ភ្នំពេញ៖ពិធីការិនីហង្សមាសរស់ សុធាវី បានឲ្យដឹងថាស្វាមីនាងមិនដែលហួងហែងចំពោះការងារសិល្បៈរបស់នាងឡើយ ពោលកឺនាងនៅតែបន្ដអាជីពចាស់ទាំងនៅStudio និងខាងក្រៅយ៉ាងពេញទំហ៊ឹងព្រោះប្ដីមានទំនុកចិត្តនិងបើកដៃឲ្យនាងធ្វើចំពោះអ្វីដែលខ្លួនឯងស្រលាញ់។តារាកូន២រូបនេះសង្កត់ថា”សម្រាប់ខ្ញុំគិតថាមនុស្សប្រុសនៅលើមនុស្សស្រីទេ បើគេចង់ក្បត់យើងកុំថាឡើយក្រោយខ្នងនៅចំពោះមុខក៍អាចធ្វើបានដែរ។បើយើងមានទំនុកចិត្តលើគ្នាហើយនោះគេមិនហាមឃាត់ឬតាមដានអ្វីដែលយើងកំពុងតែធ្វើនោះទេ”។

រស់ សុធាវី ថាក្រៅពីធ្វើជាMC កម្មវិធីប្រគុំតន្ត្រីជារៀងរាល់ចុងសប្ដាហ៍រួមទាំងការអានព័តមានពេលព្រឹកនៅហង្សមាសនោះនាងក៍មានការរវល់ច្រើនជាមួយក្រុមហ៊ុនកម្សាន្ដរបស់លោកអាឡិច ចាន់ត្រា ផងដែរព្រោះជាប់ចុះទៅធ្វើជាពិធីការិនីជាហូហែរតាំងពីស្ងាត់កូវីដនេះ ហើយសូម្បីតែនៅខែនេះធ្លាក់ភ្លៀងក៍មានកម្មវិធីក្នុង១សប្ដាហ៍៣ទៅ៤ដងដែរ។នាងថាគ្មានការរាថយនោះទេចំពោះការងារដែលខ្លួនស្រលាញ់ចូលចិត្តព្រោះដូចជាការធ្វើជាអ្នកអានព័តមាននោះនាងត្រូវភ្ញាក់ពីគេងជារៀងរាល់ម៉ោង៥ព្រឹក ហេតុនេះហើយជាទូទៅបើគ្មានការងារទេជាទម្លាប់នាងចូលគេងតាំងពីម៉ោង៨ឬ៩យប់ម្លេះ។

ទាក់ទងរឿងគម្រោងយកកូនថែមវិញរស់ សុធាវី បានវាចាថានាងគ្មានផែនការពពោះកូនទី៣នោះទេព្រោះគិតថាកូន២គ្រប់គ្រាន់ហើយ។នាងថាស្វាមីនាងជាអ្នកជំនួញដែលចុះឡើងនៅបរទេសច្រើន ហេតុនេះហើយតាំងពីចាប់ដៃគ្នាមកនាងបានទៅដើរលេងនៅក្រៅស្រុកជាច្រើនប្រទេសហើយបច្ចុប្បន្នរូបនាងក៍មានសញ្ជាតិអាមេរិកដែរ ខណៈដែលកូននាងបានសញ្ជាតិបារាំង។សុធាវី ថ្លែងថានាងអាចចេញចូលទៅអាមេរិកពេលណាក៍បានតែពេលនេះអ្វីដែលនាងផ្ដោតគឺការរកសាលាឲ្យកូនរៀនបានល្អនៅក្នុងស្រុក ព្រោះចិត្តចង់នៅខ្មែរមិនទាន់មានគម្រោងទៅរស់នៅបរទេសឡើយ។

រស់ សុធាវី ត្រូវបានគេសរសើរថានាងនៅតែរក្សារបានសម្រស់ផូផងមិនបែកសាច់និងឡើងគីឡូឡើយក្រោយមានកូន២(ស្រី១)នាក់នេះ ហើយតាមព័តមានថានាងគ្រោងឡើងផ្ទះវីឡារដ៍ធំស្កឹមស្កៃនៅបុរីប៉េង ហួត(បឹងស្នោរ)នាពេលខាងមុខនេះទៀតផង។សុធាវី បន្ថែមថាការគេងឲ្យបានគ្រប់គ្រាន់រួមទាំងហាត់ប្រាណជាប្រចាំទើបធ្វើឲ្យនាងមានរូបរាងដូចសព្វថ្ងៃនេះ៕

