” ទៀតផង។

ជភភ ជាអ្នកលេងជោកដូចគ្នា មិនល្ងង់អីទៅពន្លត់ភ្លើងទៀន នោះទេ គឺគេទុកឱ្យនៅកំដរវង់អាប៉ោងប្រជាធិបតេយ្យ កុំឱ្យស្ងាត់ពេក ព្រោះលេងតែឯង មិនសប្បាយទេ។ ក្រុមលោកកឹម សុខា ខ្លះទៀតថា “សម រង្ស៊ី បម្រើហ៊ុន សែន” ដូចជួយ ឃោសនាឱ្យសម រង្ស៊ី តែម្តង ពោលគឺបើសិនជាអ្នកគាំទ្រ ជភភ ជឿថា សម រង្ស៊ី បម្រើហ៊ុន សែន មែននោះ ពួកគាត់អាច ពិចារណាបោះឆ្នោតឱ្យភ្លើងទៀន បានកៅអីក្រែលបន្តិច ព្រោះ “គង់តែបម្រើដដែល” យល់?

មេអាប៉ោង គ.ជ.ប កំពុងរៀបចំវង់ថ្មីទៀតហើយ កុំខ្វល់ថា អ្នកលេងជោកសម រង្ស៊ី ព្រងើយកន្តើយឱ្យសោះ ច្បាស់ជា គាត់ចាក់ខ្សែ មិនខានឡើយ។ អាមេរិក-អឺរ៉ុប ក៏មិនល្ងើពកថ្ងាសនោះដែរ ព្រោះគេមានបណ្តាញចារកម្ម សេ អ៊ី អា (ជីៅ) គ្រប់ច្រកល្ហក បើអ្នកលេងសម រង្ស៊ី ហ៊ានក្បត់ប្រជាធិបតេយ្យ លួចបម្រើ ជភភ ដូចអ្វីដែលក្រុមសហការីលោកកឹម សុខា លាបពណ៌នោះ ច្បាស់ជា ជីៅ មិនទុកឱ្យអ្នកលេងសម រង្ស៊ី ដើរហើរដោយសេរីនោះទេ។

សរុបទៅ “អាប៉ោងចាក់ខ្សែ” ជាយុទ្ធសាស្ត្រនយោបាយរបស់មេប្រឆាំង សម រង្ស៊ី សុទ្ធសាធ ដោយគាត់ព្យាយាមទាមទារ ជណ្រភ មកវិញ និងនៅពីក្រោយភ្លើងទៀន។ បើតុលាការ ឬ គ.ជ.ប យល់ព្រមឱ្យ ជណភ្រ រស់វិញ ឬបើកឱកាសឱ្យភ្លើង-ទៀន ដណ្តើមបានកៅអីមេឃុំ-ចៅសង្កាត់ ខ្លះ នោះឈ្មោះថា អ្នកលេងសម រង្ស៊ី ចាក់ខ្សែត្រូវហើយ ចាំតែមើលទៅ!…’

RELATED ARTICLES