អាមេរិក៖តារាចម្រៀងនិងសម្ដែងលោកអែន ឌី បានថ្លែងសារតាមហ្វេសបុកប្រាប់ថាលោកពិតជាមានសំណាងណាស់ដែលបានទៅទទួលសម្ដេចតេជោហ៊ុន សែន ដោយផ្ទាល់នៅរដ្ឋវ៉ាស៊ីនតោនឌីស៊ី កាលពីពេលថ្មីៗនេះដែលក្នុងនាមជាសិល្បៈករម្នាក់លោកយល់ជាមោទនភាពដែលយើងមានមានមេដឹកនាំល្អបែបនេះ។លោកអែន ឌី ដែលហៅលោកនាយករដ្ឋមន្រ្ដីថា”សម្ដេចពុកៗ”នោះថ្លែងថា”វាជានិស្ស័យនិងសំណាងមួយរបស់ខ្ញុំដែលបានជួបសម្ដេចពុកដោយផ្ទាល់នៅលើដីអាមេរិកនោះ ហើយសម្ដេចមានប្រជាប្រិយភាពណាស់ព្រោះអ្នកគាំទ្រទៅច្រើនរហូតពេលលោកជួបសំណេះសំណាលជាមួយបងប្អូនសឹងតែគ្មានកន្លែងអង្គុយផង។ខ្ញុំមានមោទនភាពដែលយើងមានមេដឹកនាំដ៍ល្អចេះដឹងពីសុខទុក្ខខ្មែរគ្រប់ពេលទោះជានៅទីណាក៍ដោយគឺលោកមានភាពសាមញ្ញណាស់ជាមួយខ្មែរយើងទាំងអស់គ្នា”។

អតីតតារាចម្រៀងហង្សមាសលោកអែន ឌី បន្ថែមថាកាលនៅខ្មែរលោកក៍ធ្លាប់បានជួបផ្ទាល់ជាមួយសម្ដេច៤ទៅ៥ដងដែរ ដោយមានពេលខ្លះបានថតជាមួយលោកទៀតផង។តែអ្វីដែលលោកកាន់តែរំភើបពេលមកដល់អាមេរិកចំតំណើរទស្សនកិច្ចរបស់លោកទើបមានឱកាសបានទៅទទួលសម្ដេចដោយផ្ទាល់ជាមួយបងប្អូនខ្មែរជាច្រើនរដ្ឋមកជួបជុំគ្នាឡើងកុះកតែម្ដង។

សូមបញ្ជាក់ថាលោកអែន ឌី បានខកខានចេញទៅអាមេរិក៥ឆ្នាំមកហើយតែដំណើរកម្សាន្ដលើកនេះជាលើកទី៣សម្រាប់លោក ព្រោះកាលពីឆ្នាំ២០១៣ និង២០១៧ លោកក៍ធ្លាប់ចេញទៅច្រៀងសម្ដែងនៅទីនោះផងដែរ។លោកអែន ឌី ដែលតែងតែផ្ដោតលើការច្រៀងសម្ដែងនៅក្រៅ ច្រើនជាងក្នុងស្រុកនោះថាលោកនឹងមកដល់ខ្មែរវិញនៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២ ខាងមុខនេះដើម្បីបន្ដអាជីពសិល្បៈក៍ដូចជាថតបទចម្រៀងថ្មីៗថែមទៀត៕



