ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ បានយកកាំបិតប៉័ងតោ កាប់ប្រហារទៅលើបងថ្លៃប្រុសរបស់ខ្លួន ចំនួន៤កាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ដោយអះអាងថា បងថ្លៃបានលួងលោមសុំរួមភេទជាមួយខ្លួន តែខ្លួនមិនព្រម ក៏កាប់តែម្តង។
ករណីកាប់ប្រហារនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះឈ្មោះសឹម ញ៉ ភេទស្រី អាយុ៧៣ឆ្នាំ ស្ថិតនៅក្នុងភូមិអណ្តូងពក ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
ស្ត្រីបង្កហេតុដែលកាប់បងថ្លៃប្រុសរបស់ខ្លួនចំនួន ៣កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសាន ម៉ារីណា អាយុ ៣៥ឆ្នាំ ជាអតីតគ្រូបង្រៀនជាប់កិច្ចសន្យា មានលំនៅ ភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាបងថ្លៃ មានឈ្មោះព្រុំ ថុន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកើតហេតុខាងលើជាមួយគ្នា (រងរបួស ៤កាំបិត)។
លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ប្រាប់ថា ស្ត្រីសង្ស័យជាប្អូនថ្លៃនេះ ពីមុនជាគ្រូបង្រៀនជាប់កិច្ចសន្យា តែក្រោយមក ជំងឺបានយាយីមកលើរាងកាយ ទើបធ្វើឱ្យស្ត្រីរូបនេះ លាឈប់ពីគ្រូបង្រៀន ដោយសារតែមានសតិមិនប្រក្រតី ដែលគិតរហូតមកដល់ពេលនេះ គឺជិត ១០ឆ្នាំមកហើយ។
លោកអធិការ បន្តថា មុនពេលឈានដល់ការឃាត់ខ្លួនស្ត្រីខាងលើ នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ថាជនរងគ្រោះត្រូវបានស្ត្រីសង្ស័យ កាប់ប្រហារ ចំនួន៤កាំបិត ខណៈដែលជនរងគ្រោះកំពុងអង្គុយចុចទូរស័ព្ទ លេង នៅលើកៅអី ក្រោមផ្ទះ។
លោកអធិការ បានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ និងដោយបានការឯកភាពពីលោកឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួលពីលោកហាក់ សៀកលីម ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ស្រុកត្បូង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ បានចាត់ការជាបន្ទាន់ ដោយចុះដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យ ឈ្មោះសាន ម៉ារីណា ព្រមទាំងដកហូតវត្ថុតាង កាំបិតប៉័ងតោ ចំនួន១ រួចបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យ បានឆ្លើយសារភាពថា នាងពិតជាបានកាប់ប្រហារជនរងគ្រោះជាបងថ្លៃ ប្រាកដមែន ហើយមូលហេតុដែលនាងកាប់បងថ្លៃនេះ គឺដោយសារតែជនរងគ្រោះជាបងថ្លៃ បានបបួលនាងចង់រួមភេទ ដោយខឹងបងថ្លៃចង់ស៊ីទាំងបង ទាំងប្អូនបែបនេះ ទើបនាងសម្រេចកាប់បងប្រុសថ្លៃ ជាការព្រមានតែម្តង។
គួរបញ្ជាក់ថា ជនរងគ្រោះឈ្មោះព្រុំ ថុន មានស្នាមរបួសចំនួន ៤កាំបិត ក្នុងនោះ ១-ស្មា១កាំបិត ២-សៀតផ្កា ១កាំបិត ៣-លើក្បាល ១កាំបិត និង៤-កញ្ចឹងកផ្នែកខាងក្រោយ ១កាំបិត ក្រោយកើតហេតុ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ។
លោកអធិការនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា នៅពេលដែលបញ្ជូនស្ត្រីសង្ស័យមកដល់អធិការនគរបាលស្រុក មិនមានអន្តរាគមន៍ដើម្បីសុំឱ្យជនជាប់ចោទរួចពិរុទ្ធនោះទេ ហើយក៏មិនមានលិខិតបញ្ជាក់ពីមន្ទីរពេទ្យណាមួយដែលថា ស្ត្រីរូបនេះមានសតិមិនប្រក្រតីដែរ។
ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕