យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃសុក្រទី២៤មិថុនា២០២២បានអោយដឹងថាព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់គ្រប់គ្រងអាវុធដែលជាច្បាប់ដ៏សំខាន់បំផុតក្នុងរយៈពេលជិត៣០ឆ្នាំ។
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋចំនួន១៥នាក់បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យនៅក្នុងសភាជាន់ខ្ពស់ដើម្បីអនុម័តវិធានការនេះដោយសំឡេង ៦៥ទល់នឹង៣៣។ ការអនុម័តច្បាប់នេះកើតឡើងបន្ទាប់ពីការបាញ់ប្រហារដ៏ធំកាលពីខែមុននៅឯផ្សារទំនើបមួយនៅ Buffalo ទីក្រុងញូវយ៉ក និងសាលាបឋមសិក្សានៅ Uvalde រដ្ឋតិចសាស់ ដែលបានបណ្តាលឱ្យមនុស្ស ៣១នាក់បានស្លាប់។
ច្បាប់នេះនឹងត្រូវអនុម័តនៅក្នុងសភាតំណាងមុនពេលបញ្ជូនដល់ដៃប្រធានាធិបតីលោកចូ បៃឌិនចុះហត្ថលេខាក្លាយជាច្បាប់ដើម្បីដាក់អោយប្រើប្រាស់។កំណែទម្រង់សំខាន់ៗរបស់ច្បាប់នេះរួមមាន ៖ ការត្រួតពិនិត្យសាវតាអ្នកទិញដ៏តឹងរ៉ឹងសម្រាប់មនុស្សដែលមានអាយុក្រោម២១ឆ្នាំ និងបញ្ចេញថវិកា១៥ពាន់លានដុល្លារក្នុងការផ្តល់មូលនិធិសហព័ន្ធសម្រាប់កម្មវិធីសុខភាពផ្លូវចិត្តនិងការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសាលារៀន។ច្បាប់នេះក៏អំពាវនាវឱ្យមានការផ្តល់មូលនិធិដើម្បីលើកទឹកចិត្តរដ្ឋឱ្យអនុវត្តច្បាប់ ទង់ក្រហម(Red Flag) ដើម្បីដកអាវុធចេញពីមនុស្សដែលត្រូវបានគេចាត់ទុកថាជាការគំរាមកំហែង។វាក៏បានរារាំងការលក់កាំភ្លើងដល់អ្នកដែលត្រូវបានផ្តន្ទាទោសពីបទរំលោភលើដៃគូស្និទ្ធស្នាលដែលមិនទាន់រៀបការ៕