ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ពាក់ព័ន្ធទៅនឹងករណីរំលោភលើទំនុកចិត្ត លុះសមត្ថកិច្ចចាប់ឃាត់ខ្លួន ក៏ប្រទះឃើញកាំភ្លើង ១ដើម ដែលជននេះបានលាក់ទុកក្នុងផ្ទះ។
ការចាប់ខ្លួនបុរសខាងលើ ធ្វើឡើង កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអម្ពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវិញ ស៊ុនហួរ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអម្ពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យឈ្មោះវិញ ស៊ុនហួរ ខាងលើ ធ្វើឡើងតាមតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ៣៨០ ដ.ច.ន ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ចេញដោយលោកអ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨។
សមត្ថកិច្ច បានបន្តថា ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង អាវុធកែច្នៃ (បាញ់គ្រាប់កង់) ១ដើម ផងដែរ។
ជនសង្ស័យខាងលើ ត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕