យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួចេញផ្សាយកាលពីថ្ងៃសៅរ៍ទី២៥ ខែមិថុនាបានអោយដឹងថាប្រធានាធិបតីចិនលោក ស៊ីជីនពីងនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងហុងកុង សម្រាប់ខួបលើកទី២៥ នៃការ ប្រគល់ទីក្រុងនេះទៅឱ្យប្រទេសចិនដីគោកជាអ្នកគ្រប់គ្រង។
យោងតាមប្រវត្តិសាស្ត្រនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Margaret Thatcher និងនាយករដ្ឋមន្ត្រីចិន Zhao Ziyangបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ
ដែលសន្យាថានឹងប្រគល់ទីក្រុងហុងកុង ទៅប្រទេសចិនវិញក្នុងឆ្នាំ១៩៩៧ ជាថ្នូរនឹងលក្ខខណ្ឌធានាការបន្តរយៈពេល ៥០ឆ្នាំនៃប្រព័ន្ធមូលធននិយមរបស់ខ្លួន។
នេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់ប្រធានាធិបតីនៅក្រៅប្រទេសចាប់តាំងពីខែមករាឆ្នាំ ២០២០បន្ទាប់ពីជំងឺកូវីដ-១៩។
លោកនឹងចូលរួមកិច្ចប្រជុំមួយដើម្បីអបអរសាទរខួបលើកទី២៥នៃការវិលត្រឡប់របស់ហុងកុងមកកាន់មាតុភូមិវិញ។
លោកស៊ីដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ក៏នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរដ្ឋាភិបាលអាណត្តិទីប្រាំមួយនៃតំបន់រដ្ឋបាលពិសេសហុងកុងផងដែរ។
ដំណើរទស្សកិច្ចចុងក្រោយរបស់លោកទៅកាន់ទឹកដីអតីតអាណានិគមអង់គ្លេសគឺក្នុងឆ្នាំ២០១៧ដើម្បីស្បថជាមួយមេដឹកនាំទីក្រុងហុងកុងលោកស្រី Carrie Lam ៕
លោកJohn Lee នឹងក្លាយជាអ្នកដឹកនាំថ្មីរបស់ទីក្រុងនៅថ្ងៃទី ខែកក្កដា ដោយជំនួសស្នងតំណែងលោក លោកស្រី Carrie Lam ។