ភ្នំពេញ៖ព្រាប សុវត្ថិ កាលនៅហង្សមាសលោកផ្ដោតលើការច្រៀងរាំជាធំព្រមទាំងបាននាំកូនប្រុសទាំង៣ឲ្យដើរតាមគន្លងរបស់ខ្លួនទៀតផង ពោលគឺរាល់ពេលដែលលោកស្នាយ ទៅបង្ហាញខ្លួនលើឆាកតន្រ្ដីណាតែងតែមានកូនប្រុសរបស់លោកច្រៀងសម្ដែងរួមគ្នា ឬរាំអម លោកតែម្ដង។ប៉ុន្ដែតាំងពីព្រាប សុវត្ថិ ចូលGalaxy ជាង១ឆ្នាំនេះកូនកំលោះទាំងអស់របស់ហាក់រយាលៗពីការបុកទីផ្សារចម្រៀងដូចមុន ខណៈដែលកូនទី១សុវត្ថិ មុនីវណ្ណ និងកូនទី២សុវត្ថិ មុនីនាគ នៅតែបន្ដអាជីពចម្រៀងនៅហង្សមាស តែកូនទី៣សុវត្ថិ សិរីវុឌ្ឍ វិញតាំងពីចេញពីហង្សមាសកាលពីដើមឆ្នាំ២០២០ មករូបគេមិនទាន់ចូលច្រៀងនៅផលិតកម្មណានោះទេ។អ្វីដែលគូរឲ្យចាប់អារម្មណ៍ពេលនេះ ព្រាប សុវត្ថិ បែជាងាកមកបណ្ដុះបណ្ដាលកូនៗរបស់លោកឲ្យចេះធ្វើជំនួញច្រើនជាងផ្ដោតលើការងារសិល្បៈ ព្រោះថ្មីៗនេះលោកកាន់តែវាយលុកលើកការលក់ដីឡូតិ៍ និងសាប៊ូ ហើយមុខជំនួញទាំងនោះកូនរបស់លោកស្នាយ នៅជាមួយឪពុករបស់គេជាប្រចាំ។

គេកត់សម្គាល់ថាការដែលលោកព្រាប សុវត្ថិ នាំកូនកំលោះទាំង៣ចេញរកស៊ីមុខរបរកាន់តែច្រើននេះក្រោយពីលោកសុវតិ្ថ បានឡើងងារជាឧកញ៉ាកាលពីចុងខែមេសា ឆ្នាំ២០២២ ដែលធ្វើឲ្យពេលនេះរាល់ពេលលោកស្នាយ ទៅណាមកណាលោកតែងតែត្រូវបានគេហៅថា”លោកឧកញ៉ាៗ” ស្របពេលដែលអ្នកស្រីឡុង ស្រីមុំ ក៍ក្លាយទៅជាជំទាវផងដែរ។ប៉ុន្ដែខុសពីឧកញ៉ាខ្លះៗដែលមហាជនតែងតែឌឺដងថាមិនសមជាគោរមងារ តែសម្រាប់លោកស្នាយ វិញមានអ្នកគាំទ្រជាច្រើនបានសាទរលោកព្រោះកាលពីខែកញ្ញាឆ្នាំ២០២០ លោកសុវត្ថិ ធ្លាប់ត្រូវបានមនុស្សជំនិតបំផុតរបស់លោកទម្លាយថាអតីតតារាហង្សមាសរូបនេះមានលុយដល់ទៅ៣០លានដុល្លារឯណ្ណោះ ដែលតាមទំហ៊ុំប្រាក់ដែលលោកមាននេះលោកសុវត្ថិ គូរតែឡើងឧកញ៉ាតាំងពីមុននេះម្លេះ ព្រោះថាកំពូលតារាចម្រៀងរូបនេះត្រូវបានគេចាត់ទុកជាសេដ្ឋីម្នាក់តាំងពីយូមកហើយ។

ប៉ុន្ដែជុំវិញលោកសុវត្ថិ ងាកទៅរកស៊ីច្រើនជាងមុននេះធ្វើឲ្យអាជីពចម្រៀងរបស់លោកនិងកូនទាំង៣ហាក់ស្ថិតក្នុងសភាពស្រពិចស្រពិលកាន់តែខ្លាំងព្រោះគេជឿរថាចាប់ពីពេលនេះតទៅលោកស្នាយ អាចបន្ធូដៃការងារសិល្បៈហើយគិតសម្រុកតែលើការរកស៊ីជាធំប៉ុណ្ណោះ។តែយ៉ាងណាចំនួនកុងត្រារបស់ព្រាប សុវត្ថិ ជាមួយGalaxy គឺនៅរហូតដល់ឆ្នាំ២០២៥ ឯណ្ណោះ ៕


