Monday, December 23, 2024
Homeបរិយាយមនុស្សច្រើន គំនិតក៏ច្រើន

មនុស្សច្រើន គំនិតក៏ច្រើន

ដោយ អាចារ្យថាំ

សុភាសិតបារាំង មួយថា “មនុស្សច្រើន គំនិតក៏ច្រើន” (ៅត៉ានត ដេ ងនេស ត៉ានាត ដ៌ាវិស) មានខ្លឹមសារបង្ហាញពី គោលការណ៍ប្រជាធិបតេយ្យសុទ្ធសាធ សម្រាប់អ្នកនយោបាយយកទៅអនុវត្ត ដោយវៀរចាក “អត្តនោម័ត” ប៉ុន្តែ ត្រូវ យកមតិយោបល់មនុស្សច្រើន។ ករណីបក្សកាន់អំណាច (ជភភ) មានក្រុមប្រឹក្សាឃុំ-សង្កាត់ ជាមនុស្សក្នុងបក្សតែមួយ ឬ ឯកបក្សនោះ ហុចលទ្ធផលមិនសូវល្អទេ ដូច្នេះ ការបោះឆ្នោតជ្រើសមេឃុំ-ចៅសង្កាត់ខាងមុខនេះ អាចនឹងផ្លាស់ប្តូរពីមនុស្ស តិច ទៅមនុស្សច្រើន ឬ “ពហុបក្ស” ដែល “នគរធំ” មើលឃើញទៅអនាគត ក៏លើកពី “មនុស្សច្រើន គំនិតក៏ច្រើន” មកធ្វើ ប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីមុន ក្រុមប្រឹក្សាឃុំ-សង្កាត់ លាយចម្រុះមនុស្សមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ (ជណភ្រ) ដោយមិនបាច់និយាយដល់បក្សលោកញឹក ប៊ុនឆៃ ដែលឈ្នះកៅអីមេឃុំមួយ នៅខេត្តបន្ទាយមានជ័យ ស្រុក ស្វាយចេក ជាស្រុកកំណើតគាត់នោះទេ។ ក្រុមប្រឹក្សាឃុំ-សង្កាត់ ជភភ និង ជណភ្រ ធ្វើការចូលគ្នាបានប៉ុន្មានខែដែរ តែដូច ទឹកនិងប្រេង ព្រោះតែមនុស្សធ្លាប់បានស៊ីចុកលុយក្រោមតុ លែងបានស៊ី ដោយសារអ្នកចូលថ្មី ចាំតែឃ្លាំមើល។ ទីបំផុត ជណភ្រ ត្រូវរំលាយចោល សរុបកៅអី ៥០០៧ ត្រូវតុលាការដកហូត យកទៅចែកឱ្យ ជភភ និងបក្សមួយចំនួនទៀត។ តាំងពី ពេលនោះមក ឧស្សាហ៍ឃើញសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីបន្ទោសមេឃុំ-ចៅសង្កាត់ ជំទប់ ស្មៀន ជភភ ខ្លះ ដែល “យកលុយពីពលរដ្ឋ” ដោយព្រមានស្មៀនឃុំខ្លះ ថានឹងដកចេញពីតំណែង។

ករណីថ្នាក់លើព្រមានថ្នាក់ក្រោមបែបនេះ ដោយហេតុថា “មនុស្សនិងប្រាក់ យក្សនិងសាច់…” បើពលរដ្ឋហុចឱ្យ រឿង អីគាត់មិនយក? ហើយបើគាត់យកលុយ ការងារគាត់ក៏លឿនទៅតាមទឹកលុយ ប៉ុន្តែបើអត់លុយគាត់ថា “ចាំស្អែកទៅ!” ឬស្អែកៗ ទម្រាំគាត់ស៊ីញ៉េបោះត្រារួច។ រឿងទទួលលុយមកពី “អ្នកស៊ី និងអ្នកសូក” ខុសស្មើគ្នា ព្រោះអ្នកសូក ចង់ប្រញាប់ ឯអ្នកស៊ីមានលេសអ៊ីចេះអ៊ីចុះ ឱ្យគេធ្លាក់លុយ ទើបស៊ីញ៉េបោះត្រាបានលឿន។

ចំណុចនេះ គឺមកពី “មនុស្សតិច ឬឯកបក្ស” អត់បក្សឯទៀតឃ្លាំមើល ជួយរំព្ញក ជួយថាគ្នា ទើបមន្ត្រី ជភភ ខ្លះ បំពាន បម្រាមថ្នាក់លើ ធ្វើឱ្យខូចដល់មនុស្សស្អាតស្អំ ព្រោះអារឿងពុករលួយ មិនទូទៅនោះទេ ព្រោះមេឃុំ ចៅសង្កាត់ ជភភ ភាគច្រើនស្អាតស្អំណាស់ គាត់ហូបតែប្រាក់ខែសុទ្ធសាធ មិនហ៊ានលើកដៃទទួលលុយពីអ្នកទៅធ្វើសំបុត្រស្នាមនោះទេ។

អ៊ីចឹង “មនុស្សច្រើន គំនិតក៏ច្រើន” មានន័យថា ជភភ ត្រូវតែរីករាយទទួលយក “គ្នាគេខ្លះមកធ្វើការជាមួយ” ដើម្បីឱ្យ គ្នាគេនោះ ជួយចូកជួយចែវ ឃ្លាំមើលការងារនៅមូលដ្ឋាន។

ពីមុន លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ (ជណភ្រ) បានប្រកាសថា បើសង្គ្រោះជាតិ ឈ្នះឆ្នោត បាន ដឹកនាំប្រទេស និង “ទម្លាក់ថវិកាជាតិ ២០ម៉ឺនដុល្លារ ក្នុង១ឆ្នាំ” ដល់ឃុំ-សង្កាត់ ទូទាំងប្រទេស សម្រាប់កសាងសមិទ្ធផល នានា និងផ្តល់ថវិកាជូនចាស់ជរាចាប់ពីអាយុ៦០ឆ្នាំឡើងទៅ ចំនួន ៤ម៉ឺនរៀល ក្នុង១ខែ។ ការសន្យានេះ មិនបានសម្រេចទេ ព្រោះ ជណភ្រ ត្រូវរំលាយចោល ប៉ុន្តែ ជភភ ក៏បានទម្លាក់ថវិកាដល់ឃុំ-សង្កាត់ ខ្លះដែរ ដើម្បីបានទុនកសាងមូលដ្ឋានដែល ថវិកានោះ តម្កល់នៅធនាគារ។

ដូច្នេះ ឧបមាថា ក្រោយពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាល ត្រូវទម្លាក់ថវិកា ២០ ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ជូនឃុំ-សង្កាត់នោះ លុះត្រាតែ “គំនិតច្រើន” ទើបស្ទុះរួច។ ពាក្យថា “គំនិតច្រើន” គឺនៅត្រង់មាន បក្សឯទៀតជាប់ឆ្នោត ជួយផ្តល់យោបល់តម្រែតម្រង់មេឃុំ-សង្កាត់ ជភភ ដែលជាមេគេនៅមូលដ្ឋាន។

“នគរធំ” មើលឃើញរួចទៅហើយថា ជភភ នឹងឈ្នះការបោះឆ្នោត ដណ្តើមបានកៅអីមេឃុំ ចៅសង្កាត់ រាប់ពាន់ ប៉ុន្តែ មិនបានស្ទើរ១០០% ដូចអាណត្តិទី៤ នោះទេ ព្រោះមាន “បក្សភ្លើងទៀន” ប្រកួតជាមួយ ឬថា “ភ្លើងទៀន នឹងដណ្តើមបាន កៅអីមេឃុំ-សង្កាត់ យ៉ាងតិចក៏ ៥០០កៅអីដែរ ដោយមិននិយាយពីកៅអីជំទប់”។

អ៊ីចឹងឃុំ-សង្កាត់ណាដែលមាន “មនុស្សច្រើន” ចូលរួមធ្វើការជាមួយគ្នា នឹងធ្វើឱ្យឃុំ-សង្កាត់នោះ រីកចម្រើនជាងមុន ជាពិសេសប្រជារាស្ត្រម្ចាស់ឆ្នោត មិនបារម្ភពី “ស្មៀនគាបទារលុយ” ធ្វើសំបុត្រស្នាមដូចមុន។ សព្វថ្ងៃ គេដឹងថា មេឃុំ ជំទប់ ស្មៀន មិនហ៊ានទារលុយត្រង់ៗទេ ព្រោះខ្លាចថ្នាក់លើដកចេញពីតំណែង តែគេមានល្បិចម៉្យាងគឺ “ធ្វើយូរដៃយូរជើង ឬថាចាំស្អែក” ឯពលរដ្ឋគាត់ប្រញាប់ ក៏គ្មានមធ្យោបាយអ្វីក្រៅពី “ញាត់លុយដល់ហោប៉ៅ” ទើបការងារនោះលឿនទាន់ចិត្ត។

ចំពោះថវិកាកសាងមូលដ្ឋាន ក៏មាន “មនុស្សច្រើន គំនិតក៏ច្រើន” រង់ចាំផ្តល់យោបល់ មិនអាចធ្វើអ្វីតាមឯកបក្សបាន ឡើយ។ មេឃុំ ជភភ មានទម្លាប់មួយ គឺបើចង់កសាងផ្លូវរទេះ ក្លាយជាផ្លូវលំ ក៏សួរយោបល់ទៅអភិបាលស្រុក ជភភ ប៉ុន្តែបើ មានពួកប្រឆាំងជាប់ឆ្នោត ធ្វើការជាមួយគ្នា ត្រូវតែសួរគ្នា មុននឹងបញ្ជូនរបាយការណ៍ទៅចៅហ្វាយស្រុក។ បើមានអ្នកជំទាស់ ក៏មិនអាចធ្វើបានដែរ ដោយហេតុថា ថវិកាឃុំ-សង្កាត់ ចាំបាច់ត្រូវតែយក “មតិភាគច្រើន” ទើបដកពីធនាគារបាន។

មេរៀនអតីតកាល ក៏មិនគួរយកមកប្រើទៀតដែរ ខណៈដែលមេឃុំ-ចៅសង្កាត់ នៃអតីតគណបក្សសង្គ្រោះជាតិ លើក គម្រោងកសាងអ្វីមួយ ប៉ុន្តែចៅហ្វាយស្រុក ជភភ មិនព្រម ដោយស្តាប់តាមយោបល់ ជំទប់ ជភភ ដែលស្អប់មេឃុំ ចៅសង្កាត់ នោះ។ ឧទាហរណ៍កាលអ្នកស្រីស៊ិន ចាន់ពៅរ៉ូហ្ស៊េត (កូនប្រសាលោកអេង ឆៃអ៊ាង) នៅធ្វើចៅសង្កាត់អូរចារ ក្រុងបាត់-ដំបង បានរៀបចំដាក់លូទឹក បង្ហូរចេញពីភូមិមួយ បានត្រឹមមន្ត្រី ជភភ មិនឯកភាព។ កាលនោះ ក៏មានតំណាងរាស្ត្រ ជភភ ម្នាក់ ទៅរំខានដែរ ដោយស្តីបន្ទោសនាងចៅសង្កាត់នោះថា “ធ្វើអ្វីមិនស្តាប់បង្គាប់ថ្នាក់លើ”។

ដូច្នេះ បើយកមេរៀនអតីតកាល មកអនុវត្តទៀតនោះ រកការរីកចម្រើនមិនឃើញទេ និយាយឱ្យចំ “ការកសាងឃុំ-សង្កាត់ គួរតែប្រគល់ដាច់មុខទៅឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ឯកភាពគ្នាទៅ” ឯចៅហ្វាយស្រុក កុំលូកដៃខ្លាំងពេក នាំឱ្យមាន ការរាំងស្ទះ។ ការលូកដៃរបស់ថ្នាក់ស្រុក ពារទៅលើ “អំណាចវិមជ្ឈការ” មិនល្អប៉ុន្មានទេ គេអាចចោទថា មកពីចង់បាន កម្រៃខ្លះពីថវិកាឃុំ-សង្កាត់ ដែលតម្កល់ទុកក្នុងធនាគារ។ បោះឆ្នោតថ្ងៃ០៥ មិថុនា ឆ្នាំ២០២២ ខាងមុខនេះ “នគរធំ” ហ៊ាន ថាទុកជាមុន ច្បាស់ជា បក្សភ្លើងទៀន និងបក្សជាង ១០ទៀត ដណ្តើមបានកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់ ពី ជភភ ខ្លះ មិន អត់ទេ។ បើគេដណ្តើមបាន ត្រូវតែប្រគល់ឱ្យតាមលទ្ធិប្រជាធិបតេយ្យ និងទទួលស្គាល់ “អំណាចវិមជ្ឈការ” ឈប់រករឿង រំលាយចោលដូចមុនទៀត។ បើបានមនុស្សច្រើននៅធ្វើការនៅសាលាឃុំ-សង្កាត់ ជារឿងល្អបំផុត។

សរុបទៅ “មនុស្សច្រើន គំនិតក៏ច្រើន” ចង់ផ្តោតទៅលើការបោះឆ្នោត “ឯកភាពជាតិ” ទទួលយកមនុស្សពីគ្រប់គណបក្ស ឱ្យទៅធ្វើការរួមគ្នា។ ឧបមាថា ជភភ ជាប់ឆ្នោតជាមេឃុំដដែល ក៏គាត់ត្រូវតែសួរយោបល់ជំទប់ភ្លើងទៀនដែរ មុននឹង សម្រេចដកថវិកាពីធនាគារ មកកសាង។ បើមានការឯកភាពក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ចាំអភិបាលស្រុក “យល់ព្រម” ជាការស្រេច ដែលចាត់ទុកជាបរិបទសម្រាប់អ្នកនយោបាយ ពិចារណាតាមការគួរ ជាពិសេស ថ្នាក់លើ គួរកុំកាន់ជើង កូនចៅដូចមុន…’

RELATED ARTICLES