ភ្នំពេញ៖តារាកំប្លែងវ៉ាន់ នីឡា ដែលជាកូនរបស់លោកសុវណ្ណរិទ្ធី ហៅលោកតាវ៉ិចទ័រ នោះបានផ្អាកពីអាជីពតាំងពីចុងខែមីនា ពោលគឺក្រោយរៀបការហើយភ្លាមៗម្លេះដើម្បីត្រៀមសម្រាលកូននៅចុងខែសីហាឆ្នាំ២០២២ ខាងមុខ។តែនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាក្រោយសម្រាលកូនរួចរឹងដៃរឹងជើងបន្ដិចនាងនឹងវិលរកអាជីពចាស់តាមរយៈការចូលលេងកំប្លែងនៅCTN វិញ ព្រោះស្វាមីរបស់នាងមិនប្រចណ្ឌឬហួងហែងនាងក្នុងការងារកំប្លែងរបស់នាងឡើយ ហើយសូម្បីតែពេលនាងលេងឈុតខ្លះមានភាពស្និតស្នាលខ្លាំងជាមួយអ្នកកំប្លែងប្រុសរួមក្រុមក៍ប្ដីអត់ក្វល់។ប៉ុន្ដែមុនពេលនីឡា សម្រាលកូននេះក្រុមកំប្លែងរបស់នាយពែកម៉ី ដែលដឹកនាំដោយលោកតាវ៉ិចទ័រ នោះបែជាមានភាពមិនច្បាស់លាស់ទៅវិញ ព្រោះតាមដែលលោកចាន់រ៉ា អះអាងនោះថាលោកនឹងទទួលបានលិខិតបញ្ឈប់ពីការងារនៅCTN អំឡុងដើមខែកក្កដាឆ្នាំ២០២២ ខាងមុខនេះហើយ ខណៈដែលនាយគ្រឿន,នាយក្រូច រួមទាំងលោកតាវ៉ិចទ័រ ក៍ត្រូវដើរចេញដូចលោកដែរ ។ប្រសិនបើអ្វីៗដូចការអះអាងរបស់លោកចាន់រ៉ា ហៅនាយពែកម៉ី មែននោះមានន័យថានីឡា ក៍នឹងចាកចេញពីCTN ដូចគ្នាដែរ។

លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ទូរស័ព្ទចូលគ្មានអ្នកលើកឡើយកាលពីពេលថ្មីៗ ទើបមិនទាន់អាចសុំការបំភ្លឺពីលោកជុំវិញការប្រកាសរបស់នាយពែកម៉ី ដែលត្រូវបានគេសន្និដ្ឋានថាទំនងមើលទៅក្រុមកំប្លែងល្បីឈ្មោះនេះអាចប្រឈមការរំសាយក្រុម។សម្រាប់នីឡា វិញនាងបានបោះបង់អាជីពចម្រៀងនៅសាន់ដេ និងពិធីការិនីនៅCNC ដើម្បីយកពេលមកពង្រឹងតែលើអាជីពកំប្លែងមួយប៉ុណ្ណោះ តែគូរឲ្យស្ដាយពេលនេះនាងប្រឈមបាត់បង់ឱកាសសម្ដែងជាស្រីស្អាតក្នុងក្រុមទៀតហើយក្នុងករណីដូចនាយពែកម៉ី ថាលោកតាវ៉ិចទ័រ ដែលជាឪពុករបស់នីឡា ក៍ចាកចេញនៅដើមខែ៧ខែនោះ។

គូរបញ្ជាក់ថាតារាកំប្លែងរូបស្រស់វ៉ាន់ នីឡា បានដឹកដៃលោកស៊ុត សក្ការៈ រៀបការថ្ងៃទី១៩ខែមីនាឆ្នាំ២០២២ ដែលធ្វើឲ្យពេលនេះតារាតូចច្រឡឹងរូបនេះក្លាយទៅជាកូនប្រសាររបស់អតីតតារាសម្ដែងលោកព្រីង សំរួច(ព្រីង ច័ន្ទបុត្រ)ហៅនាយចេក ព្រោះថាម្ដាយក្មេករបស់នីឡា អ្នកស្រីសរ មុន្នីរស្មី ជាភរិយាថ្មីរបស់លោកសំរួច ។នីឡា បានថ្លែងថាពេលនេះនាងមានផ្ទៃពោះជាង៦ខែហើយ តែអ្វីដែលកាន់តែគូរឲ្យចាប់អារម្មណ៍នោះអំឡុងនាងពោះធំនេះ បងថ្លៃ និងប្អូនថ្លៃនាងក៍ពោះធំដែរហើយត្រូវសម្រាលក្នុងខែតែមួយទៀតផង ទើបម្ដាយនាងលាន់មាត់ថាមិនដឹងរត់ទៅមើលចៅណាមុនទេបើអាចកើតតំណាលគ្នាបែបនេះ៕


